អន្តរជាតិ
កំណើនប្រជាជន​សកម្ម​នឹងធ្វើ​ឲ្យ​ឥណ្ឌា​ប្រឈម​វិបត្តិ​គ្មាន​ការងារ​ធ្ងន់ធ្ងរ​
31, Aug 2016 , 8:19 am        
រូបភាព
front ឥណ្ឌា រូបភាព៖ Indian Tribune
front ឥណ្ឌា រូបភាព៖ Indian Tribune
ដោយ: ថ្មីៗ
 
​ក្នុង​រយៈពេល ៤​ឆ្នាំ​ខាងមុខ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ដែលមាន​ប្រជាជន​សកម្ម​ច្រើនជាងគេ​បំផុត​លើ​លោក​។ ជាធម្មតា វា​នឹង​នាំមក​នូវ​ប្រយោជន៍​សេដ្ឋកិច្ច និង​ជំរុញ​វិស័យ​ឧស្សាហកម្ម ពេល​ប្រទេសមួយ​មាន​ប្រជាជន​សកម្ម​ច្រើន​។ ប៉ុន្តែ​នៅ​ឥណ្ឌា វា​នឹង​នាំមក​នូវ​វិបត្តិ​ច្រើនជាង​ប្រយោជន៍ ជាពិសេស​វិបត្តិ​គ្មាន​ការងារ​ធ្វើ និង​បញ្ហា​ចលាចល​ទៅវិញ​។​


​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា នឹង​ក្លាយជា​ប្រទេស​ដែលមាន​ប្រជាជន​សកម្ម​ច្រើនជាងគេ​លើក​ពិភពលោក​ក្នុង​រយៈពេល​បួន​ឆ្នាំ​ខាងមុខនេះ​។ កំណើនប្រជាជន​សកម្ម​នេះ ហាក់បីដូចជា​មិន​នាំមក​នូវ​ប្រយោជន៍ ជាពិសេស​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ឥណ្ឌា​ឡើយ តែ​វា​នាំមក​នូវ​បញ្ហា​ច្រើន​សម្រាប់​ឥណ្ឌា​ទៅវិញ​។ បញ្ហា​ទាំងនោះ​មាន​វិបត្តិ​គ្មាន​ការងារ​ធ្វើ និង​អសន្តិសុខ​សង្គម​ជាដើម​។​
 
​យោងតាម​សារព័ត៌មាន Sputnik  អ្នកសារព័ត៌មាន​ឥណ្ឌា​លោក Aakar Patel បាន​អះអាងថា កំនើនប្រជាជន​សកម្ម​ខ្ពស់​នៅ​ឥណ្ឌា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នោះ នឹង​នាំមក​នូវ​បញ្ហា​ច្រើន​ហួសហេតុ​។​
 
​អ្នកសារព័ត៌មាន​រូប​នេះ​បាន​លើក យក​របាយការណ៍​មួយ​ដែល​ចុះផ្សាយ​ដោយ India Spend ដែល​វា​បង្ហាញថា​ប្រជាជន​ឥណ្ឌា​រហូតដល់ ៩៧ ភាគរយ​មានការ​ងារ​ដែល​ស្ថិតនៅក្នុង​វិស័យ​ដែល​គ្មាន​ការរៀបចំ​ត្រឹមត្រូវ ពោលគឺ​គ្មាន​ចំណូល​ផ្លូវការ​ជាប្រចាំ ឬ​គ្មាន​ការទទួល​ការ​គាំពារ​ផ្នែក​សន្តិសុខ​សង្គម​។​
 
​ហើយ​យោងតាម​អ្នកសារព័ត៌មាន​នេះ​ដដែល ប្រជាជន​ឥណ្ឌា​ប្រហែល ៦០ ឯណោះ​ដែល​គ្រាន់​តែមាន​ការងារ​បណ្តោះ​អាសន្ន​។ 
 
​ចំណែក​បញ្ហា​មួយទៀត​គឺ បញ្ហា​ទីផ្សារការងារ​នៅ​ឥណ្ឌា​។​លោក Aakar Patel អះអាងថា វា​មិនមាន​ការងា​ថ្មី​ឡើយ​សម្រាប់​ប្រជាជន​សកម្ម​។ ដូច​ឃើញស្រាប់​ហើយ កំណើន​ការងារ​នៅ​ឥណ្ឌា​កើនឡើង​ទាប​បំផុត​ក្នុង​ឆ្នាំ ២០១៥ ហើយ​ការងារ​ភាគច្រើន​ស្ថិតនៅក្នុង​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​។ ដូច្នេះ វា​នឹង​បង្កើតជា​បញ្ហា នៅពេលដែល​កំណើនប្រជាជន​សកម្ម​និង​ពេញកម្លាំង​ធ្វើការ​ងារ​ខ្ពស់​ពេក​នៅពេល​ខាងមុខ ហើយ​តម្រូវការ​មនុស្ស​ធ្វើការ​ងារ​មាន​កម្រិត​ទាប​។​
 
​បញ្ហា​មួយទៀត គឺ ការសិក្សា​ក្នុងសង្គម​ឥណ្ឌា​មាន​កម្រិត​ទាប​ខ្លាំង​។ ប្រជាជន​ឥណ្ឌា​ភាគច្រើន​ហាក់បីដូចជា​ពិបាក​ទទួលបាន​ការអប់រំ​ដែល​ជួយ​បំពាក់បំប៉ន​ជំនាញ​សំខាន់ៗ​ដើម្បី​ទទួលបាន​ការងារ​ល្អ​។ 
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ឥណ្ឌា​បច្ចុប្បន្ន​របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ហាក់បីដូចជា​ខ្នះខ្នែង​ខ្លាំង​ក្នុង​ការជួយ​បង្កើន​សមត្ថភាព និង​ជួយ​ឲ្យ​ប្រជាជន​ឥណ្ឌា​មានចំណេះ​ជំនាញ​និង​វិជ្ជាជីវៈ​ត្រឹមត្រូវ ដើម្បី​អាចបំពេញ​តាម​តម្រូវ​ការងារ​។ ប៉ុន្តែ​វា​ជា​ដំណោះស្រាយ​រយៈពេល​វែង ហើយ​វា​ក៏​ត្រូវការ​ពេលវេលា​យូរ​ដែរ ទម្រាំ​បាន​ផ្លែផ្កា​៕

Tag:
 ឥណ្ឌា​
  Aakar Patel
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com