អន្តរជាតិ
លោក Duterte ប្រា​ប់លោក អូ​បា​ម៉ា ឲ្យ​ស្ដាប់​លោក​រឿង​សិទ្ធិមនុស្ស​
31, Aug 2016 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន លោក Rodrigo Duterte នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ទីក្រុង​វៀងចន្ទន៍ ខណៈដែល​ប្រធានាធិបតី​ទាំងពីរ នឹងចូលរួម​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ផ្សេងទៀត​នៅ​ទីនោះ​។ បញ្ហា​សិទ្ធិមនុស្ស និង​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក ចំពោះ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​នៅ​ហ្វីលីពីន អាច​នឹងត្រូវ​យកមក​ពិភាក្សា​ក្នុងជំនួប​នោះ​។

 


​បុរស​ខ្លាំង​ហ្វីលីពីន លោក Duterte បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​សម្ព័ន្ធមិត្ត​រាប់​ឆ្នាំ​មកហើយ​នោះ​។ ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន ហាក់​ធ្លាក់ចុះ​បន្តិច បន្ទាប់ពី​រដ្ឋបាល​លោក អូ​បា​ម៉ា រិះគន់​ខ្លាំង​លើ​ចំណាត់ការ​របស់លោក Duterte ក្នុងការ​បង្ក្រាប​ឈ្មួញ និង​អ្នកប្រើប្រាស់​គ្រឿងញៀន ដោយ​លើកឡើងថា រំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាងខ្លាំង​។​

​ប៉ុន្តែ​ប្រា​ធានា​ធិបតី​ហ្វីលីពីន ក៏បាន​ផ្ដាំ​ជាមុន​ថា ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ត្រូវ​ស្ដាប់​លោក​សិន មុននឹង​លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​ពិភាក្សា​។ លោក Duterte ត្រូវបាន​អ្នកកាសែត​សួរថា លោក​មាន​ឆ​ន្ទះ​នឹង​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​ជាមួយ​លោក អូ​បា​ម៉ា ឬ​យ៉ាងណា តែ​លោក ឆ្លើយ​វិញ​ថា វា​អាស្រ័យ​លើ​អ្វីដែល​ឯកភាពគ្នា​។

«​ពួកគេ (​អាមេរិក​) ត្រូវ​យល់​ពី​បញ្ហា​សិន មុននឹង​និយាយ​រឿង​សិទ្ធិមនុស្ស​។ ស្ដាប់​ខ្ញុំ​សិនៈ នេះ​គឺជា​បញ្ហា បន្ទាប់​មកពី​យើង​អាច​និយាយ​គ្នា​បាន​ហើយ​។​» នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

​មកទល់ពេលនេះ មនុស្ស​២​ពាន់​នាក់​ហើយ ដែល​បាន​បាញ់សម្លាប់​ក្នុង​ប្រតិបត្តិ​ការកម្ទេច​ក្រុម​ជួញដូរ​គ្រឿងញៀន​។ ជាមួយនឹង​ការសម្លាប់​មនុស្ស​ជាច្រើន​នេះ ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ការព្រួយបារម្ភ​យុទ្ធនាការ​នេះ​បង្ក្រាប​នេះ ប៉ុន្តែ​លោក Duterte ក៏​ធ្លាប់​បញ្ជាក់​វិញ​ថា ប្រតិបត្តិការ​នេះ នឹង​បន្ត​រហូត បើទោះជា​មានការ​ប្រឆាំង និង​ការគំរាមកំហែង​ដល់​អាយុជីវិត​ក៏ដោយ​។

​អ្វី​គួរកត់សម្គាល់​នោះ ជំនួប​នៅក្នុង​ក្រុង​វៀងចន្ទន៍ នឹង​ក្លាយ​ជំនួប​ទ្វេភាគី​លើកដំបូង​ហើយ​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​គិត​ចាប់ពី​លោក​ប្រធានាធិបតី​ហ្វីលីពីន Duterte ឌើ​ទើ​តេ​ឡើងកាន់​អំណាច នៅ​ថ្ងៃទី​៣០​ខែមិថុនា​កន្លងទៅ​។ ចំពោះ​រដ្ឋបាល​ថ្មី​ហ្វីលីពីន លោក Duterte ក៏​មិនទាន់​បញ្ចេញ​គោលជំហរ​ជាក់លាក់​ទៅកាន់​អាមេរិក​នោះទេ​។

​សម្រាប់​ជំនួប​លោក អូ​បា​ម៉ា និង​លោក Duterte នៅ​ឡាវ​ដែលជា​ប្រទេស​ដែល​ត្រូវបាន​ប្រធានាធិបតី​អាមេរិក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នោះ ក៏ត្រូវ​បានរ​ពឹង​ថា នឹងមាន​កិច្ចពិភាក្សា​ស្នូល​ច្រើន​ត្រូវ​លើកឡើង​ផងដែរ​។ នោះ​ក៏​ព្រោះតែ វា​ក៏​លើកចុងក្រោយ​ដែល​លោក ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ក្នុងនាម​ជា​ប្រធានាធិបតី ខណៈ លោក នឹង​ត្រូវផុត​អាណត្តិ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​៕  


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  Barack Obama
© រក្សាសិទ្ធិដោយ thmeythmey.com