អន្តរជាតិ
វីរុស Zika វាយប្រហារ​អាស៊ីអាគ្នេយ៍​ជាថ្មី
01, Sep 2016 , 12:20 pm        
រូបភាព
​វីរុស Zika ដែល​បាន​រាតត្បាត​ពេញ​តំបន់​អាមេរិក​ឡាទីន កំពុងតែ​ផ្ទុះឡើង​នៅក្នុង​តំបន់​អាស៊ាន​ហើយ បន្ទាប់ពី​សិង្ហ​បុរី និង​ម៉ាឡេស៊ី បាន​រកឃើញ​ករណី​វីរុស​នេះ​លើ​ខ្លួន​ប្រជាជន​របស់ខ្លួន​។ ទន្ទឹមនឹង​ការ​រាលដាល​នេះ ប្រទេស​ជាច្រើន រួមទាំង​អាមេរិក អង់គ្លេស ឥណ្ឌូណេស៊ី បាន​ចាត់វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ទាំងពីរ​នេះ ដោយ​រួមទាំង​ការត្រួតពិនិត្យ​អ្នកដំណើរ​ចេញចូល​ប្រទេស​ទាំងពីរ​នេះ​ផងដែរ​។​



​បន្ទាប់ពី​មានការ​ផ្ទុះ​វីរុស Zika នៅ​សិង្ហ​បុរី​កាលពី​ចុង​សប្ដាហ៍​មុន​មក ចំនួន​អ្នក​ឆ្លង​វីរុស​នេះ បាន​កើន​ដល់​១១៥​នាក់​ហើយ​។ ចំណែក​នៅ​ម៉ាឡេស៊ី​ឯណោះ​វិញ អាជ្ញាធរ​ប្រទេស​នេះ ក៏បាន​រកឃើញ​ករណី​ឆ្លង​វីរុស​នេះ​ជា​លើកដំបូង​លើ​ស្ត្រី​ម្នាក់ ដែល​ទើបតែ​ត្រឡប់​មកពី​សិង្ហ​បុរី​នោះ​។ ជាមួយនឹង​ការផ្ទុះ​ឡើង​នៃ​ការឆ្លង​វីរុស​នេះ ប្រទេស​ជាច្រើន បានចាប់ផ្ដើម​ណែនាំ​ប្រជាជន​ខ្លួន ឲ្យ​ប្រុងប្រយ័ត្ន​នៅពេល​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​។

​យោងតាម​ទូរទស្សន៍​Channel NewsAsia នៅ​សិង្ហ​បុរី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Gan Kim Yong រំពឹងថា ករណី​ឆ្លង​ជ​ម្ងី Zika នឹង​បន្ត​កើនឡើង នៅ​តំបន់​ជាច្រើន​ក្នុង ប្រទេស​។ អាជ្ញាធរ​សិង្ហ​បុរី ក៏​នឹង​ចាត់វិធានការ​បន្ថែមទៀត ដែល​រួមទាំង​ការ រឹតបន្តឹង ការ ត្រួតពិនិត្យ​នៅ​តំបន់ ដែល​មិនទាន់មាន​ករណី Zika ផ្ទុះឡើង​ផងដែរ​។

​ភ្លាមៗ​បន្ទាប់ពី​ការលេចចេញ​ករណី​វីរុស Zika នៅ​សិង្ហ​បុរី អាជ្ញាធរ​ម៉ាឡេស៊ី ក៏​ឆ្លើយតប​នឹង​ការ​រាលដាល តាមរយៈ​ការបង្កើន​ការត្រួតពិនិត្យ​នៅ​ច្រកព្រំដែន​ប្រទេស​ទាំងពីរ​ក្នុង​រដ្ឋ Johor ជាប់​សិង្ហ​បុរី​។ យ៉ាងណាក្ដី គេ​បាន​រកឃើញ​ករណី​ឆ្លង​ទីមួយ​នៃ​វីរុស​នេះ​ក្នុង​ទឹកដី​ម៉ាឡេស៊ី​ហើយ បើទោះជា​មានការ​ត្រួតពិនិត្យ​ក៏ដោយចុះ​។ ស្ត្រី​ម្នាក់ អាយុ​៥៨​ឆ្នាំ ដែល​បាន​ទៅ​សិង្ហ​បុរី នៅ​ថ្ងៃទី​១៩ ខែសីហា ត្រូវធ្វើ​តេស្ត​ឃើញ​សញ្ញា​វិជ្ជមាន ហើយ​កំពុងតែ​ស្ថិតក្នុង​មន្ទីរពេទ្យ​។​

​ទន្ទឹមនឹង​ការកើនឡើង​ករណី​ឆ្លង​វីរុស Zika កូរ៉េខាងត្បូង អូស្ត្រាលី អាមេរិក និង​ឥណ្ឌូណេស៊ី សុទ្ធតែ​ណែនាំ​ឲ្យ​ប្រជាជន​ខ្លួន ជាពិសេស​អ្នក​ដែលមាន​ផ្ទៃពោះ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ធ្វើដំណើរ​ទៅកាន់​សិង្ហ​បុរី​។ អាជ្ញាធរ​ឥណ្ឌូណេស៊ី នឹង​ចេញ​សេចក្ដី​ប្រឹក្សា​លើ​ការធ្វើដំណើរ​សម្រាប់​ទៅ​ប្រទេស​នេះ សំដៅ​ទប់ស្កាត់​ការ​រាលដាល​វីរុស​នេះ និង​ប្រាប់​ប្រជាជន ពី​ស្ថានការណ៍​វីរុស​នេះ​នៅ​សិង្ហ​បុរី​។​

​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី លោកស្រី Nila Djuwita Moeloek បាន​ព្រមាន​អ្នក​ដែល​ចង់​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី ឲ្យ​គិត​ឡើងវិញ ចៀសវាង​ការឆ្លង​រី​រុស​នេះ​។ លោក​បញ្ជាក់ថា ប្រសិនបើ​មិន​សំខាន់ និង​ចាំបាច់​ទេ ប្រជាជន​ទាំងអស់ អាច​ពន្យារពេល​សិន​ទៅ​៕


Tag:
 Zika
  ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com