ជាតិ
ទោះ​ថ្ងៃ​ភ្ជុំបិណ្ឌ ក៏​ពលរដ្ឋ​អាច​ចុះឈ្មោះ​បោះឆ្នោត​បានដែរ
02, Sep 2016 , 7:45 pm        
រូបភាព
ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) សម្រេច​ចុះឈ្មោះ​បោះឆ្នោត នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យ​ភ្ជុំបិណ្យ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ.ជ.ប។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ ការសម្រេច​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ រប​ស់គ.ជ.ប នៅ​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំ​របស់​គ.ជ.ប ក៏បាន​ពិនិត្យ លើ​លទ្ធផល នៃ​ការចុះឈ្មោះ​បោះឆ្នោត និង​ការវាយតម្លៃ​លើ​ការបំពេញភារកិច្ច​រប​ស់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ក្នុង​ថ្ងៃ​ដំបូង ផងដែរ។

កាលពីពេលថ្មីៗនេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ទទូច​ឲ្យ​គ.ជ.ប បន្ត​ចុះឈ្មោះ​បោះឆ្នោត ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះដែរ។ គណបក្សប្រឆាំង​មួយ​នេះ បាន​លើក​ហេតុផល​ថា អំឡុងពេល​នៃ​ការឈប់​សម្រាក គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ-កម្មការិនី​ផ្នែក​រោងចក្រ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត។

ជាងនេះទៀត ក្រសួងមហាផ្ទៃ នឹង​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បន្តធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ប្រជាពលរដ្ឋ ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​បុណ្យ​ភ្ជុំបិណ្ឌ។ សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពី គ.ជ.ប។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គ.ជ.ប កន្លងមក។

លោក គួ​យ ប៊ុន​រឿន ធ្លាប់​អះអាងថា មូលហេតុ​ដែល​គ.ជ.ប ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ជួយ​ព​ន្លឿ​ន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ដូច្នេះ គឺ​ដើម្បី​ផ្តល់​អត្តសញ្ញាណប័ណ្ណ ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែច្រើន សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត នា​អាណត្តិ​ក្រោយ។ លោក បន្តថា រហូតមកដល់​ពេលនេះ ក្រសួងមហាផ្ទៃ បានធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ បាន​ចំនួន ៨.៩ លាន​នាក់​ហើយ។ ប្រជាពលរដ្ឋ ចំនួន ៨.លា៨លាន​នាក់ បានទទួល​អត្តសញ្ញាណ​ប័ណ្ណ ចំណែកឯ​ប្រជាពលរដ្ឋ​ចំនួន ១សែន​នាក់​ទៀត មិនទាន់​ទទួលបាន​នៅឡើយ​ទេ៕          

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com