បទយកការណ៍ / បទសម្ភាសន៍
ករណី​ពលករ​ក្រៅប្រទេស​៖ លោក គល់ បញ្ញា ថា កម្ពុជា​គួរ​យក​គំរូ​ការបោះឆ្នោត​នៅ​ភូមា
04, Sep 2016 , 10:03 am        
រូបភាព
ដោយ:
  
​ភ្នំពេញ​៖ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល ដែល​បាន​អញ្ជើញ​ទៅ​សង្កេតការណ៍ ការបោះឆ្នោត​នៅ​ភូមា កាលពី​ចុងឆ្នាំ​២០១៥ បាន​ថ្លែងថា ពលករ និង​កម្មករ​នៅក្រៅ​ប្រទេស​របស់​ភូមា គឺ​ពួកគេ​អាច​បោះឆ្នោត​នៅតាម​ស្ថានទូត​ប្រទេស​ដែល​ពួកគេ​រស់នៅ និង​ធ្វើ​ការងារ ដោយ​មិនចាំបាច់​មក​បោះឆ្នោត​នៅ​ភូមា​នោះទេ​។ ដោយឡែក កម្មករ ពលករ មន្ត្រីរាជការ … ដែល​កំពុងធ្វើការ​ងារ​នៅ​ទីប្រជុំ ឬ​ទីក្រុង ពួកគេ​អាច​បោះឆ្នោត​នៅ​កន្លែង​ការងារ ដោយ​មិនចាំបាច់​ត្រឡប់​ទៅ​បោះឆ្នោត​នៅ​ស្រុកកំណើត​ឡើយ​។ តើ​ភូមា​បានរៀបចំ​យន្តការ​អ្វីខ្លះ ដើម្បី​ផ្តល់​សិទ្ធិ​បោះឆ្នោត​ដល់​អ្នក​ចំណាកស្រុក​?


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា Comfrel ដូចតទៅ​៖    



 
​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ លោក គល់ បញ្ញា ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​(​ភូមា​) ដែល​ការបោះឆ្នោត​នៅ​ភូមា ត្រូវបាន​សហគមន៍​អន្តរជាតិ និង​គ្រប់ភាគី​គណបក្សនយោបាយ មាន​កោតសរសើរ​ចំពោះ​ភាព​អ​ព្យា​ក្រិ​ត្យ សេរី និង​យុត្តិធម៌​។ ក្រៅពីនេះ លោក គល់ បញ្ញា បាន​អះអាងថា ប្រព័ន្ធ​បោះឆ្នោត​នៅ​ភូមា បាន​គោរព​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៅ​គ្រប់​ស្ថានភាព និង​គ្រប់​ទីកន្លែង​។ ជាក់ស្តែង លោក​ថា ពលករ កម្មករ និង​អ្នក​ចំណាកស្រុក​នៅក្រៅ​ប្រទេស គឺ​ពួកគេ​មាន​សិទ្ធិ​បោះឆ្នោត​នៅតាម​ស្ថានទូត ដែល​ប្រជាជន​ភូមា​កំពុងធ្វើការ និង​ស្នាក់នៅ ដោយ​មិនចាំបាច់​ឲ្យ​ពួកគេ ធ្វើដំណើរ​ទៅ​បោះឆ្នោត​នៅ​ប្រទេស​ភូមា​ឡើយ​។ ចំណែក​នៅក្នុង​ប្រទេស​ភូមា​វិញ កម្មករ មន្ត្រីរាជការ​…​ដែល​ការងារ​នៅ​ទីប្រជុំជន​ឬ​ទីក្រុង គឺ​សុទ្ធសឹង​អាច​បោះឆ្នោត​នៅ​កន្លែង​ការងារ​បាន ដោយ​មិនចាំបាច់​វិល​ទៅ​បោះឆ្នោត​នៅ​ស្រុកកំណើត​នោះឡើយ​។ សូម្បីតែ​អ្នក​ជាប់ពន្ធ​ធនាគារ ក៏​អាចមាន​សិទ្ធិ​បោះឆ្នោត​ផងដែរ ដោយ​អ្នករៀបចំ​ការបោះឆ្នោត​នៅ​ភូមា ធ្វើ​ការរៀបចំ​ការិយាល័យ​នៅក្នុង​ពន្ធ​ធនាគារ​តែម្តង​។ 
 
​លោក គល់ បញ្ញា បាន​បន្ថែមថា ពលករ កម្មករ និង​អ្នករស់នៅ​ក្រៅប្រទេស គឺ​អ្នករៀបចំ​ការបោះឆ្នោត​នៅ​ភូមា បានរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មុន​ថ្ងៃ​កាលបរិច្ឆេទ​បោះឆ្នោត​នៅក្នុង​ប្រទេស​។ ឯកម្មករ មន្ត្រីរាជការ និង​អ្នក​ជាប់ពន្ធ​ធនារ ដែល​ស្នាក់នៅ និង​ធ្វើ​ការងារ​នៅ​ទីប្រជុំ ឬ​ទីក្រុង ក៏​រៀបចំ​ការបោះឆ្នោត​មុន​ថ្ងៃ​កាលបរិច្ឆេទ​បោះឆ្នោត​ផងដែរ​។ លោក​ពន្យល់ថា សំឡេងឆ្នោត​របស់​ពួកគេ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​នៅ​ស្រុកកំណើត ឲ្យ​បាន​មុន​ថ្ងៃ​រាប់​សន្លឹកឆ្នោត ដើម្បី​រាប់​ជាមួយ​សំឡេងឆ្នោត​ទាំងអស់​ក្នុង​ការិយាល័យ នៅ​ស្រុ​កំណើត​របស់​ពួកគេ​តែម្តង​។​
 
​ឆ្លើយ​នឹង​សំណួរ​របស់​សារព័ត៌មាន​ថ្មីៗ​ថា តើ​មូល​ហេតុអ្វី​បានជា​កម្ពុជា​មិន​យក​គំរូ​ការបោះឆ្នោត​នៅ​ភូមា​ជុំវិញ សិទ្ធិ​ពលករ និង​កម្មករ ក្រៅប្រទេស​? លោក គល់ បញ្ញា បាន​ឆ្លើយ​ភ្លាម​ថា គឺ កម្ពុជា​អាចធ្វើ​បែបនេះ​បាន ពីព្រោះ សព្វថ្ងៃនេះ ការចុះឈ្មោះ​បោះឆ្នោត គឺ​ធ្វើតាម​ប្រព័ន្ធ​ទំនើប​(​កុំព្យូទ័រ​)​។ ប៉ុន្តែ លោក​បានទទួល​ព័ត៌មាន​ថា ការដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) មិន​រៀបចំ​ការបោះឆ្នោត​នៅក្រៅ​ប្រទេស​នេះ គឺ​បណ្តាលមកពី​បញ្ហា​បច្ចេកទេស និង​ថវិកា​។  
 
​ទោះបី​គ្មាន​តួរ​លេខ​ពិតប្រាកដ តែបើ​ការប៉ាន់ស្មាន​ក្រៅ​ផ្លូវ​របស់​មជ្ឈដ្ឋាន​មួយចំនួន បាន​អះអាងថា បច្ចុប្បន្ន ពលករ និង​កម្មករ​ខ្មែរ ដែល​រស់នៅ និង​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស ដូចជា ប្រទេស​ថៃ កូរ៉េខាងត្បូង  ម៉ាឡេស៊ី​(១៤,០០០​នាក់​) និង​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក គឺមាន​ប្រមាណ​ជាង​១​លាន​នាក់​៕    

Tag:
 គល់ បញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com