ជាតិ
​​​ន​យោ​បាយ​ជាតិ​
​មេធាវី​ឯកឧត្តម កឹម សុខា ត្រូវតែ​ប្តឹង​ឧទ្ធរណ៍ ដើម្បី​ទប់ស្កាត់​សាលក្រម​មិន​ឲ្យ​ចូល​ជា​ស្ថាពរ​
16, Sep 2016 , 11:51 am        
រូបភាព
 
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សាលក្រម​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ  ទាក់ទង​នឹង​ការកាត់ទោស​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម កឹម សុខា ត្រូវបាន​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ជាក់​ស្តេ​ង​។

 
​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ឲ្យ​យក​សាលក្រម ទៅ​បិទ​នៅមុខ​ផ្ទះ​ឯកឧត្តម កឹម សុខា នាពេល​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។ បើតាម​ច្បាប់ ក្រោយ​រយៈពេល​១​ខែ​នៃ​ការជូនដំណឹង​នេះ សាលក្រម នឹង​ចូល​ជា​ស្ថាពរ​។ 
 
​លោក ហែម សុជាតិ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​មេធាវី នឹងដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​រារាំង​ការអនុវត្ត​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក បន្ថែមថា សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវតែ​ផ្អាក​ការអនុវត្ត​សាលក្រម​របស់ខ្លួន​សិន នៅពេលដែល​ក្រុម​មេធាវី​ប្តឹងទៅ​សាលាឧទ្ធរណ៍​។
 
​លោក ហែម សុជាតិ បញ្ជាក់ទៀតថា ក្រុម​មេធាវី បាន​ពិភាក្សាគ្នា​រួចរាល់​ហើយ ក្នុងការ​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ លោក មិនទាន់​អាច​ប្រាប់​ពី​ពេលវេលា នៃ​ការដាក់​បណ្តឹង​នោះទេ​។ 
 
​លោក​មេធាវី​រូបនេះ ពន្យល់ថា សាលាដំបូង​រាជធានី​ភ្នំពេញ មិនអាច​អនុវត្ត​សាលក្រម​របស់ខ្លួន​បានទេ  ប្រសិនបើ​មេធាវី​ប្តឹងទៅ​សាលាឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍ កំពុងតែ​ដំណើរការ​នីតិវិធី​នេះ​។ លោក សង្កត់ធ្ងន់ៗ​ថា​៖«​ដើម្បី​ប្រយោជន៍​កូនក្តី (​ឯកឧត្តម​កឹម សុខា​) របស់​ពួក​ខ្ញុំ ពួក​ខ្ញុំ​ត្រូវតែ​ប្តឹង​ឧទ្ធរណ៍​»​។ 
 
​ក្រុម​មេធាវី របស់​ឯកឧត្តម កឹម សុខា បានចាត់ទុក​ការបើក​វ​សនា​ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា មានទោស​កំហុស​នេះ ថា​ខុស​នឹង​នីតិវិធី​៕
 
 
 

Tag:
 ​កឹម សុខា​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com