អន្តរជាតិ
បុ​ត​ស្វា​ណា​៖ «​ល្មម​ដល់ពេល មេដឹកនាំ​ស៊ីម​បា​វេ​ជរា Robert Mugabe ចេញពី​តំណែង​»
22, Sep 2016 , 8:39 pm        
រូបភាព
​ប្រ​ធានា​ធិ​ប​តិ​បុ​ត​ស្វា​ណា Ian Khama បានស្នើ​ឲ្យ​ប្រធានាធិបតី​ចំណាស់​ជាងគេ​នៅ​អាហ្វ្រិក Robert Mugabe ចុះ​ចេញពី​តំណែង​កុំ​បង្អែរ​បង្អង់​យូរ​និង​ឲ្យ​មេដឹកនាំ​ថ្មី​គ្រប់គ្រង​ប្រទេស​ម្តង ព្រោះ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Mugabe ស៊ីម​បា​វេ​គ្មាន​ស្គាល់​អ្វី​ក្រៅពី វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​ឡើយ​។ លោក Mugabe ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ ១៩៨០​មក​នោះ​ឈានដល់​វ័យ​៩២​ឆ្នាំ​ហើយ តែ​លោក​បដិសេធ​ចុះ​ចេញពី​តំណែង​ដោយ​អះអាងថា​លោក​នឹង​កាន់តំណែង​រហូតដល់​ស្លា​ប់​។​



​លោក Robert Mugabe  គួរ​ចុះ​ចេញពី​តំណែង​ដោយ​មិនត្រូវ​បង្អែរ​បង្អង់​យូរ​ឡើយ ហើយ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ថ្មី​ឡើងកាន់​អំណាច​វិញ​ម្តង​។ លោក Mugabe មាន​វ័យ​ជរា​ណាស់​ទៅហើយ​។ ម្យ៉ាង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Mugabe ស៊ីម​បា​វេ​ប្រឈម​វិបត្តិ សេដ្ឋកិច្ច​និង​នយោបាយ​ធ្ងន់ធ្ងរ​ទៀត​។ នេះ​ជាការ​លើកឡើង​របស់​ប្រ​ធានា​ធិ​ប​តិ​បុ​ត​ស្វា​ណា Ian Khama ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត​មាន Reuters  នា​ថ្ងៃ​ពុធ​ទី ២១ កញ្ញា​។​

​លោក Ian Khama បាន​អះអាងថា ការចុះ​ចេញពី​តំណែង​របស់​ប្រធានាធិបតី​វ័យ ៩២​ឆ្នាំនេះ​នឹង​ជួយ​ស្រោចស្រង់​ប្រទេស​ស៊ីម​បា​វេ​បាន ហើយ​ការ​ចុះចេញ​នេះ​គួរតែ​ធ្វើឡើង​ឲ្យ​បាន​ឆាប់​បំផុត​។ មេដឹកនាំ​បុ​ត​ស្វា​ណា​នេះ​ក៏​មើលឃើញថា ស៊ីម​បា​វេ​មិន​ខ្វះ​អ្នកនយោបាយ​ល្អ ដែល​អាចដឹកនាំ​ប្រទេស​បាន​ជំនួស Mugabe ឡើយ​។​

​លោក​ពន្យល់ថា​៖ «​វា​ជា​រឿង​មិនអាច​ប្រកែក​បានឡើយ​ដែលថា Mugabe មាន​វ័យ​ជរា​។​ហើយ​លោក​មិនអាច​ដឹកនាំ​ប្រទេស​បានល្អ​និង​ចេញ​ឲ្យ​ផុត​វិបត្តិ​ឡើយ​។ តាមពិតទៅ​ស៊ីម​បា​វេ មាន​មនុស្ស​ច្រើន​ដែលមាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​និង​ស័ក្តិ​សមជា​អ្នក​ស្នង​តំណែង​ប្រធានាធិបតី​ស៊ីម​បា​វេ​»​។​

​លោក Robert Magabe បាន​ឡើងកាន់​អំណាច​ឆ្នាំ ១៩៨០ ហើយ​មកដល់​បច្ចុប្បន្ន​លោក​មាន​វ័យ ៩២ ឆ្នាំ​ហើយ​។ ប៉ុន្តែ​សុខភាព​របស់លោក​ទ្រុឌទ្រោម​ខ្លាំង​ទៅហើយ​។ ថ្វីបើ​មាន​វ័យ​ជរា​ក្តី លោក​នៅ​ក្រាញននាល​មិន​ព្រម​ចុះ​ចេញពី​អំណាច​ឡើយ ហើយ​លោក​ប្រកាសថា លោក​នឹង​ដឹកនាំ​ស៊ីម​បា​វេរ​ហូត​ទាល់តែ​លោក​ស្លាប់​។ ប៉ុន្តែ គេ​ឃើញ​មានការ​ប្រជែង​គ្នា​ចង់​ដណ្តើម​តំណែង​ប្រធានាធិបតី​នៅក្នុង​បក្ស​កាន់អំណាច ZANU-PF របស់លោក Mugabe ផងដែរ​។

​ដោយឡែក លោក Ian Khama ជា​មេដឹកនាំ​អាហ្វ្រិក​ម្នាក់​ដែល​មិនសូវ​ចេះ ទប់​សម្តី​ឡើយ ហើយ​លោក​ចូលចិត្ត​រិះគន់​មេដឹកនាំ​អាហ្វ្រិក​ឯទៀត​ដែល​លោក​គិតថា ជា​អ្នកនយោបាយ​ផ្តាច់ការ​។ តែ​លោក​ខឹងសម្បារ​នឹង​រដ្ឋាភិបាល​ស៊ីម​បា​វេ​ខ្លាំង ព្រោះ​ចាប់តាំងពី​ឆ្នាំ ២០០០ ពេលដែល​ស៊ីម​បា​វេ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បុ​ត​ស្វា​ណា​នេះ​រង​ផលប៉ះពាល់​ខ្លាំង​ដែរ​។

​បុ​ត​ស្វា​ណា ជា​ប្រទេស​នាំ​ត្បូង​ពេជ្រ​ច្រើនជាងគេ​លើ​ពិភពលោក តែ​ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាមួយ​ប្រទេស​ស៊ីម​បា​វេ ដែលមាន​ប្រវែង ៨០០ គីឡូម៉ែត្រ​។ ដូច្នេះ ហើយ​បានជា ប្រទេស​ទទួលផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​និង​ហិង្សា​នយោបាយ​ស៊ីម​បា​វេ​ចាប់ពី​ឆ្នាំ ២០០០​។​

-​អ្នកណា​គេ​ជា Robert Mugabe ?
​លោក មូ​ហ្កា​បេ កើត​នៅក្នុង​ឆ្នាំ ១៩២៤ ហើយ​លោក​បាន​ផ្លាស់​ប្តូរជីវិត​ពី​គ្រូបង្រៀន​មកជា​វីរជន​ដែល​ទាមទារ​ឯករាជ្យ និង​ជា​មេដឹកនាំ​ចលនានយោបាយ​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។ លោក បានក្លាយ​មេដឹកនាំ ចលនា​ទាមទារ​ឯករាជ្យ​ពី​មហាអំណាច​អង់គ្លេស ដោយ​លោក​ដឹកនាំ​ចលនា​មួយ​ដែលមាន​ឈ្មោះថា សហភាព​ជាតិ​អាហ្វ្រិក​ស៊ីម​បា​វ៉េ (ZANU )​ក្នុង​ឆ្នាំ ១៩៦០ ។ ក្នុង​ឆ្នាំ ១៩៦៤ រដ្ឋាភិបាល​ស្ថិតក្រោម​ម្ចាស់​អាណានិគម​អង់គ្លេស​បានសម្រេច​ហាម​មិន​ឲ្យ​ចលនា​របស់លោក​បន្តទៅ​មុខ​ទៀត ហើយ​លោក​ក៏ត្រូវ​គេ​ចាប់​ឃុំឃាំង​ទៀត​។ មួយឆ្នាំ​ក្រោយមក ក្រុម​ជនជាតិភាគតិច​ស្បែ​កស បានប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​ជា​ឯកតោភាគី ហើយ​បង្កើត របប​ដឹកនាំ​រើសអើង​ពូជសាសន៍​មួយ​ដែល​ក្រុម​ស្បែក​ស​កាន់កាប់​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ ។ តែ​ការរៀបចំ​នេះ​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​និង​ប្រជាជន​ស៊ីម​បា​វ៉េ​។ ១០ ឆ្នាំក្រោយ​លោក​ត្រូវគេ​ដោះលែង​ពី​ពន្ធនាគារ ហើយ​លោក​បាន​ត្រលប់​ចូល​ឆាកនយោបាយ​វិញ ប៉ុន្តែ​លោក​ត្រូវ​រត់​ភាគ​ខ្លួន​ទៅកាន់​ប្រទេសជិតខាង ម៉ូ​ហ្សាំ​ប៊ី​ក ដើម្បី​តស៊ូ​ប្រឆាំង​របប​ដឹកនាំ​ដែល​រើសអើង​ពូជសាសន៍ ហើយ​លោក​បានជា​អ្នក​ជឿជាក់​លើ​លទ្ធិ​ម៉ៅ និង ម៉ាក ផងដែរ​។

ក្នុង​ឆ្នាំ ១៩៧៧ លោក​បាន​ត្រលប់មក​កាន់កាប់ សហភាព​ជាតិ​អាហ្វ្រិក​ស៊ីម​បា​វ៉េ (ZANU ) ពេញដៃពេញជើង និង​គ្រប់គ្រង​កងកម្លាំង​យោធា​ប្រឆាំង​របប​ដឹកនាំ​រើសអើង​ពូជសាសន៍​នៅ​ស៊ីម​បា​វ៉ា​ផងដែរ​។ កងទ័ព​របស់លោក ភាគច្រើន​ទទួលបាន​ជំនួយ​ពី​ប្រទេស​អឺរ៉ុប​ខាងកើត និង​ប្រទេស​សង្គមនិយម​មួយចំនួន​នៅ​អាស៊ី​ផងដែរ​។ ដល់​ឆ្នាំ ១៩៧៩ អង់គ្លេស​ចេញមុខ​ជួយ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ផ្សះផ្សា​រវាង​ជនជាតិ​ស្បែ​កស និង ស្បែក​ខ្មៅ  ប្រមែរ​ប្រមូល​គណបក្ស​ជាច្រើន​មក​រួមគ្នា បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​ឆ្នាំ ១៩៨០​ផង​។ ក្នុងការ​បោះឆ្នោត​លោក មូ​ហ្កា​បេ ត្រូវគេ​បោះឆ្នោត​ឲ្យ​កាន់តំណែង​នាយករដ្ឋមន្ត្រី ហើយ​លោក​បាន​កាន់កាប់​ប្រទេស​រហូត​ដណ្តើមបាន​តំណែង​ប្រមុខរដ្ឋ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។   លោក​តែងតែ​ឈ្នះ​រាល់​ការបោះឆ្នោត ដែល​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស មានការ​បន្លំ​សន្លឹកឆ្នោត និង គំរាមកំហែង ថែម​ទៀតផង​។ ហើយ​អ្នកណា​ដែលមាន​បំណង​ចង់​ដណ្តើម​អំណាច​ពី​លោក​នឹង​មិនមាន​លទ្ធផល​ល្អ​ឡើយ​។ កាលពី​ឆ្នាំមុន លោក​បានសម្រេច​ដកតំណែង​មន្ត្រី​ធំៗ​ជាច្រើន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្តួលរំលំ​លោក​ពី​អំណាច​និង មាន​មន្ត្រី​ខ្លះ​រង​ការចាប់ខ្លួន​ផងដែរ​។​>


Tag:
 Ian Khama
  Robert Mugabe
  បុ​ត​ស្វា​ណា​
  ​ស៊ីម​បា​វេ
© រក្សាសិទ្ធិដោយ thmeythmey.com