អន្តរជាតិ
អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ការពារ​ប្រឆាំងនឹង​មេរោគ​ហ្ស៊ី​កា​
01, Oct 2016 , 6:00 pm        
រូបភាព
ដោយ: VOA
​បាងកក​៖ អង្គការ​សុខភាព​ពិភពលោក WHO បាន​បន្ថែម​ការ​ក្រើន​រំ​ឮ​ក​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អា​គ្ន​យ៍​ឲ្យ​ជួយ​ទប់ស្កាត់​ការគំរាមកំហែង​ដោយ​មេរោគ​ហ្ស៊ី​កា (Zika) ដែល​កើតចេញពី​សត្វ​មូស ខណៈ​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​ទៅលើ​ប្រជាជន​ក្នុងស្រុក​កំពុង​កើនឡើង​។



​លោក Roderico Ofrin ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ​សុខភាព​ពិភពលោក​និយាយថា ប្រទេស​ទាំងនេះ​ត្រូវតែ​ភ្ជាប់​ខ្លួន​ទៅនឹង «​ប្រព័ន្ធ​តាមដាន​និង​រាយការណ៍​ដ៏​មាន​ប្រសិទ្ធភាព​» ដើម្បី​ពិនិត្យ​តាមដាន​យ៉ាង​ដិតដល់​ទៅលើ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

​លោក Ofrin បាន​ប្រាប់ VOA តាមរយៈ​អ៊ី​ម៉ែ​ល​ថា​៖ «​អង្គការ​សុខភាព​ពិភពលោក​កំពុងធ្វើការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​បន្ត​ទប់ស្កាត់ ស៊ើបអង្កេត និង​ឆ្លើយតប​ទៅនឹង​ការឆ្លង​មេរោគ​ស៊ីកា​នេះ​»​។​

​លោក​បាន​បន្ថែមថា យុទ្ធសាស្ត្រ​គឺ​ផ្តោតទៅលើ​សារៈសំខាន់​នៃ​ការគ្រប់គ្រង​លើ​អង្គធាតុ​ចម្លង​មេរោគ​ជាប្រចាំ ពង្រឹង​ការតាមដាន​លើ​មេរោគ​ហ្ស៊ី​កា​និង​ភាពមិនប្រក្រតី​នៃ​ការ​ផ្តល់កំណើត បន្ថែម​សមត្ថភាព​នៅ​មន្ទីរពិសោធន៍ និង​បន្ថែម​ការផ្សព្វផ្សាយ​អំពី​ហានិភ័យ​នៃ​ជំងឺ​នេះ និង​ការធ្វើសកម្មភាព​នានា​នៅ​សហគមន៍​។​

​ទ្វីបអាមេរិក​ខាងត្បូង​ទទួលរង​ឥទ្ធិពល​ធ្ងន់ធ្ងរ​បំផុត​ពី​វីរុស​នេះ ជាពិសេស​ប្រទេស​ប្រេ​ស៊ី​ល ដែលមាន​ករណី​ក្មេង​កើតមក​មាន​ក្បាល​តូច​ជាច្រើន​ករណី​ត្រូវបាន​គេ​រកឃើញ​ចាប់តាំងពី​ការផ្ទុះ​ឡើង​ជំងឺ​នេះ​ក្នុង​ឆ្នាំ​២០១៥​។​

​របាយការណ៍​ក្នុង​ទស្សនាវដ្ដី Lancet Infectious Diseases បាន​រកឃើញថា ប្រទេស​ឥណ្ឌា ហ្វីលីពីន ថៃ និង​ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដែលមាន​ហានិភ័យ​ខ្ពស់ ខណៈដែល​ប្រទេស​ក្នុង​អនុតំបន់​អាហ្វ្រិក​សាហា​រ៉ា ប្រទេស​អង់​ហ្គោ​ឡា បាន​ជួបនឹង​ហានិភ័យ​ដែល​កំពុង​តែង​កើនឡើង​ដោយសារ​តែមាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល​។​

​ទស្សនាវដ្ដី Lancet បាន​ព្រមាន​ថា យ៉ាងហោចណាស់​មាន​មនុស្ស​២,៦​ពាន់​លាន​នាក់​ក្នុងចំណោម​មនុស្ស​ជាង​១​ភាគ​៣​នៃ​ចំនួន​ប្រជាជន​នៅលើ​សាកលលោក​ដែល​រស់នៅ​ទ្វីបអាហ្វ្រិក អាស៊ី និង​តំបន់​ប៉ាស៊ីហ្វិក ដែល​ងាយ​នឹងរង​គ្រោះ​ដោយ​មេរោគ​ស៊ីកា​នេះ​។​

​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ជាងគេ​គឺ​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​។ ការឆ្លង​ជំងឺ​នេះ បច្ចុប្បន្នកំពុង​ប៉ះពាល់​ដល់​ប្រជាជន​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង ដែល​បណ្ដាល​ឲ្យ​មាន​ភាពខុសប្រក្រតី​នៃ​ការផ្តល់​កំណើត​ដល់​ទារក ជាពិសេស​ភាពមិនប្រក្រតី​ដែល ប៉ះពាល់​ដល់​ការលូតលាស់​ជាធម្មតា​នៃ​ក្បាល​របស់​ទារក​។​

​វីរុស​នេះ​ក៏​ត្រូ​បាន​ចម្លង​តាមរយៈ​ការរួម​ភេទ ការបញ្ចូល​ឈាម ការឆ្លង​ពី​ម្តាយ​ទៅ​កូន ហើយក៏​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចុះ​ខ្សោយ​នៃ​សាច់ដុំ និង​រោគ​ខ្វិន​ដៃជើង ដោយសារតែ​កោសិកា​ប្រសាទ​បាន​ខូចខាត​ដែល​គេ​ស្គាល់​ថា​ជា​អាការៈរោគ Guillain-Barre​។​

​រដ្ឋាភិបាល​ជាច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​បង្កើត​ការតាមដាន​និង​ការត្រួតពិនិត្យ​នៃ​វីរុស​នេះ​ក្នុង​ក្នុង​សហគមន៍​ជាច្រើន​ដោយបាន​បាញ់​សារធាតុ​គីមី​ទៅលើ​ទីតាំង​ដែល​គេ​ដឹងថា​ជា​កន្លែង​បន្ត​ពូជ​របស់​សត្វ​មូស Aedes​។​

​ប្រទេស​សិង្ហ​បុរី​បាន​រាយការណ៍​អំពី​ករណី​នៃ​ការឆ្លង​មេរោគ​ហ្ស៊ី​កា​ជាង​២៤០​ករណី ខណៈពេលដែល​ប្រទេស​ម៉ាឡេស៊ី និង​ថៃ ក៏បាន​រាយការណ៍​អំពី​ការឆ្លង​មេរោគ​នេះ​ផងដែរ​។ ការដាក់​បម្រាម​មិន​ឲ្យ​ធ្វើដំណើរ​ត្រូវ​បានចេញ​ដោយ​សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និង​តៃវ៉ាន់ ដោយបាន​ព្រមាន​ស្ត្រី​ដែលមាន​ផ្ទៃពោះ​មិន​ឲ្យ​ធ្វើដំណើរ​ក្នុងករណី​មិនចាំបាច់​។​

​ប៉ុន្តែ​ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​នៅ​ទ្វីបអាស៊ី​និយាយថា ការផ្ទុះ​ឡើង​ចុង​ក្រោយនេះ​បាន​បន្សល់ទុក​នូវ​ចម្ង​ល់​ជាច្រើន​ដែល​មិនទាន់បាន​បកស្រាយ​។​

​ភាព​តានតឹង​ដោយសារ​មេរោគ​ហ្ស៊ី​កា​បាន​កើតមានឡើង​ក្នុង​ទ្វីបអាស៊ី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយមាន​ភ្ជាប់​មកជា​មួយ​នូវ​ជំងឺ​គ្រុនក្តៅ​កាច​សាហាវ ការឈឺ​ចុកចាប់​សន្លាក់ និង​កន្ទួល ដែល​វេជ្ជបណ្ឌិត​ជាច្រើន​បាន​និយាយថា អាច​ឆ្លង​ផុត​បន្ទាប់ពី ព្យាបាល​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ ជា​លទ្ធផល មេរោគ​ហ្ស៊ី​កា ត្រូវបាន​គេ​យកចិត្តទុកដាក់​តិចតួច​ជាង​ជំងឺ​កាច​សាហាវ​ផ្សេងទៀត​ដូចជា​គ្រុនឈាម និង​គ្រុនចាញ់​។​

​នៅ​ឆ្នាំ​២០១៦ ប្រទេស​ថៃ​តែ​ម្នាក់ឯ​កបាន​រាយការណ៍​អំពី​ករណី​ជំងឺគ្រុនឈាម​ជាង​៣៥.៨០០​ករណី ដោយមាន​ករណី​ស្លាប់​ជាង​២០​ករណី​។​

​ទីភ្នាក់ងារ​សុខភាព​និង​បរិស្ថាន​ជាតិ​របស់​ប្រ​ទស​សិង្ហ​បុរី​បាន​រាយការណ៍​អំពី​ការកើនឡើង​នៃ​មេរោគ​ហ្ស៊ី​កា​ដែល​បាន​ឆ្លង​ដល់​សហគមន៍​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​ថា កើតចេញពី​ក្នុង​ទ្វីបអាស៊ី មិនមែន​ឆ្លង​ពី​ប្រទេស​ប្រេ​ស៊ី​ល​ទេ​។​

​លោក Prasert Auewarakul សាស្ត្រាចារ្យ និង​ជានា​យក​វិទ្យាស្ថាន​ជីវសាស្ត្រ​ម៉ូលេគុល នៅ​សាកលវិទ្យាល័យ Mahidol និយាយថា ការកំណត់​ឲ្យ​ឃើញ​ការរីក​រាលដាល​នៃ​មេរោគ​នេះ​គឺជា​គន្លឹះ ហើយ​ថា​តើ​ការ​ផ្ទុះឡើង​នេះ​មា​នស​ភាពកាចសាហាវ​ដូច​ស្ថានភាព​នៅ​ទ្វីបអាមេរិក​ខាងត្បូង​ដែរ​ឬ​យ៉ាងណា​។​

​លោក​និយាយថា​៖ «​ជា​មូលដ្ឋាន ការរីក​រាលដាល​នេះ​គឺ​ដូចគ្នា បើ​យើង​គិតពី​ការវិវត្ត​របស់​វា​។ មនុស្ស​ជឿថា ការរីក​រាលដាល​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង​កើតចេញពី​ការរីក​រាលដាល​នៅ​តំបន់​អាស៊ីអាគ្នេយ៍​»​។​

«​អ្វីដែល​នៅតែ​ជា​ចម្ងល់​គឺថា ទោះបីជា​យើង​ឃើញ​មាន​ការរីក​រាលដាល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ មិនមាន​អ្វី​កើតឡើង​ធំដុំ​ទេ​រហូតមក​ដល់ពេលនេះ​»​។​

​លោក Prasert និយាយថា អាជ្ញាធរ​ថៃ​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការឃ្លាំមើល​លើ​ការឆ្លង​ជា​ករណី ដូច្នេះ ដោយសារ​តែមាន​ហានិភ័យ​កាន់តែខ្លាំង អ្នកធ្វើការ​នៅ​ក្រសួង​សុខភាព​សាធារណៈ កំពុង​ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​កំណត់សម្គាល់​ក​រ​ណី​ជាច្រើន​ដើម្បី​កុំ​ឲ្យ​វា​រីក​រាលដាល​។​

​ប៉ុន្តែ​អ្នក​ផ្សេងទៀត ដូចជា​លោក Voravit Suwanvanichkij នៃ​សាលា Johns Hopkins School ផ្នែក​ឱសថ និង​អ្នក​ផ្សេងទៀត​ដែល​ធ្វើការ​ក្នុង​អង្គការ​សប្បុរសធម៌​សម្រាប់​ជនភៀសខ្លួន​តាម​បណ្តោយ​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ជាង​នេះ​។ លោក Voravit និយាយថា ការឆ្លង​មេរោគ​ហ្ស៊ី​កា​នឹង​កើនឡើង​។ «​មាន​ហានិភ័យ​ពិត​ប្រាកដថា យើង​កំពុង​បង្កើត​ឲ្យ​មាន​ជំងឺ​រាតត្បាត​ថ្មី​មួយ​នៅ​តំបន់​នេះ​»​។​

​លោក​និយាយថា​៖ «​នេះ​ជាការ​ព្រួយបារម្ភ​មួយ​យ៉ាង​ធំ ជាពិសេស​ចាប់តាំងពី​មានការ​ភ័យ​ច្របូកច្របល់​ខ្លាំង​បំផុត​មួយ​ដោយសារតែ​ភាពមិនប្រក្រតី​នៃ​ទារក គឺ​ធ្វើ​ឲ្យ​ក្មេងៗ​កើតមក​មាន​ក្បាល​តូច​ខុស​ប្រក្រតី​»​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​ក្នុងស្រុក​ជាច្រើន​បាន​រាយការណ៍​ថា មន្ត្រីជាន់ខ្ពស់​នៅ​ផ្នែក​ប្រឆាំង​ជំងឺឆ្លង​នៃ​ក្រសួង​សុខភាព​សាធារណៈ បាន​និយាយថា ហ្ស៊ី​កា​មិនត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ករណី​ធ្ងន់ធ្ងរ​ទេ ដោយសារតែ​នៅពេលនេះ​វា​មិន​មានការ​ផ្ទុះឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​។​

​មន្ត្រី​ជាច្រើន​នៅ​ក្រសួង​សុខភាព​សាធារណៈ​ថៃ​និយាយថា ក្នុងស្រុក San Sai នៃ​ខេត្ត​ឈៀង​ម៉ៃ មាន​ស្ត្រី​ពីរ​នាក់ ដែល​ម្នា​ក់មាន​ផ្ទៃពោះ​៦​ខែ ហើយ​ម្នាក់ទៀត​៨​ខែ កំពុង​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​បុគ្គលិក​ពេទ្យ​។​

​លោក Voravit និយាយថា ក្រុមមន្ត្រី​ទាំងនោះ និង​សាធារណជន​ទាំងអស់​កុំ​ទាន់​អាល​សប្បាយចិត្ត​។​

​លោក​បាន​ថ្លែងប្រាប់ VOA ថា​៖ «​ការពិត​នោះ​គឺថា ទាំងនេះ​មិនគួរ​ជា​អ្វីដែល​ធ្វើ​ឲ្យ​យើង​បន្ថយ​កម្លាំង​ការពារ​យើង​ទេ​។ ពួកគេ​មាន​សក្តានុភាព ហើយ​យើង​នៅតែ​សិក្សា​អំពី​ជំងឺ​នេះ ហើយ​ពេលនេះ​មិនមែនជា​ពេលដែល​ត្រូវ​បន្ថយ​កម្លាំង​ទេ​»​។​

​លោក​និយាយថា ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​នៅក្នុង​ទីក្រុង ជាពិសេស​នៅ​ខណៈពេលដែល​សត្វ​មូស Aedes ដែល​ផ្ទុកមេរោគ​នេះ បាន​បន្សាំ​ខ្លួន​របស់​ពួកវា​ទៅនឹង​«​ការរស់នៅ​ជុំវិញ​មនុស្ស​និង​លំនៅដ្ឋាន​របស់​មនុស្ស​»​។​

​លោក​និយាយថា ការព្រួយបារម្ភ​គឺថា «​បើសិនជា​អ្នក​ស្ថិតនៅ​ញឹកញាប់​ជាមួយ​មនុស្ស​ដែល​ឆ្លង​ជំងឺ​នេះ អ្នក​អាច​នឹងធ្វើ​ឲ្យ​មានការ​រាតត្បាត​»៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com