អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក លី ក្វាន់​យូ ធ្លាប់​ប្រមើល​ឃើញ​ការបរាជ័យ​របស់​សហ​ភាព​អឺរ៉ុប​?
02, Oct 2016 , 9:30 am        
រូបភាព
អង់គ្លេស​ចាកចេញ​សហភាព​អឺរ៉ុប ជា​សុបិន​អាក្រក់​មួយ​សម្រាប់​សមាហរកម្ម​តំបន់​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ការដើរ​ដល់​ផ្លូវបំបែក​របស់​ក្រុម​សមាជិក​សហភាព​អឺរ៉ុប​នេះ​ត្រូវបាន​ព្យាករណ៍​ដោយ​បុរស​រដ្ឋ​សិង្ហ​បុរី​លោក លី ក្វាន់​យូ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អាល្លឺម៉ង់​តាំងពី​ឆ្នាំ ២០១២ និង​ក្នុង​សៀវភៅ​របស់លោក « One Man’s View of the World» ។



​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អាល្លឺម៉ង់ Die Zeit ក្នុង​ឆ្នាំ ២០១២ លោក លី ក្វាន់​យូ ស្ថា​និករ​ដ្ឋ​សិង្ហ​បុរី បាន​វាយតម្លៃ​ជាមុន​ថា សហភាព​អឺរ៉ុប​អាច​នឹង​បរាជ័យ​ក្នុងពេល​ណាមួយ​ខាងមុខ​។ អ្នកសារព័ត៌មាន​បាន​ចោទសួរ​លោក លី ក្វាន់​យូរ ថា​៖« តើ​លោក​យល់ថា សហភាព​អឺរ៉ុប​ដែល​យើង​មាន​សព្វថ្ងៃនេះ មិនមែនជា​ជោគជ័យ និង​ជា​កម្លាំង​មួយ​ដែល​ជំរុញ​លើកទឹកចិត្ត​តំបន់​ផ្សេងទៀត​លើ​ពិភពលោក​មែន​ទេ​?»

​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​អស់​រយៈពេល​ច្រើន​ទសវត្សរ៍​មក​នោះ លោក លី ក្វាន់​យូ បាន​ឆ្លើយតប​ភ្លាមៗ​ថា​៖« ទេ​! ខ្ញុំ​មិន​មើលឃើញ​សហភាព​អឺរ៉ុប​ជា​កម្លាំង​ដែល​ជំរុញ​ឲ្យ​តំបន់​ផ្សេងទៀត​លើ​ពិភពលោក​ធ្វើតាម​ទេ​។  ខ្ញុំ​មើលឃើញថា វា​គ្រាន់តែ​ជា​សហគ្រាស​មួយ​ដែល​ផ្តើមឡើង​ខុស ព្រោះតែ​វា​ត្រូវបាន​គេ​ពង្រីក​ខ្លួន​រហ័ស​ខ្លាំងពេក​។ ហើយ​វា​នឹង​អាច​បរាជ័យ​ថែមទៀត​»​។​

ទាក់ទិន​បញ្ហា​នេះ ក្នុង​សៀវភៅ​របស់លោក​ដែលមាន​ចំណងជើង​ថា «One Man’s View of the World» លោក លី ក្វាន់​យូរ បាន​ពន្យល់ថា​ការបន្ថែម​សមាជិក​រហ័ស​ក្នុង​ដំណើរ​សមាហរណកម្ម​នេះ​ក្លាយជា​បញ្ហា​ព្រោះ​អឺរ៉ុប​នឹងមាន​ការ​បែកខ្ញែក​គ្នា និង​មិនមាន​លទ្ធភាព​ស្វែងរក​ការសម្រេច​ជា​ឯកច្ឆ័ន្ទ​ពេលអនាគត​ឡើយ​។

ក្រៅពី​លើកឡើង​ពី​ការ​គ្មាន​ឯកភាពគ្នា​ក្នុងចំណោម​សមាជិក លោក លី ក្វាន់​យូ ក៏​ទាញ​បញ្ហាសំខាន់​មួយទៀត​សម្រាប់​តំបន់​អឺរ៉ុប​ផងដែរ​។ នោះ​គឺ​តំបន់​ចាយលុយ​អឺរ៉ូ ដែល​បង្កើតឡើង​ដោយ​គ្មាន​សមាហរណកម្ម​នយោបាយ​សារពើពន្ធ​ពិតប្រាកដ​មួយ​។ លោក លី ក្វាន់​យូ សង្កត់ធ្ងន់ថា អឺរ៉ុប​ត្រូវមាន​សមាហរណកម្ម​ស៊ីជម្រៅ​ជាង​បច្ចុប្បន្ន ហើយ​ទម្រង់​នៃ​តំបន់​ចាយលុយ​អឺរ៉ូ​នឹង​មិនអាច​សង្គ្រោះ​បានឡើយ ព្រោះថា អឺរ៉ុប​មិន​អាចមាន​សមាហរណកម្ម​រូបិយប័ណ្ណ ដោយ​គ្មាន​សមាហរកម្ម​នយោបាយ​សារពើពន្ធ​។​

ត្រលប់​មកវិញ សម្តី​លោក លី ក្វាន់​យូ ប្រៀបដូចជា​ការ​ទស្សន៍​ទាយ​ពី​អនាគត​នៃ​សហភាព​អឺរ៉ុប​ដូច្នេះ​ដែរ​។ បញ្ហា​ការិយាធិបតេយ្យ វិបត្តិ​បំណុល ការថយចុះ​នៃ​កំណើនសេដ្ឋកិច្ច កង្វះ​ការ​សាមគ្គី​និង​រួបរួមគ្នា​សុទ្ធតែជា​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​សហ​ភា​អឺរ៉ុប​។ ចក្រភព​អងគ្លេស​ដែល​សម្រេច​បោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​នោះ តាំងពីដើម​មក​ផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច ដោយមាន​ទីផ្សារ​រួមគ្នា​មិនមែន​គោលនយោបាយ​រួមគ្នា​ទេ​។ ហើយ​អង់គ្លេស​ក៏​មិន​ចង់​បាត់បង់​អំណាច​សម្រេច​ដែល​ផ្ទេរ​ទៅ​ឲ្យ​ស្ថាប័ន​អឺរ៉ុប​ដែរ​។​

ខុសពី​ចក្រភព​អង់គ្លេស អាល្លឺម៉ង់​ដែល​តាំងខ្លួន​ជា​មេដឹកនាំ​អឺរ៉ុប​យូរ​មកហើយ​នោះ តែងតែ​ចង់​ឲ្យ​មាន​សមាហរណកម្ម​ស៊ីជម្រៅ រហូត​ក្លាយជា​សហភាព​នយោបាយ​មួយ​។ អាល្លឺម៉ង់​យល់ថា បើ​អឺរ៉ុប​ចង់​ចេញ​ឲ្យ​ផុតពី​វិបត្តិ​បំណុល ការបន្ត​លើកស្ទួយ​ដំណើរ​សមាហរណកម្ម ដោយ​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ វិស័យ​ធនាគារ និង​វិធានការ​គ្រប់គ្រង​គោលនយោបាយ​សារពើពន្ធ​ជា​រឿង​ចាំ​បំផុត​មួយ​៕


Tag:
 Brexit
  លី ក្វាន់​យូ
 ​សហភាព​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com