អន្តរជាតិ
ទ្រាំ​ជាប់ឃុំ​ជាង​១​ទសវត្សរ៍​«​ស៊ូ​ជី​» សម្រេច​ក្តី​សុ​បិ​ន្ត និង​លើកស្ទួយ​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​
01, Oct 2016 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ជា​លើកដំបូង​ក្នុង​ប្រ​វិត្ត​សាស្ត្រ​នយោបាយ​មី​យ៉ាន់​ម៉ា​នៅ​ចុងឆ្នាំ​២០១៥ រួម​ជាមួយនឹង​ភាពចាស់ទុំ​ផ្នែក​នយោបាយ​របស់​ក្រុម​យោធា បានផ្តល់​ជា​លទ្ធផល​ផ្លែផ្កា​សម្រាប់​ការអភិវឌ្ឍ​ជាតិ ក៏ដូចជា​ដំណើរ​ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ខ្លួន​ទៀតផង​ដែរ​។ ការផ្លាស់ប្តូរ​នេះ បានធ្វើ​ឲ្យ​ទាំង​ប្រជាជន​ក្នុងស្រុក និង​សហគមន៍​អន្តរជាតិ ស្វាគមន៍ និង​សន្យា​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ក្មេងខ្ចី​ផ្នែក​ប្រជាធិបតេយ្យ​ផងដែរ​។ ហើយ​តួអង្គ​ពីក្រោយ​ការផ្លាស់ប្តូរ និង​ជា​តួអង្គ​ដែល​គេ​កំពុងតែ​ត្រូវបាន​គេ​សំឡឹង​មិន​ដាក់​ភ្នែក​នោះ​គឺ​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព និង​ជា​ប្រមុខ​បក្ស​កាន់អំណាច​បច្ចុប្បន្ន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​នោះឯង​។



​បើទោះបីជា​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើ​តាំងពី​របប​ដឹកនាំ​យោធា បាន​កំហិត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​ប្រមុខ​បក្ស​កាន់អំណាច​បច្ចុប្បន្ន មិនអាច​មានលទ្ធភាព​ក្លាយជា​ប្រធានាធិបតី​ក៏ដោយ របាំង​នេះ មិនអាច​បិទបាំង​លោកស្រី ស៊ូ​ជី​ក្នុងការ​ដឹកនាំ​ប្រទេស​បានឡើយ​។ ក្រោយ​ឈ្នះ​ការបោះឆ្នោត​ចុងឆ្នាំ​២០១៥ លោកស្រី ស៊ូ​ជី បានតែងតាំង​ជំនិត និង​ធា្ល​ប់​ជា​អ្នក​បើកឡាន​របស់លោក​ស្រី​គឺ​លោក ធិ​ន ច ឲ្យ​កាន់តំណែង​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ខណៈ​លោកស្រី កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ផង​, រដ្ឋមន្ត្រី​ការិយាល័យ​ប្រធានាធិបតី​ផង និង​ជាទី​ប្រឹក្សា​រដ្ឋ​ផងដែរ​នោះ​។

​គិត​ចាប់តាំងពី​ការ​កាន់តំណែង​ជា​ផ្លូវការ​នៅ​ខែមេសា​កន្លងមក លោកស្រី អ៊ុង​សាន សូ​ជី ហាក់ដូចជា​រង​សម្ពាធ​ច្រើន​ទាំង​កិច្ចការ​ក្នុងប្រទេស​ផង និង​កិច្ចការ​ក្រៅប្រទេស​ផង​។ ហើយ​នោះ ក៏​ព្រោះតែ​រដ្ឋាភិបាល​របស់លោក​ស្រី គឺជា​រដ្ឋាភិបាល​ស៊ីវិល​លើកដំបូង​ដែល​ដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​នយោបាយ​ក្នុង​រយៈ​ជាង​៥​ទសវត្សរ៍​ចុងក្រោយ​នេះ ពោលគឺ រដ្ឋាភិបាល​លោកស្រី គឺជា​រដ្ឋាភិបាល​ក្នុង​របត់​នយោបាយ​ពី​ការដឹកនាំ​ដោយ​យោធា​ទៅ​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​សុទ្ធសាធ​។

​បើ​ក្រឡេក​ក្នុង​ទិដ្ឋភាព​ទូទៅ​នៃ​នយោបាយ​មី​យ៉ាន់​ម៉ា សមិទ្ធផល​ធំ​ក្រោម​ការដឹកនាំ​ដោយ​អ្នកនយោបាយ​ស្រី លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺ​ការផ្សះផ្សារ​ជាតិ ដែល​ទាំង​ជាមួយនឹង​ក្រុម​យោធា និង​ក្រុម​ឧទ្ទាម​។ ក្រុម​យោធា ដែល​រួមទាំង​អតីត​ប្រធានាធិបតី​ពាក់កណ្តាល់​ស៊ីវិល​-​យោធា ថេ​ន សេន មិន​ត្រឹមតែ​ប្រគល់​អំណាច​ដោយ​សន្តិវិធី​ឲ្យ​អ្នកនយោបាយ​ស៊ីវិល​នោះទេ តែ​ថែមទាំង​សន្យា​ចូលរួម​សហប្រតិបត្តិ​ការដឹកនាំ​ប្រទេស​ទៀតផង​។ ហើយ​បើ​និយាយ​ពី​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ដែលមាន​ទាហាន​ឯករាជ្យ និង​តែងតែ​ប៉ះទង្គិច​ប្រដាប់អាវុធ​ជាមួយនឹង​រដ្ឋបាល​ចាស់​មី​យ៉ាន់​ម៉ា​នោះ ក៏បាន​ងាក​មករក​ការចរចា​ជាមួយនឹង​រដ្ឋាភិបាល​ស៊ីវិល​លោកស្រី ស៊ូ​ជី ដែល​ភាគី​ទាំងពីរ ក៏​ស្ថិតនៅ​ក្នុងដំណាក់កាល​នៃ​ការចរចា​ដើម្បី​ឈានទៅរក​«​បទ​ឈប់​បាញ់​ថ្នាក់ជាតិ​»​ទៀតផង​។

​ងាក​មក​ចាប់អារម្មណ៍​ទំនាក់ទំនង​កិច្ចការបរទេស​វិញ​ម្តង​! ក្រៅពី​ការប្រកាស​សាទរ និង​ការពង្រីក​សហ​ប្រតិ​ប​ត្ត​ការ​ពី​សំណាក់​សហគមន៍​អន្តរជាតិ លើ​ដំណើរការ​ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​នឹង​លុបចោល​ទណ្ឌកម្មសេដ្ឋកិច្ច​ទាំងអស់​ដែល​បានដាក់​ប្រឆាំងនឹង​របប​យោធា​យោធា​ដែល​ធ្លាប់បាន​ដឹកនាំ​មី​យ៉ាន់​ម៉ា​កន្លងមក​។ ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​នា​ជំនួប​ផ្លូវការ​ជាដំបូង​ក្នុងនាម​ជា​មេដឹកនាំ​រវាង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវកា​របស់លោក​ស្រី​ស៊ូ​ជី​ក្នុង​ទឹកដី​អាមេរិក​។ ការណ៍​ដែល​អាច​ឲ្យ​អាមេរិក​អាច​សម្រេច​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​លោកស្រី ស៊ូ​ជី អះអាងថា​ជា​ផ្នែក​របាំង​មួយ​សម្រាប់​ការ​អភិ​ឌ្ឍ​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​នោះ ក៏​ព្រោះតែ​ដំណើរការ​ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះទេ​។

​មាន​បញ្ហា​ប្រឈម និង​ចំណុច​ជាច្រើន​ផ្សេងទៀត​ពាក់ព័ន្ធ​ការផ្លាស់ប្តូរ​ការដឹកនាំ​របស់​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​លើកឡើង​។ តែ​អ្វីដែល​គួរកត់សម្គាល់​នោះ មុននឹង​មកដល់​ចំណុច​នេះ មាន​អ្នកនយោបាយ និង​អ្នកចូលរួម​ចលនា​ប្រជាធិបតេយ្យ​ជាច្រើន រួមទាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ផងដែរ​នោះ បាន​រង​ទុក្ខ និង​សម្ពាធ​តាមរយៈ​ការដឹកនាំ​របស់​របប​យោធា​។ តើ​វា​ជា​រឿង​ចៃដន្យ​សម្រាប់​ដំណើរការ​ឆ្ពោះទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​?

​ប្រវត្តិ​នៃ​ការតស៊ូ និង​ការមិន​រត់គេច​ពី​សម្ពាធ​នយោបាយ​របស់​លោកស្រី​ស៊ូ​ជី
​ដូច​បានបញ្ជាក់ លោកស្រី ស៊ូ​ជី មិនអាច​ក្លាយជា​ប្រធានាធិបតី បាន​នោះទេ បើ​មិនមាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះ​។ តែ​លទ្ធិប្រជាធិបតេយ្យ ក៏​មិនអាច​កើតមានឡើង​នៅក្នុង​ប្រទេស​លទ្ធិ​ប្រជាធិបតី​ក្មេងខ្ចី​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​យោធា​ជាច្រើន​ទសវត្សរ៍​ហើយ​នោះ​។

​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​ម្នាក់ ដែល​តំណាងឱ្យ​ការតស៊ូ អហិង្សា ប្រឆាំង​ក្រុម​យោធា​ផ្ដាច់ការ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ លោកស្រី ស៊ូ​ជី បាន​ប្រឹងប្រែង​ឱ្យមាន ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​ប្រជាជន បន្ទាប់ពី​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​យោធា អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ លោកស្រី ស៊ូ​ជី ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ខណៈ​កំពុង​ដែល​លោកស្រី ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​នៅឡើយ​នោះទេ​។​

​នៅ​ឆ្នាំ​១៩៦០ លោកស្រី ស៊ូ​ជី បាន​ទៅ​ប្រទេស​ឥណ្ឌា​ជាមួយ​ម្ដាយ​លោកស្រី​ដែល​ពេលនោះ​ជា​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​ទីក្រុង​ដែ​ល្លី​។ ៤​ឆ្នាំ​ក្រោយមក លោកស្រី ស៊ូ​ជី បាន​បន្តដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស និង​បន្ត​ការសិក្សា​នៅ​សកលវិទ្យា​ល័យ Oxford​។ ទីនេះ​ហើយ​ដែល​លោកស្រី ស៊ូ​ជី បាន​ជួប​ជាមួយ​លោក Michael Aris ដែល​ក្រោយមក​បានក្លាយ​ជា​ស្វាមី​លោកស្រី​។ អ្នក​ទាំងពី​មានកូន​ពីរ​នាក់​គឺ  Alexander​និង Kim​។

​ជីវិត​រស់នៅ​ក្នុងប្រទេស​អង់គ្លេស​មិនបាន​ធ្វើឱ្យ​លោកស្រី ស៊ូ​ជី បំភ្លេច​ប្រទេស​កំណើត​នោះឡើយ​។ នៅ​ឆ្នាំ​១៩៨៨ លោកស្រី​បាន​ត្រលប់មក​មី​យ៉ាន់​ម៉ា​វិញ ដើម្បី​ថែទាំ​ម្ដាយ​លោកស្រី​ដែល​កំពុងមាន​ជំងឺ​។ ម្យ៉ាងទៀត ការមកដល់​របស់លោក​ស្រី គឺ​ចំពេល​នៃ​ការកើនឡើង​ចលាចល​នយោបាយ​ក្នុងប្រទេស​។  មនុស្ស​រាប់ពាន់នាក់​ភាគច្រើន​ជា​សិស្ស ព្រះសង្ឃ និង​មាន​កម្មករ​ផង​នោះ បានធ្វើ​បាតុកម្ម​ទាមទា​រ​ឱ្យមាន​កំណែទម្រង់​ប្រទេស​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ នេ វីន​។​

​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៨៨ លោកស្រី ស៊ូ​ជី បានប្រកាស​ដឹកនាំ​នូវ​ចលនា​មួយ​ប្រឆាំងនឹង​ការដឹកនាំ​របស់​ក្រុម​យោធា​របស់លោក នេ វីន​។ លោកស្រី បាន​ដឹកនាំ​ការប្រមូលផ្ដុំ​មហាជន និង​ធ្វើដំណើរ​ទៅកាន់​តំបន់​ជាច្រើន ដើម្បី​ទាមទារ​ឱ្យមាន​កំណែទម្រង់​ប្រជា​ធិ​ប តេ​យ្យ និង​ការបោះឆ្នោត​ដោយ​សេរី​នៅក្នុង​មី​យ៉ាន់​ម៉ា​។

​ប៉ុន្តែ​ការប្រមូលផ្ដុំ​ទាំងនោះ ត្រូវបាន​វាយ​បង្ក្រាប​យ៉ាង​សាហាវ​ពី​សំណាក់​កងទ័ព ដែល​ក្រោយមក​បានធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​១៩៨៨ ហើយ​ឆ្នាំ​បន្ទាប់មក លោកស្រី ស៊ូ​ជី ក៏ត្រូវ​ជាប់ឃុំ​ខ្លួន​ក្នុងផ្ទះ​។ នៅ​ខែឧសភា ឆ្នាំ​១៩៩០ រដ្ឋាភិបាលយោធា​បានប្រកាស​ពី​ការបោះឆ្នោតជាតិ​។

​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ ប៉ុន្តែ​ក្រុម​យោធា​មិនបាន​ផ្ទេរអំណាច​ឡើយ​។ ក្រោយ​ស្ថិតក្រោម​ការឃុំខ្លួន​អស់​រយៈពេល​៦​ឆ្នាំ លោកស្រី ស៊ូ​ជី ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​១៩៩៥ ។​

​នៅ​ឆ្នាំ​២០០០ លោកស្រី ស៊ូ​ជី ត្រូវ​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​ម្ដងទៀត​។ លោកស្រី​បាន​បំពាន​បម្រាម​នៃ​ការ​កំហិត​ការធ្វើដំណើរ​របស់​ក្រុម​យោធា​ដោយបាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ម៉ាន់​ដា​លេ​។ នៅ​ឆ្នាំ​២០០២ លោកស្រី​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ម្ដងទៀត​។

​ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក​លោកស្រី​ក៏ត្រូវ​ចាប់​ដាក់គុក​ដោយសារតែ​មាន​ជម្លោះ​រវាង​អ្នកគាំទ្រ​លោកស្រី​និង​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាលយោធា ហើយ​ក្រោយ​ត្រូវបាន​យកទៅ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​លោកស្រី​វិញ​។ ក្នុងការ​ឃុំខ្លួន​លើក​នេះ លោកស្រី​មាន​សិទ្ធិ​ជួប​មន្ត្រី​បក្ស​លោកស្រី និង​មន្ត្រីការទូត​មួយចំនួន​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​នៃ​ការឃុំខ្លួន​ក្នុងផ្ទះ លោកស្រី ស៊ូ​ជី មិនដែល​បាន​ជួប​ជាមួយ ប្ដី​និង​កូន​ទាំងពីរ​សោះឡើយ សូម្បី​នៅពេល​ប្ដី​លោកស្រី​ស្លាប់​ដោយ​ជំងឺមហារីក​នៅ​ឆ្នាំ​១៩៩៩ ក៏​លោកស្រី​មិន​ទៅ​ចូលរួម​ផង​។ តាមពិតទៅ ក្រុម​យោធា​ក៏​ធ្លាប់​អនុញ្ញាតឱ្យ​លោកស្រី​ទៅ​មើល​ស្វាមី​ដែរ តែ​លោកស្រី​បាន​បដិសេធ​ព្រោះ​លោកស្រី​គិតថា នៅពេល​ចាក​ចេញពី​ប្រទេស​ហើយ លោកស្រី​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​មកវិញ​បានឡើយ​។​

​ការតស៊ូ​ប្រឈមមុខ​នឹង​ក្រុម​យោធា និង​លះបង់​សុភមង្គល​គ្រួសារ ដើម្បី​នាំ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មកកាន់​មី​យ៉ាន់​ម៉ា បាន​និង​ធ្វើ​ឲ្យ​លោកស្រី ស៊ូ​ជី ក្លាយជា​អ្នកនយោបាយ​ស្រី​លទ្ធិប្រជាធិបតេយ្យ​ដ៏​តស៊ូ​បំផុត​របស់​ពិភពលោក​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com