អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី Duterte ជា​មេដឹកនាំ​មាត់​អត់​គម្រប​?
29, Sep 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នរណាៗ​ក៏​ដឹង​ដែរ​ថា ប្រធានាធិបតី​ហ្វីលីពីន​ថ្មី លោក Rodrigo Duterte តែងតែ​ប្រើប្រាស់​ពាក្យសម្ដី​គ្រោតគ្រាត និង​ពេលខ្លះ​ថែមទាំង​ប្រើស​ម្ដី​អសុរោះ ដាក់​គេឯង​គ្រប់គ្នា​មិន​រើសមុខ​ឡើយ​។ យ៉ាងណាក្ដី បន្ទាប់ពី​ការប្រើប្រាស់​ពាក្យសម្ដី​ទាំងនោះ​ហើយ ប្រធានាធិបតី​ដែលមាន​ងារ​ជា «​អ្នក​ដាក់ទណ្ឌកម្ម​» រូបនេះ ក៏​និយាយ​សម្រាល​ស្ថានការណ៍​វិញ ដោយ​ពេលខ្លះ​អះអាងថា ការនិយាយ​ពាក្យ​មិន​សមរម្យ​នោះ ជា​កំហឹង​របស់លោក​ប៉ុណ្ណោះ​។

 
​មេដឹកនាំ​មហាអំណាច​ពិភពលោក​មួយចំនួន​រួមទាំង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ផង​នោះ គឺ​សុទ្ធតែ​ត្រូវបាន​បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte ប្រើពាក្យ​មិន​សមរម្យ​ដាក់​ទាំងអស់​។ ជា​ញឹកញយ បន្ទាប់ពី​និយាយ​ពាក្យ​មិន​សមរម្យ​ហើយ​នោះ ប្រធានាធិបតី​ហ្វីលីពីន តែង​បង្ហាញ​ការសោកស្ដាយ​ចំពោះ​សកម្មភាព​របស់លោក ហើយ​ពេលខ្លះទៀត លោក​បែរជា​បដិសេធ​ប្រើពាក្យ​ទាំងនោះ​ទៅវិញ​ដែរ​។ 
 
​តាំងតែ​ពីមុន​ចូលកាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte តែង​ប្រើពាក្យ​អសុរោះ​ពិបាក​ស្ដាប់​នៅពេលដែល​មិន​សប្បាយចិត្ត ឬ​នៅពេលដែល​លោក​ទើសទាល់​សកម្មភាព​ណាមួយ​នោះ​។ សម្ដេច​ប៉ាប Francis នៃ​បុរី​វ៉ា​ទី​កង់ ជា​បុគ្គល​ដំបូង​ដែល​ត្រូវ​លោក Duterte ប្រើពាក្យ​មិន​សមរម្យ​ដាក់​។ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ២០១៥ លោក Duterte ដែល​នៅ​ជា​បេក្ខជន​ប្រធានាធិបតី​នៅឡើយ បាន​ហៅ​សម្ដេច​ប៉ាប​ថា «​កូនស្រី​ខួច​»​ព្រោះ​លោក​ខឹង​នឹង​ការស្ទះ​ចរាចរណ៍ ដែល​បណ្ដាលមកពី​ទស្សនកិច្ច​របស់​សម្ដេច​ប៉ាប​។​
 
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល​ជា​ជនរងគ្រោះ​មួយទៀត​ពី​ការប្រើ​ពាក្យ​គ្រោតគ្រាត​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​។ លោក Duterte បាន​ហៅ​លោក Philip Goldberg ថា​ជា «​ខ្ទើយ​» អំឡុងពេល​សុន្ទរកថា​ទៅកាន់​ទាហាន​ក្នុង​ក្រុង​សេ​ប៊ូ​។ លោក Duterte បញ្ជាក់ថា លោក Philip Goldberg បាន​ជ្រៀត​ជ្រែកចូល​កិច្ចការ​របស់​ហ្វីលីពីន កាលពីពេល​បោះឆ្នោត ដែល​រឿង​នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​ជេរ​តែម្ដងទៅ​។​
 
​មិន​ត្រឹមតែ​អគ្គរដ្ឋទូត​អាមេរិក​ទេ សូម្បីតែ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​គេច​មិន​ផុតពី​មាត់​អត់​គម្រប​របស់លោក Duterte ដែរ​។ មុនពេល​ចាកចេញ​ទៅ​ឡាវ ដើម្បី​ចូលរួម​ប្រជុំ​អាស៊ាន លោក Duterte បាន​និយាយ​ដៀមដាម​ដាក់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​លោក​បាន​ចោទ​សួរថា ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ជា​នរណា ហើយ​ថែមទាំង​ហៅ​លោក អូ​បា​ម៉ា ជា​កូន​ស្រីខូច ថែមទៀត ដែល​រឿងនេះ​ធ្វើ​ឲ្យ​លោក អូ​បា​ម៉ា សម្រេចចិត្ត​លុបចោល​ជំនួប​ទ្វេភាគី​ជាមួយ​លោក Duterte ម្ដង​ទៅ​។​
 
«F**k you» ! នេះ គឺជា​សារ​ឆ្លើយតប​មួយ​យ៉ាងខ្លី​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន Duterte ទៅកាន់​សហភាព​អឺរ៉ុប ដែល​បាន​ថ្លែង​ព្រួយបារម្ភ និង​រិះគន់​ពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស​រប​ស់លោក​នោះ​។ នេះ​ក៏​ជាការ​ប្រើពាក្យ​អសុរោះ​ជាថ្មី និង​ចុងក្រោយ​បំផុត​របស់លោក​ប្រធានាធិបតី បន្ទាប់ពី​លោក​បានធ្វើ​យ៉ាង​ដូច្នេះ​ទៅលើ​ប្រធានាធិបតី​អាមេរិក​រួចមក​។​
 
​ជាការ​ពិត ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ត្រូវគេ​មើលឃើញថា ជា​មេដឹកនាំ​មាត់ដាច និង​ចិត្ត​ឆៅ ព្រោះ​លោក​ក៏​ធា្ល​ប់​គំរាម​ទាត់​អគ្គរដ្ឋទូត​បរទេសមួយ ដែល​ហ៊ាន​សួរនាំ​លោក​រឿង​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់ និង​ថែមទាំង​ដាក់​បញ្ជា​បាញ់សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​គ្មាន​ត្រា​ប្រណី​ផងដែរ​។ មកទល់ពេលនេះ មនុស្ស​ជិត​បី​ពាន់​នាក់ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ត្រូវ​បាញ់សម្លាប់​យ៉ាង​រង្គាល​ក្រោម​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន​របស់លោក​៕   

© រក្សាសិទ្ធិដោយ thmeythmey.com