អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte ថា​ភ្នាក់ងារ CIA មាន​ផែន​ការចង់​សម្លាប់​លោក​
30, Sep 2016 , 8:00 pm        
រូបភាព
លោក Duterte ត្រួតពល​មុនពេលចេញដំណើរទៅ​ទស្សនកិច្ចនៅវៀតណាម​ (រូបភាព៖គណនី​ ហ្វេសប៊ុក​លោក Duterte)
លោក Duterte ត្រួតពល​មុនពេលចេញដំណើរទៅ​ទស្សនកិច្ចនៅវៀតណាម​ (រូបភាព៖គណនី​ ហ្វេសប៊ុក​លោក Duterte)
ដោយ: ថ្មីៗ
លោក Rodrigo Duterte អះអាងថា លោក​បានលឺ​ថា​ក្រុម​ភា្ន​ក់​ងារ​ចារកម្ម​មជ្ឈិម​អាមេរិក (CIA) មាន​គម្រោង​សម្លាប់​លោក​។ លោក​បាន​ថ្លែង​បែបនេះ នៅពេលដែល​លោក​ប្រកាសថា លោក​មិន​អនុញ្ញាត​ឲ្យ​ទាហាន​ហ្វីលីពីន​ចូលរួម​ល្បាត​ជាមួយ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ហើយ​លោក​ក៏​ប្រកាសថា  សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​ឆ្នាំ ២០១៧ ជា​សមយុទ្ធ​ចុងក្រោយ​បំផុត​ដែរ​។

 
ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​អះអាង​ប្រាប់​សហគមន៍​ហ្វីលីពីន​នៅ​វៀតណាម​នៅ​ថ្ងៃ​ពុធ​ទី ២៨ កញ្ញា​ថា លោក​បាន​លឺថា ភា្ន​ក់​ងារ​ចារកម្ម​មជ្ឈិម​អាមេរិក (CIA)​មាន​គម្រោង​សម្លាប់​លោក​។ ​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន ABS-CBN លោក Duterte បាន​ថ្លែង​បែបនេះ​ស្រប​ពេលដែល​លោក​ប្រកាសថា រដ្ឋាភិបាល​របស់លោក​នឹងមិន​អនុញ្ញាត​ឲ្យ​ទាហាន​ហ្វីលីពីន​ចូលរួម​ក្នុង​សកម្មភាព​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​អាមេរិក​ឡើយ​។ លោក​ថា លោក​មិន​ប្តូរ​ឲ្យ​ទាហាន​លោក​ទៅ​ស្លាប់​ឡើយ​។​
 
​ខណៈដែល​លោក​កំពុង​ស្ថិតនៅ​ប្រទេស​វៀតណាម លោក Duterte បាន​បន្ត​ទិតៀន​អាមេរិក​ជាថ្មី​ដែល​បន្ត​រិះគន់​សង្គ្រាម​គ្រឿងញៀន និង​ចោទ​លោ​កថា​បាន​រំលោភសិទ្ធិ​មនុស្ស​។ ហើយ​លោក​និយាយ​ពេញៗ​មាត់​ថា លោក​ក៏​ចង់​បង្កើត​សម្ព័ន្ធភាព​ថ្មី​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ដូចជា​ចិន និង​រុស្ស៊ី​ជាដើម ហើយ​លោក​ក៏​គំរាម​លុបចោល​សម្ព័ន្ធភាព​យូរអង្វែង​ដែល​បង្កើត​តាម​សន្ធិសញ្ញា​ជាមួយ​អាមេរិក​ថែម​ទៀតផង​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ កាលពី​ថ្មីៗ​នេះ លោក Duterte បានបញ្ជាក់​យ៉ាងច្បាស់​ថា សមយុទ្ធ​យោធា​រវាង​អាមេរិក​និង​ហ្វីលីពីន​ឆ្នាំ ២០១៧ នេះ​ជា​សមយុទ្ធ​ចុងក្រោយ​បំផុត​។ ប៉ុន្តែ​ភ្លាមនោះ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Perfecto Yasay Jr. បាន​ជួយ​សម្រាល​ស្ថានការណ៍​ដោយ​បកស្រាយ​ថា សមយុទ្ធ​រវាង​អាមេរិក​និង​ហ្វីលីពីន​នឹង​បន្ត​ទៅមុខទៀត​បន្ទាប់ពី​ឆ្នាំ​២០១៧ ប៉ុន្តែ​លំ​ហាត់​យោធា​ទាំងនោះ​ត្រូវ​ត្រួតពិនិត្យ​ជាមុនសិន​មុន​រៀបចំឡើង​។ ហើយ​ហ្វីលីពីន​នៅតែ​ប្រឹងប្រែង​រក្សា​សម្ព័ន្ធភាព​ជាមួយ​អាមេរិក​ដដែល​៕  

Tag:
 Rodrigo Duterte
  CIA
© រក្សាសិទ្ធិដោយ thmeythmey.com