អន្តរជាតិ
«​សមុទ្រ​ចិន​ខាងត្បូង​» អាច​លែង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​អាស៊ាន​ពេល​ហ្វីលីពីន​ធ្វើជា​ប្រធាន​?
30, Sep 2016 , 2:50 pm        
រូបភាព
ប្រភពរូបភាព៖ AFP
ប្រភពរូបភាព៖ AFP
ដោយ:
​រាល់​ពេលដែល​និយាយ​ពី​«​អាស៊ាន​» គេ​មិនដែល​រំលង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ នោះ​តែ​ព្រោះ ស្ទើ​តែ​គ្រប់​វេទិកា​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ាន​ខ្លួនឯង​តែម្តង បញ្ហា​នេះ តែង​ត្រូវបាន​ជជែក​រហូតដល់​ពេលខ្លះ​ធ្វើ​ឲ្យ​មេដឹកនាំ​មើលមុខ​គ្នា​មិន​ចំ​ដោយសារ​ភាពចម្រូងចម្រាស និង​ជំហរ​ផ្សេងៗ​គ្នា​។ តែ​ក្រោយ​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី ឡើងកាន់​អំណាច ការប្រឈមមុខ រវាង​ហ្វីលីពីន និង​ចិន​ដែល​ភាគី​នៃ​ជម្លោះ និង​ជា​ជានិច្ចកាល​វាយប្រហារ​តាម​ភាសា​ការទូត​គ្នា​ខ្លាំងៗ​នោះ ហាក់ដូចជា​ស្ងប់ស្ងាត់​វិញ​។ ភាគី​ទាំងពីរ​ថែមទាំង​សន្យា​ចរចា​ទ្វេភាគី​ទៀតផង​។ តើ​នេះ​អាចជា​សញ្ញា​ល្អ​សម្រាប់​ហ្វីលីពីន​ដែល​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ​?

 
​ចាប់ពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧ តទៅ ហ្វីលីពីន នឹង​ក្លាយជា​ប្រធាន​វិលជុំ​អាស៊ាន​ជា​ផ្លូវការ​ហើយ​។ ជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ ហ្វីលីពីន មិន​ត្រឹមតែ​ជា​អ្នកសម្របសម្រួល​សម្រាប់​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​អាស៊ាន​លើក​ទី​៣០ និង​៣១​នោះទេ តែ ហ្វីលីពីន ក៏មាន​កាតព្វកិច្ច​ក្នុងការ​រៀបចំ កម្មវិធី​សម្រាប់​ខួប​លើក​ទី​៥០​របស់​អាស៊ាន ដែលជា​ពេល​កំណត់​មួយ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើត​អាស៊ាន​នោះ​។ ទោះ​តិច ឬ​ច្រើន ហ្វីលីពីន ត្រូវមាន​កា​ត្វ​កិច្ច បង្ហាញ​ពី​លក្ខណៈពិសេស​សម្រាប់​ឱកាស​មួយ​នេះ​ទៅកាន់​បណ្តា​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​ផ្សេងទៀត​របស់​អាស៊ាន ដ្បិត ហ្វីលីពីន ក៏​ជា​ស្ថាបនិក​របស់​អាស៊ាន​ក្នុង​ឆ្នាំ​១៩៦៧​ផងដែរ​។​
 
​ក្នុង​ថ្ងៃ​ដែល​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ទទួល​ញញួរ​ជា​ប្រធាន​អាស៊ាន​ពី​ឡាវ​ក្រោយពេល​ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៨ និង​លើក​ទី​២៩ នៅ​ប្រទេស​ឡាវ នៅ​ថ្ងៃទី​០៨​ខែ កញ្ញា​នោះ លោក ក៏បាន​ប្រកាស​ពី​របៀបវារៈ​ដែរ​។ ហើយ​នោះ​គឺ​ភាពជា​ដៃគូរ​ការផ្លាស់ប្ដូរ ការចូល​រួមជាមួយ​ពិភពលោក គឺជា​មូលបទ​របស់​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ បន្ថែម​ពីនេះ លោក ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ហ្វីលីពីន​នឹងធ្វើ​ឲ្យ​អាស៊ាន​លេចធ្លោ​ជា​គំរូ​នៃ​តំបន់​និយម និង​ជា​តួអង្គ​សកលលោក ដោយ​ចាត់ទុក​ផលប្រយោជន៍​របស់​ប្រជាជន​ជា​ស្នូល​»​។​
 
​ក្រោយ​នៃ​ការទទួលបាន​ញញួរ​ជា​ប្រធាន​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន មិនទាន់មាន​សេចក្តីថ្លែងការណ៍​បន្ថែម​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​អាស៊ាន ឬ​របៀបវារៈ​សំខាន់ ដែល​អាច​នឹង​ផ្តោត​សំខាន់​រួមទាំង​បញ្ហា​ចម្រូងចម្រាស​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​នោះ​។ សូម​រម្លឹក​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​នោះ បាន​ក្លាយជា​របៀបវារៈ​សំខាន់​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ជាង​ពីរ​ទសវត្សរ៍​មកហើយ​។ រដ្ឋ​សមាជិក​ដែលជា​ប្រធាន​អាស៊ាន តែងតែ​រង​សម្ពាធ​ខ្លាំង​ក្នុងការ​សម្របសម្រួល​កិច្ចប្រជុំ ជាពិសេស​នៅពេល​ដែលមាន​ការចូល​រួម​ពី​ចិន​។ ជាក់ស្តែង​នោះ ដោយសារ​ទំនាស់​នៃ​ផលប្រយោជន៍​រវាង​ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​នៅក្នុង​តំបន់​ជម្លោះ​នោះ បានធ្វើ​ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៅ​ឆ្នាំ​២០១២ ដែល​ពេលនោះ កម្ពុជា ធ្វើជា​ប្រធាន ត្រូវ​អាប់អួរ ដោយ​អាស៊ាន​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បានឡើយ​។ ហើយ​កម្ពុជា នៅតែ​ត្រូវបាន​គេ​បន្ទោស​ទៀតផង​។ 
 
​យ៉ាងណាក៏ដោយ ការប្រឈមមុខ​ការទូត​លើ​បញ្ហា​នេះ បានចាប់ផ្តើម​ថមថយ​គួរកត់សម្គាល់​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១៦​ក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​។ ទាំង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស និង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន សុទ្ធសឹងតែ​ដំណើរការ​ទៅដោយ​រលូន និង​ផ្លែផ្កា ដោយ​មិនបាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដូច​មុន​ទៀតឡើយ​។ ហើយ​នោះ​ក៏​ព្រោះតែ មុនពេល​នៃ​ការចូលរួម​កិច្ចប្រជុំ​នេះ លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ថ្មី Rodrigo Duterte ដែល​ទើបតែ​ឡើងកាន់​អំណាច​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ បានប្រកាសថា លោក នឹងមិន​ធ្វើ​កិច្ចប្រជុំ អាស៊ាន​ត្រូវ​អាប់អួរ​ដោយសារ​បញ្ហា​នេះឡើយ ហើយ លោក ក៏​អះអាងថា លោក នឹង​ចរចា​ជាមួយនឹង​ចិន​ដោយផ្ទាល់​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ទំនាក់ទំនង​ហ្វីលីពីន និង​ចិន បាន​មាន​ភាព​ល្អក់កករ​ជាមួយនឹង​ចិន​ខ្លាំង​នៅក្នុង​រដ្ឋបាល​ចាស់​ហ្វីលីពីន​ដែល​ដឹកនាំ​ដោយ​លោក​អតីត​ប្រ​ធានា​ធីប​តី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។ ការចរចា​ទ្វេភាគី មិនត្រូវ​បានក្លាយ​ជាយ​ន្ត​ការដោះស្រាយ​ឡើយ​។ ពេលនោះ ក្រៅពី​ការ​ថ្លែង​រិះគន់​ចិន រដ្ឋបាល​លោក​អា​ហ្គី​ណូ បាន​ប្តឹង​ចិន​ទៅកាន់​តុលាការអន្តរជាតិ​ដែល​ទើបតែ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​កាលពី​ខែកក្កដា​កន្លងទៅ​។ ទោះ​តុលាការ​សម្រេច​យ៉ាង​ដូច្នេះ​ក៏ដោយ លោក​ប្រធានាធិបតី Duterte មិនទាន់​ចេញ​សេចក្តីថ្លែងការណ៍​អនុវត្ត​សេចក្តីសម្រេច​នោះ​នៅឡើយ​នោះទេ ដោយ​គ្រាន់តែ អះអាងថា​នឹង​យក​សាលក្រម​នោះ​ជា​មូលដ្ឋាន​សម្រាប់​ចរចា​ប៉ុណ្ណោះ​។ 
 
​អ្វី​គួរកត់សម្គាល់​នៅ​ថ្ងៃទី​២២ ខែកញ្ញា​កន្លងទៅ​លោក​ប្រធានាធិបតី Rodrigo Duterte បានចាត់ទុក​ការទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​របស់​ចិន​នោះ​ថា​ធ្វើឡើង ដោយ​«​ភាពស្មោះត្រង់​»​នោះទេ​។ ការលើកឡើង​របស់លោក ធ្វើឡើង​ដើម្បី​បកស្រាយ​ពី​ចម្ងល់​មូលហេតុ​អ្វី​បានជា​លោក តែងតែ​សរសើរ និង​និយាយ​ពី​ចិន​ញឹកញាប់​នោះ​។​
 
​លើសពីនេះទៅទៀត លោក ថែមទាំង​ហ៊ាន​និយាយ​ត្រង់ៗ​ថា ហ្វីលីពីន មិនអាច​ពឹង​អាមេរិក​រហូត​នោះទេ ដោយ​លោក បន្ថែមថា លោក ត្រូវតែ​ត្រួស​ត្រាយផ្លូវ​ដោយ​ខ្លួនឯង​វិញ​។ ហើយ​ការណ៍​ដែល​លោក ចង់​ចរចា​ជាមួយនឹង​ចិន ក៏​ព្រោះតែ លោក ចង់បាន​សិទ្ធិ និង​ផលប្រយោជន៍​របស់ខ្លួន ដែល​ធ្លាប់តែ​ត្រូវបាន​គ្រប់គ្រង​ដោយ​ចិន​នោះឯង​។​
 
​ហេតុផល​ដូច​រៀបរាប់​ខាងលើ អាច​នឹងធ្វើ​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​លែង​ក្លាយជា​បញ្ហា​ធំ​ដែល​ត្រូវបាន​ជជែក​ដូច​មុន​ទៀតហើយ ដ្បិត ហ្វីលីពីន​ដែលជា​ភាគី​ជម្លោះ​ជាមួយនឹង​ចិន​ដ៏​មាន​សក្តានុពល បាន​ងាក​ទៅរក​ការចរចា​ហើយ​នោះ​។ សម្រាប់​ព្រុយ​ណេ និង​ម៉ាឡេស៊ី ដែលជា​ភាគី ជម្លោះ​នោះ មិនសូវ​សកម្ម​ខ្លាំង​ប៉ុន្មាន​នោះទេ ដ្ប​តិ​ទាំង​ម៉ាឡេស៊ី និង​ព្រុយ​ណេ​សុទ្ធសឹងតែ​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​តំបន់​ជម្លោះ ក៏ដូចជា ទំនាក់ទំនង​ជាមួយ​ចិន​ផងដែរ​។ ដោយឡែក វៀតណាម បើទោះជា ចង់​អុកឡុក​អាស៊ាន​ដូចពេលមុន ក៏​ពិបាក​ដែរ ដ្បិត​ដៃគូ​ដែល​ធ្លាប់តែ​ប្រកៀក​ស្មា​តទល់​ជាមួយនឹង​ចិន​ពីមុន​គឺ​ហ្វីលីពីន បាន​ងាក​ទៅរក​ការចរចា​ទ្វេភាគី​ហើយ​នោះ​៕ 

Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com