អន្តរជាតិ
ហេតុអ្វី​អាមេរិក​លែង​ហ៊ាន​ប្រើ​កម្លាំង​ទ័ព​ទម្លាក់​អាសាដ​?
30, Sep 2016 , 9:20 pm        
រូបភាព
ដោយ: ថ្មីៗ
ជម្លោះ​ប្រដាប់អាវុធ​នៅ​ស៊ី​រី​កាន់តែ​ស្មុគស្មាញ​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ មនុស្ស​បន្ត​ស្លាប់​រាល់ថ្ងៃ​ដោយសារ​ការវាយប្រហារ​និង​ទម្លាក់​គ្រាប់បែក​។ ហើយ​ក្តី​សង្ឃឹមថា​ជម្លោះ​អាច​ចប់​ហើយ​សន្តិភាព​ត្រឡប់មកវិញ​នោះ​កាន់តែ​ខិត​ទៅ​ឆ្ងាយ​ទៅ​ដែរ​។ ភាគី​ជម្លោះ រួមទាំង​មហាអំណាច​ដែល​កាង​គូភាគី​នោះ​ក៏​បន្ត​ចោទ​ដាក់គ្នា​ឥត​ឈប់​រឿង​រំលោភ​បទ​ឈប់​បាញ់​ដែល​បង្កើតឡើង​នៅ​ដើមខែ​កញ្ញា​កន្លងទៅ​។ ថ្វីបើ​វា​កាន់តែ​ស្មុគស្មាញ​ក្តី ក្រុង​វ៉ាស៊ីនតោន​លែង​ហ៊ាន​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​រយៈពេល​ជាង​៥​ឆ្នាំ​នេះហើយ​។​


​តាំងពី​យូរ​មកហើយ បណ្តា​អ្នកការទូត​អាមេរិក​ចង់​ឲ្យ​ប្រើ​កម្លាំង​ទ័ព​ដើម្បី​យកឈ្នះ​រដ្ឋាភិបាល​ស៊ី​រី ដូច​អាមេរិក​ធ្លាប់ធ្វើ​នៅ​អ៊ីរ៉ាក់ និង​លី​ប៊ី​។ ចាំ​ឈ្នះ​ហើយ ចាំ​គិតគូរ​រឿង​រៀបចំ​រដ្ឋាភិបាល​និង​ស្តារ​ប្រទេសជាតិ​ឡើងវិញ​តាម​ក្រោយ ព្រោះ​អ្នកឈ្នះ​អាច​កំណត់​អ្វី​គ្រប់យ៉ាង​បាន​ស្រួល​។ ប៉ុន្តែ​វា​មិន​ស្រួល​ដូច​គិត​ទេ បើសិនជា​គេ​ត្រឡប់មក​មើល​បញ្ហា​ស៊ី​រី​បច្ចុប្បន្ន​។ រដ្ឋាភិបាល​ស៊ី​រី មិន​ដូច​រដ្ឋាភិបាល​អ៊ីរ៉ាក់​សម័យ សា​ដាម ហ៊ូ​សេន ឬ​លី​ប៊ី​សម័យ​ហ្កា​ដា​ហ្វី​ឡើយ​។ ហើយ​មាន​ហេតុផល​ច្រើន​ដែល​ប​ន្ទុ​ច​បង្អាក់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​ឲ្យ​ប្រើប្រាស់​យោធា​ក្នុង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ដើម្បី​បញ្ចប់សង្គ្រាម​បង្ហូ​ឈាម​នេះ​។ 
 
១.​អន្តរាគមន៍​យោធា​អាមេរិក​នៅ​ស៊ី​រី​មិន​ជួយ​ដោះស្រាយ​អ្វី​ទាំងអស់ 
​ជម្លោះ​កើតឡើង​ជាង​៥​ឆ្នាំ​នឹងមិន​ចប់​ដោយសារ​ការទម្លាក់​រដ្ឋា​ភិ​បាល​រដ្ឋាភិបាល​អាសាដ​ឡើយ​។ ជម្លោះ​ប្រដាប់អាវុធ​នេះ​វា​ស្មុគស្មាញ​ជាង​អ្វីដែល​មើលឃើញ​ជាក់ស្តែង​។ ភាគី​ជម្លោះ​ច្រើន​មាន​ទាំង​ក្រុម​ភេរវជន​ទៀត ហើយ​មានការ​លូកលាន់​ពី​មហាអំណាច​និង​ប្រទេស​ធំ​ច្រើន​ទៀត​។ ដូច្នេះ ក្រៅពី​បន្ត​ប្រើ​ដំណោះស្រាយ​នយោបាយ ការប្រើប្រាស់​ទ័ព​កម្ចាត់​ភាគី​ម្ខាង​មិនមែនជា​មធ្យោបាយ​ជួយ​បញ្ចប់​បញ្ហា​ឡើយ​។ លោក អូ​បា​ម៉ា បាន​អះអាង​នៅ​ចំពោះមុខ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ការប្រើប្រាស់​កម្លាំង​ទ័ព​មិន​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ស៊ី​រី​ឡើយ​។ លោក​ទទួលស្គាល់ថា វិធីសាស្ត្រ​ការទូត​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​ជម្លោះ​បង្ហូរ​ដ៏​រ៉ាំរ៉ៃ​នេះ​បាន​។ ប៉ុន្តែ​បើ​សួរថា​ដំណោះស្រាយ​ការទូត​បែប​ម៉េច និង​ចាប់ផ្តើម​ដោយ​វិធី​ណា​នោះ វា​ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​។​
 
២.​លោក អូ​បា​ម៉ា​ជិត ផុត​អាណត្តិ​ហើយ​
​រឿង​ដែល​គេ​មិនអាច​ប្រកែក​បាន​ដែលថា ហេតុផល​មួយ​ដែល​ជំរុញ​ឲ្យ​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ប្រុងប្រយ័ត្ន​ក្នុងការ​ទម្លាក់​លោក អាសាដ គឺ អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជិត​ផុត​ហើយ ហើយ​អាមេរិក​កំពុង​មរ​មា​ញឹក​រឿង​បោះឆ្នោត​រើស​ប្រធានាធិបតី​ផង​។ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅសល់​ពេល​ប្រហែល​មិន​ដល់​៤​ខែ​ផង​ក្នុង​កាន់កាប់​តំណែង​ប្រធានាធិបតី​។ ដូច្នេះ​ការផ្លាស់ប្តូរ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​យោធា​នៅក្នុង​ជម្លោះ​ស៊ី​រី​វា​ជា​រឿង​មិនអាច​ទៅរួច​ឡើយ ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​។ តែ​វា​អាច​កើតឡើង ក្នុងករណី​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្លាយជា​ប្រធានាធិបតី​អាមេរិក​។ នេះ​ក៏​ដោយសារ​លោកស្រី ចង់​ប្តូរ​របប​នៅ​ស៊ី​រី និង​សាប​ព្រួស​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក ដូច​លោកស្រី​ធ្លាប់ធ្វើ​នៅ​លី​ប៊ី​។​
 
៣. អាមេរិក​ត្រឹម​ខ្ចីដៃ​ក្រុម​ភេរវជន​ប្រើប្រាស់​កម្ចាត់​រដ្ឋាភិបាល​អាសាដ​?
​អាមេរិក​បន្ត​ចោទសួរ ពេល​និយាយ​ដល់​ការប្រើប្រាស់​កម្លាំង​កម្ចាត់​រដ្ឋាភិបាល​លោក អាសាដ ថា​តើ​អ្នកណា​នឹង​កេងចំណេញ​ក្រោយ​កម្ចាត់​កងកម្លាំង​អាសាដ​។ វា​ជា​រឿង​ពិត​ដែលថា ទាំង​អាមេរិក ទាំង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​អាសាដ​មាន​សត្រូវ​រួម​គឺ​ក្រុម​ភេរវជន​។ បើ​បំផ្លាញ​កម្លាំង​អាសាដ​នៅពេលនេះ មិន​ខុសពី​ជួយ​ត្រួស​ត្រាយផ្លូវ​ឲ្យ​ក្រុម​ភេរវជន​ទាញយក​ប្រយោជន៍​ឡើយ​។ វិបត្តិ​លី​ប៊ី និង​អ៊ីរ៉ាក់ នៅតែ​ជា​មេរៀន​ថ្មីៗ​ដែល​អាមេរិក​មិនអាច​បោះបង់​បាន​នៅឡើយ​។​
 
 ប៉ុន្តែ​យ៉ាងណាមិញ អាមេរិក​មិនបាន​បោះបង់​មហិច្ឆតា​កម្ចាត់​អាសាដ​ឡើយ​។ ក្នុងស្ថានភាព​បច្ចុប្បន្ន អាមេរិក​ហាក់​ចង់ទុក​ក្រុម​ភេរវជន​ដូចជា​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម Al  Nusra ដែល ព្រោះ​វា​ជា​សន្លឹក​បៀរ​ដែល​អាចជួយ​ឲ្យ​ខ្លួន​ឈ្នះ​រដ្ឋាភិបាល​អាសាដ​។ ដូច្នេះហើយ​កន្លងមក អាមេរិក​មិនសូវមាន​ឆន្ទៈ​ចាប់ដៃ​រុស្ស៊ី​ឬ​រដ្ឋាភិបាល​អាសាដ​កម្ចាត់​ក្រុម​ភេរវជន​ទាំង​នោះឡើយ ហើយ​អាមេរិក​ក៏​ហាក់ដូចជា​ប្រឹង​អូសបន្លាយ​ពេលវេលា​ឲ្យ​ក្រុម​ភេរវជន​ទាំងនោះ​
 
៤. បើ​អន្តរាគមន៍​ប៉ះទង្គិច​ជាមួយ​ទ័ព​រុស្ស៊ី​នៅ​ទីនោះ​ស្រាប់​
​បញ្ហា​ធំ​មួយទៀត​គឺ ការ​ឈានដល់​ប៉ះទង្គិច​ជាមួយ​ទ័ព​រុស្សី​នៅ​ស៊ី​រី​។ រុស្ស៊ី​ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ មិនអាច​ឲ្យ​អាមេរិក​ធ្វើតាម​ចិត្ត​និង​ទម្លាក់​លោក អាសាដ ពី​តំណែង​ឡើយ​។ រុស្ស៊ី ជា​គ្រោះថ្នាក់​ធំ​សម្រាប់​អន្តរាគមន៍​យោធា​អាមេរិក ព្រោះ​រុស្ស៊ី​មាន​មូលដ្ឋាន​ទ័ពអាកាស ដោយមាន​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង និង​មាន​ប្រព័ន្ធ​ការពារ​អាកាស S-400 ជាច្រើន​គ្រឿង​នៅ​ស៊ី​រី​ទៀត​។  ដូច្នេះហើយ​បានជា អាមេរិក​គិតគូរ​ដោយ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​អាមេរិក​លែង​ជា​មហាអំណាច​តែមួយ​ដែល​ជាន់​មជ្ឈិមបូព៌ា​ផ្អៀង​ហើយ ហើយ​វា​ក៏​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ទ័ព​អាមេរិក​ដែរ​។ នេះ​ក៏ដោយ​សារ រុស្ស៊ី​មានប្រៀប​ជាង​អាមេរិក​បន្តិច​ហើយ​ក្នុងការ​ដោះស្រាយ​ក្នុង​ជម្លោះ​ស៊ី​រី ក្រោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បញ្ជូន​ទ័ព​ទៅ​គាំទ្រ​រដ្ឋាភិបាល​លោក អាសាដ​។

រុស្ស៊ី​សម្រេច​ជោគជ័យ​ក្នុង​ការដាក​គំនៀប​ឲ្យ​អាមេរិក​ចាប់ដៃ​ខ្លួន​បង្កើត​បទ​ឈប់​បាញ់​ខែកុម្ភៈ និង​ចុងក្រោយ​កំណត់​ភាគី​ដែល​ត្រូវ​ចូល​តុ​ចរចា​នៅ​ហ្សឺ​ណែវ​។ ហើយ​មកទល់​បច្ចុប្បន្ន រុស្ស៊ី​ក៏​បន្ត​ដឹកមុខ​អាមេរិក​ក្នុងការ​បង្កើត​បទ​ឈប់​បាញ់​ថ្មី​ខែកញ្ញា​នេះដែរ រហូតដល់​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម និង​សម្ព័ន្ធមិត្ត​អាមេរិក​មួយចំនួន​នៅ​អឺរ៉ុប​លែង​ទុកចិត្ត​អាមេរិក​ទៀត​។  ថ្វីបើ​បច្ចុប្បន្ន​អាមេរិក​និង​រុស្ស៊ី​ហាក់​ប៉ះទង្គិច​គ្នា​រឿង​ពាក្យសម្តី​ខ្លាំង​ក៏ដោយ​ក្រោយ បទ​ឈប់​បាញ់​ថ្មី​ត្រូវ​លោក អាសាដ ប្រកាស​បញ្ចប់​ការអនុវត្ត ភាគី​រុស្ស៊ី​និង​អាមេរិក​ប្តេជ្ញាចិត្ត​ថា​នឹង​បន្ត​ជំរុញ​ការបន្ត​អនុវត្ត​បទ​ឈប់​បាញ់ និង​ឈានទៅ​បង្កើត​កិច្ចសហប្រតិបត្តិការ​យោធា​កម្ចាត់​ក្រុម​ភេរវជន​ថែមទៀត​។​

Tag:
 បា​សា អាល់​អាសាដ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com