អន្តរជាតិ
តម្រូវការ និង​តម្លៃ​ចេក​ហ្វីលីពីន​ទៅកាន់​ចិន កើន​ស្ទើរតែ​ទ្វេដង ក្រោយ​ចិន​ប្រកាស​ដក​ការ​រឹតត្បិត​ពាណិជ្ជកម្ម
17, Oct 2016 , 6:14 pm        
រូបភាព
ដោយ:
​អ្នកផ្គត់ផ្គង់​ចេក​ហ្វីលីពីន បាន​អះអាងថា​បរិមាណ​នៃ​តម្រូវការ និង​តម្លៃ​របស់​ចេក​ហ្វីលីពីន បាន​កើនឡើង​គួរកត់សម្គាល់ ក្រោយពី រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាស​បន្ធូរបន្ថយ​ឡើងវិញ​ចំពោះ​ការនាំចេញ​ទៅកាន់​ចិន ដែល​ត្រូវបាន​ធ្វើឡើង​មុនពេល​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​នោះ​។



​អ្នក​ផ្គត់​ផ្គង​ផ្លែ​ចេក នៃ​ក្រុង Apanabo នៃ​ប្រទេស​ហ្វីលីពីន លោក Emmanuel Pamisaran បាន​ឲ្យ​ដឹងថា ការបញ្ជាទិញ​ផ្លែ​ចេក​ទៅកាន់​ចិន​បាន​កើនឡើង​ស្ទើរតែ​ទ្វេដង ក្រោយពី​រដ្ឋាភិបាល​ចិន បាន​ដកចេញ​នូវ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​លើ​ហ្វីលីពីន​កាលពី​សប្តាហ៍​មុន​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន ABS-CBN​។

​នៅ​ថ្ងៃទី​០៧ ខែតុលា​កន្លងទៅ រដ្ឋមន្ត្រី​កសិកម្ម​ហ្វីលីពីន Emmanuel Piñol បាន​អះអាងថា ចិន បាន​ដក​ការ​រិត​ត្បិត​លើ​ការនាំចេញ​«​ចេក និង​ម្នាស់​»​ពី​ហ្វីលីពីន ដែល​ធ្លាប់​ដាក់​តាំងពី​ប្រទេស​ទាំងពីរ​បាន​មាន​ភាព​តានតឹង​ជាមួយនឹង​គ្នា​នៅ​បី​ឬ​បួន​ឆ្នាំមុន​មកម្ល៉េះ​។ ការបន្ធូរបន្ថយ​នេះ ត្រូវបាន​ធ្វើឡើង ខណៈពេល លោក​ប្រធានាធិបតី​ហ្វីលីពីន ក៏​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ក្នុង​ខែ​នេះ​ផងដែរ​នោះ​។ បើតាម​ក្រសួងការបរទេស​ចិន លោក​ប្រធានាធិបតី Rodrigo Duterte នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​នៅ​ថ្ងៃទី​១៨-២១​ខែតុលា​។

​ពេលនោះ​ដែរ លោក​រដ្ឋមន្ត្រី​កសិកម្ម​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា ក្រៅពី​ចេក និង​ម្នាស់ ដែលជា​ផលិតផល​កសិកម្ម​ចម្បង​មកពី​ខេត្ត​កំណើត​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន ចិន ក៏​នឹង​បើក​ទីផ្សារ​សម្រាប់​ហ្វីលីពីន​លើ​ទំនិញ​កសិកម្ម​ផ្សេងទៀត​ដូចជា ស្វាយ ដូង និង​ស្រកានាគ​ផងដែរ​។

​សូម​រម្លឹក​ផងដែរ​ថា ចិន បាន​បិទ​ទីផ្សារ​នៃ​ការនាំចេញ​ចេក និង​ម្នាស់​លើ​ហ្វីលីពីន​តាំងពី​មាន​ភាព​តានតឹង​នៅ​ឆ្នាំ​២០១២​មកម្ល៉េះ​។ ពេលនោះ ហ្វីលីពីន និង​ចិន បាន​មានការ​ប៉ះទង្គិច​ផ្នែក​ការទូត​ជាមួយគ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ខ្លាំង ដែល​ពេល​នោះដែរ ផ្លែឈើ​ហ្វីលីពីន​រាប់ពាន់​តោន ត្រូវបាន​បំផ្លាញ​នៅ​កំពង់ផែ​របស់​ចិន​។ ចិន គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​ចេក​របស់​ហ្វីលីពីន​។ បើ​យោងតាម​ការិយាល័យ​ដាំ​ដុះ​ហ្វីលីពីន នៅ​ឆ្នាំ​២០១១ ហ្វីលីពីន បាន​នាំចេញ​ចេក​ទៅកាន់​ចិន​ក្នុងតម្លៃ​រហូតដល់​៦០​លាន​ដុល្លារ​ឯណោះ​៕


Tag:
 ហ្វីលីពីន​
  ចិន​
  ចេក
© រក្សាសិទ្ធិដោយ thmeythmey.com