ជាតិ
ពលករ​ខ្មែរ៤នាក់​ទៀត ដែល​រងគ្រោះ​នៅ​ប្រទេសក្រៅ ត្រូវបាន​ជួយ​ឲ្យ​មក​កម្ពុជា​វិញ
20, Oct 2016 , 8:58 pm        
រូបភាព
ភ្នំពេញ៖ ពលករ​ខ្មែរ៤នាក់ ដែល​រងគ្រោះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ក្រសួងការបរទេស ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស ដែល​បាន​ចុះ​នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។




បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស ពលករ​ខ្មែរ៣នាក់ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ត្រូវបាន​អាជ្ញាធរ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ឃាត់ខ្លួន​ក្នុង​ទូក​នេសាទ​មួយគ្រឿង កាលពី​ខែកក្កដា ឆ្នាំ២០១៦ ហើយ​បន្ទាប់មក​ទើប​ដឹងថា ពួកគេ​ជា​ជនរងគ្រោះ​ក្នុង​អំពើ​រត់ពន្ធ​មនុស្ស។ ក្រោយមក អាជ្ញាធរ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ក៏បាន​ដោះលែង​អ្នក​ទាំង៣ខាងលើ តាម​សំណើ​របស់​ស្ថានទូត​កម្ពុជា។ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បានរៀបចំ​បញ្ជូន​ពល​ករ​ខ្មែរ​ទាំងនោះ មក​កម្ពុជា​វិញ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០។

ដោយឡែក ពលករ​ខ្មែរ១រូប​ទៀត ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ត្រូវបាន​ស្ថានទូត​កម្ពុជា​ប្រចាំ​ទេស​ម៉ាឡេស៊ី ជួយ​ជ្រោមជ្រែង ដើម្បី​ឲ្យ​បានមក​កម្ពុជា​វិញ។ ដោយសារតែ ជួប​ភាពលំបាក​ខ្លាំង​ក្នុង​ការងារ ពលករ​រូបនេះ ក៏បាន​ទៅ​ពឹងពាក់​ស្ថានទូត​កម្ពុជា​ប្រ​ឆាំ​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​មក​មាតុភូមិ​វិញ។ តាម​គម្រោង ពលករ​រូបនេះ ត្រូវ​មកដល់​កម្ពុជា នៅ​ម៉ោង៥ និង១០នាទី​រសៀល នា​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ។  

សូមរ​ម្លឺ​កថា ពលករ​ខ្មែរ​ចំនួន ៥៧៣នាក់ ដែល​រងគ្រោះ​នៅតាម​ប្រទេស​នានា ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ជួយសង្គ្រោះ និង​នាំមក​កម្ពុជា​វិញ ក្នុង​ឆ្នាំ២០១៥ ។ ជុំវិញ​បញ្ហា​ចំណាកស្រុក​របស់​ពលក​រ​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ តែង​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ​គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់ ក្នុងស្រុក​ជាជាង​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ​ដើម្បី​ចៀសវាង ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន៕

Tag:
 ពលករខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com