អន្តរជាតិ
ទស្សនៈ​របស់​អ្នកកាសែត​ខ្មែរ​នៅ​អាមេរិក ចំពោះ​ការប្រកួតប្រជែង​រវាង​លោក ត្រាំ និង​អ្នកស្រី គ្លី​ន​តុ​ន
01, Nov 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាមេរិក​៖​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០១៦ នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​អ​មេ​រិ​ក និង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក ដោយសារ​បេក្ខជន​នៃ​គណបក្ស​ធំៗ​ទាំងពីរ​ចូលចិត្ត​វាយប្រហារ​គ្នា​រឿង​ផ្ទាល់ខ្លួន​។ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា ដ៏​ខ្លី​ខាងមុខនេះ​។ សារព័ត៌មាន​ថ្មីៗ​បាន​សម្ភាសន៍​អ្នកសារព័ត៌មាន​ខ្មែរ​មួយចំនួន ដែល​ប្រចាំការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​ទស្សនៈ​របស់​ពួកគេ​ជុំវិញ​ការបោះឆ្នោត​លើក​នេះ​។



​លោក សឹង សុផាត អ្នកយកព័ត៌មាន​រប​ស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​អាណត្តិ​នេះ​ទទួល​ការចាប់អារម្មណ៍​ច្រើន​នោះ ដោយសារតែ​អត្តចរិត​ប្លែក​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​។ ជាងនេះទៅទៀត លោក សុផាត បន្ថែមថា អត្តចរិត​ប្លែក​របស់ លោក ត្រាំ នេះ ក៏​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​របៀប​ឃោសនាបោះឆ្នោត​រើស​ប្រធានាធិបតី​លើក​នេះ​ផងដែរ​។

«​ខ្ញុំ​ធ្លាប់​ទាន់​ការប្រកួតប្រជែង​កាលពី​អាណត្តិ​មុន គឺ​លោក អូ​បា​ម៉ា និង​លោក មី​ត រ៉ូម​នី​។ ខ្ញុំ​ចាំបាន​ពេលនោះ​ថា ការជជែក​ពិភាក្សាគ្នា​រវាង​លោក​ទាំងពីរ ភាគច្រើន​ផ្តោត​សំខាន់​ទៅលើ​គោលនយោបាយ​របស់​បក្ស​ទាំងពីរ មិន​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល​ដូច​បច្ចុប្បន្ន​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកកាសែត​ខាងលើ​ដែល​បានមក​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ ២០០៨ កាល​នៅ​ជា​និស្សិត មុននឹង​លោក​បម្រើ​ការងារ​នៅ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១០ ។

​សំឡេង លោក សឹង សុផាត




​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក​វិញ លោក សឹង សុផាត ពន្យល់ថា នៅ​សហរដ្ឋអាមេរិក គេ​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ក្រុម​សេរីនិយម​។ ក៏ប៉ុន្តែ​លោក​ថា នៅក្នុង​អំឡុងពេល​យុ​ទ្ធា​នា​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​អាណត្តិ​នេះ អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ ភាគច្រើន​យល់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​លម្អៀង​ទៅរក​គណបក្ស​ប្រជាធិបតេយ្យ​។​

​ជាមួយគ្នានេះដែរ លោក ហួត វុទ្ធី ដែល​ប្រិយមិត្ត​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ស្គាល់​ថា ឈ្មោះ ជុន ចាន់​បុត្រ នោះ បាន​និយាយថា រូបលោក បាន​តាមដាន​ការប្រកួតប្រជែង​ការបោះឆ្នោត​រើស​ប្រធានាធិបតី​លើក​នេះ​យ៉ាង​ជិតដិត​។ លោក ចាន់​បុត្រ  អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ប្រចាំ​កម្ពុជា ដែល​ប្រចាំការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែរនោះ កត់សម្គាល់ថា ទោះបីជា​មានការ​វាយប្រហា​រ​រឿង​ផ្ទាល់ខ្លួន​រវាង​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក ដូ​ណា​ល់ ត្រាំ ខុសប្លែក​ពី​ការប្រកួតប្រជែង​បេក្ខជន​បោះឆ្នោត​រើស​ប្រធានាធិបតី​អាមេរិក​កន្លងទៅ​ក្តី តែ​គ្មាន​នរណាម្នាក់​ជាប់ពន្ធនាគា​រ​ដោយសារ​រឿងនេះ​ទេ​។ អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ដ៏​ល្បី​រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ទោះ​មានការ​វាយប្រហារ​ជា​លក្ខណៈ​បុគ្គល​ទៅវិញទៅមក​បែបណា​ក្តី ក៏​គ្មាន​នរណា ត្រូវបាន​គេ​ដាក់ទោស ឬ​ចាប់​ដាក់គុក​នោះដែរ​។ នេះ​បញ្ជាក់​ពី​ភាពជឿនលឿន​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ​»​។

​ដោយឡែក លោក សាយ មុនី អ្នកយកព័ត៌មាន​រប​ស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ម្នាក់ទៀត ប្រចាំការ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន ហាក់​មិន​ភ្ញាក់ផ្អើល​ប៉ុន្មាន​នោះឡើយ ចំពោះ​ការប្រកួតប្រជែង​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ទាំងពីរ បើទោះបីជា​លោក​ទទួលស្គាល់ថា អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក ដូ​ណា​ល់ ត្រាំ វាយប្រហារ​គ្នា​រឿង​ផ្ទាល់ខ្លួន និង​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​កេ​ញ​ចំណេញ​ប្រជាប្រិយភាព​រៀងៗ​ខ្លួន​ក្តី​។ លោក មុនី បានលើកឡើង​នូវ​ហេតុផល​ដូច្នេះ​ថា​៖« សម្រាប់​ខ្ញុំ នៅពេលដែល​ខ្ញុំ​តាមដាន​ការបោះឆ្នោត​នៅ​អាមេរិក រាល់​ការបោះឆ្នោត​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ តែងតែ​ប្លែកៗ​គ្នា​។ ដូច្នេះ អាមេរិក​អត់​នៅ​ដដែល​ទេ គេ​ចេះតែ​ទៅមុខ​»​។​

​សំឡេង​លោក សាយ មុនី​




​សូម​រម្លឹកថា ក្នុងអំឡុងពេល​យុទ្ធនា​ការឃោសនា​ការបោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ជាពិសេស​អំឡុងពេល​ជជែក​ដេញដោល​គ្នា បេក្ខជន​នៃ​គណបក្ស​ទាំងពីរ បាន​វាយប្រហារ​គ្នា​រឿងអាស្រូវ​ផ្ទាល់ខ្លួន​។ អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​លើកយក​រឿង​សម្តី​អាសគ្រាម និង​រឿងអាស្រូវ​ស្នេហា​របស់លោក ដូ​ណា​ល់​ត្រាំ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ មក​វាយប្រហារ​។ ចំណែក លោក ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​រឿងអាស្រូវ​ស្នេហា​ស្វាមី​របស់​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន គឺ​លោក ប៊ី​ល គ្លី​ន​តុ​ន​៕


© រក្សាសិទ្ធិដោយ thmeythmey.com