កីឡាជាតិ
លោក បែរ មករា ថា​កម្ពុជា​អាច​ដោះដូរ​កីឡាករ និង​បង្កើត​សាលា​បាល់ទាត់​ជាមួយ​ជប៉ុន​
09, Nov 2016 , 7:59 pm        
រូបភាព
ដោយ:
 
​លោក បែរ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​អង្គរ បាន​បញ្ជាក់ថា អាច​នឹងមាន​ការដោះដូ​រ​កីឡាករ​រវាង​កម្ពុជា ជាមួយ​ជប៉ុន និង​បើក​សាលា​បង្ហាត់​បាល់ទាត់​រួមគ្នា​មួយ​នៅ​កម្ពុជា​។ ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​អង្គរ មិន​បញ្ជាក់ថា​ពេលណា​ទេ ត្រូវ​រង់ចាំ​មើល​លទ្ធភាព​ជាក់ស្តែង​នៃ​តម្រូវការ​កីឡាករ​។

 
​កម្ពុជា​អាច​នឹងមាន​ការដោះដូរ​កីឡាករ​ជាមួយ​ជប៉ុន​រវាង​ក្លិប​បឹងកេត​អង្គរ និង​ក្លិប Fujieda MYFC ដែលជា​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវ​រង់ចាំ​មើល​ពី​លទ្ធភាព​តម្រូវការ​រប​ស់​ក្លិប​ជប៉ុន​ជាមុនសិន ថា​តើ​កីឡាករ​កម្ពុជា​ណាខ្លះ​ដែល​ជប៉ុន​ត្រូវការ ហើយ​កីឡាករ​ជប៉ុន​ណាខ្លះ​ដែល​កម្ពុជា​ត្រូវការ​? នេះ​ជាការ​លើកឡើង​របស់ លោក បែរ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​អង្គរ នៅ​ចំពោះមុខ​អ្នកកាសែត នៅឯ​ព្រលានយន្តហោះ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា នៅពេល​ត្រឡប់​មកពី​ជប៉ុន​ជាមួយ កីឡាករ​ចាន់ វឌ្ឍនាកា​។ 
 
​លោក បែរ មករា បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​គម្រោង​ដោះដូរ​កីឡាករ​ជាមួយ​ក្លិប Fujieda MYFC (League J3) ក្លិប​ទាំងពីរ​ក៏មាន​គម្រោង​ចង់​បង្កើត​សាលា​បណ្តុះបណ្តាល​បាល់ទាត់​រួមគ្នា​មួយ​នៅ​កម្ពុជា​ទៀតផង​។ លើសពីនេះ​លោក​ក៏បាន​ពិភាក្សា​ផងដែរ​លើ​បញ្ហា​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ទាំងពីរ ប៉ុន្តែ​ត្រូវ​មើល​ពី​ផែនការ​ប្រកួត​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជាមុនសិន​។ បើតាម លោក មករា គម្រោង​នេះ​អាច​កើតឡើង​ក្នុង​ខែមករា ដើមឆ្នាំ​ក្រោយ បើ​មានការ​ស្រុះស្រួល​គ្នា​។​
 
​អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​អង្គរ​រូបនេះ បាន​ឲ្យ​ផងដែរ​ថា ក្រៅពី​កីឡាករ ចាន់ វឌ្ឍនាកា ក្លិប​របស់លោក​នឹង​បញ្ជូន​កីឡាករ​វ័យក្មេង​ផ្សេងៗ​បន្ថែមទៀត​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ប៉ុន្តែ​ត្រូវ​រង់ចាំ​ការអញ្ជើញ​របស់​ភាគី​ជប៉ុន​ជាមុនសិន​។ លោក គិតថា វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​វ័យក្មេង​របស់​បឹង​កេង​អង្គរ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​៕  
 
 

Tag:
 បាល់ទាត់​
  បែរ មករា​
  ក្លិប​បាល់ទាត់​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com