ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សម្តេច​ហ៊ុន សែន ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោក ដូ​ណា​ល់ ត្រាំ​​​
10, Nov 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ថា នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​២ ។



​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ផ្ញើ​សារ​ផ្លូវការ អបអរ​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ជាប់​ជា​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក​។ តាមរយៈ​សារ​អបអរ​ចុះ​ថ្ងៃទី​៩ ខែវិច្ឆិកា សម្តេច ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ថា នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម មិន​ត្រឹមតែ​អភិវឌ្ឍន៍​ប្រទេស​យើង​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រឹងប្រែង​រួមគ្នា លើកកម្ពស់​បុព្វហេតុ​ដ៏​ធំធេង ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​ប្រជាជាតិ​ទាំងអស់​»​។​

​រដ្ឋាភិបាល​កម្ពុជា ក៏​ចូលរួម​ប្រឹងប្រែង​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ក្នុងការ​លើកកម្ពស់​ប​ន្ថែ​ម​ទៀត នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ​ដែល​ផ្តល់​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក ទាំង​នៅ​គ្រប់​កម្រិត​ភាគី និង​ពហុភាគី​។​

​សូមបញ្ជាក់ថា ភ្លាមៗ​ក្រោយ​លទ្ធផល​ឆ្នោត បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ  ក្លាយជា​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក សម្តេច ហ៊ុន សែន ក៏បាន​សរសេរ​សាទរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ភ្លាម​ដែរ​៕


Tag:
 ​ហ៊ុន សែន​
 ​ ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com