កីឡាជាតិ
ជាតិ
លោក Lee Tae Hoon៖ យើង​ត្រូវ​ប្រឈម​ធំ​គ្រប់​ការប្រកួត ប៉ុន្តែ​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​
19, Nov 2016 , 4:37 pm        
រូបភាព
លោក Lee Tae Hoon (ស្តាំ) និងគ្រូបង្វឹក​ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម នា​សន្និសីទសារព័ត៌មាន​មួយ​ថ្ងៃមុន​ជំនួប​ពូល B។ រូបថត FFC
លោក Lee Tae Hoon (ស្តាំ) និងគ្រូបង្វឹក​ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម នា​សន្និសីទសារព័ត៌មាន​មួយ​ថ្ងៃមុន​ជំនួប​ពូល B។ រូបថត FFC
ដោយ: រួបរួម
​មួយថ្ងៃ​មុន​ជំនួប​បើកឆាក​ជាមួយ​ម៉ាឡេស៊ី​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup នៅ​ក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា លោក Lee Tae Hoon គ្រូបង្វឹក​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួលស្គាល់ថា ក្រុម​របស់លោក​ស្ថិតក្នុង​តំណាក់កាល​មួយ​ដ៏​តឹងតែង និង​ដែល​ត្រូវ​ជម្នះ​ឲ្យ​បាន​។​



​លោក Lee បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​សន្និសីទកាសែត​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​ថា​៖ «​គ្រប់ការ​ប្រកួត​គឺជា​ការ​ប្រឈម​ដ៏​ធំ​របស់​យើង ប៉ុន្តែ​យើងទាំងអស់គ្នា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ »​។​

​សម្រាប់​ជំនួប​បើកឆាក​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៦ ជាមួយ​ម៉ាឡេស៊ី នៅ​កីឡដ្ឋាន Thuwunna Stadium ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា នា​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា លោក Lee រំពឹងថា ក្រុម​របស់លោក​នឹងធ្វើ​បានល្អ​ដើម្បី​សាង​ទំនុកចិត្ត​សម្រាប់​ការប្រកួត​បន្តបន្ទាប់​ទៀត​ជាមួយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា និង​វៀតណាម​។​

​ការឈាន​មកដល់​វគ្គ Group Stage ត្រូវបាន​គ្រូបង្វឹក​កូរ៉េខាងត្បូង​វាយតម្លៃថា ជា​ដំណាក់កាល​មួយ​ដ៏​អស្ចារ្យ​របស់​ក្រុម​កម្ពុជា ក្រោយ​អវត្តមាន​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។ នា​វត្តមាន​កន្លងមក​នៅ​វគ្គ Group Stage កម្ពុជា​មិនដែល​ទទួលបាន​លទ្ធផល​ល្អ​ឡើយ ខណៈ​គូប្រជែង​វៀតណាម និង​ម៉ាឡេស៊ី ធ្លាប់​ឈ្នះ​ជើងឯក​ម្នាក់​១​លើក រីឯ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ​២០០៤ ៕


Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com