ជាតិ
លោក ជា សុផារ៉ា នឹង​ដឹកនាំ​ក្រុមការងារ​ចុះ​ស្រង់​ស្ថិតិ ដើម្បី​ផ្ដល់​វិញ្ញាបនបត្រ​ដល់​ម្ចាស់​ចំណែក​ឯកជន នៅ​អាគារ​ប៊ូ​ឌី​ង
23, Nov 2016 , 7:39 am        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានរៀបចំ​ក្រុមការងារ​រួចរាល់​ហើយ ដើម្បី​ចុះ​ស្រង់​ស្ថិតិ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​«​អាគារ​ប៊ូ​ឌី​ង ស​» ក្នុង​គោលដៅ​ផ្ដល់​វិញ្ញាបនបត្រ​សម្គាល់​ដល់​ម្ចាស់​ចំណែក​ឯកជន​នៃ​អាគារ​សហកម្មសិទ្ធិ​នេះ​។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​អភិវឌ្ឍ​នៅ​ទីតាំង​អគារ​ប៊ូ​ឌី​ង ក្នុង​ទឹកប្រាក់​ពី ៧០​លាន​ដុល្លារ ទៅ ៨០​លាន​ដុល្លារ​។​


​សេចក្ដីប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃទី​២១ វិច្ឆិកា បាន​ឲ្យ​ដឹងថា ក្រសួង​បានរៀបចំ​ក្រុមការងារ​ចំនួន​១៧១​ក្រុម ស្មើនឹង​៥៦៩​នាក់ ដែល​នឹងត្រូវ​ចុះ​ស្រង់​ព័ត៌មាន​របស់​ម្ចាស់​ចំណែក​ឯកជន​ទាំងអស់​នៃ​អាគារ​ប៊ូ​ឌី​ង ស នៅ​ថ្ងៃទី​០៣ ធ្នូ​ខាងមុខ​។ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ក៏​ចុះ​តាមដាន​ការ​ស្រង់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាគារ​ប៊ូ​ឌី​ញ​នេះដែរ ដើម្បី​ឃ្លាំមើល​ការ​ស្រង់​ព័ត៌មាន​ដោយ​តម្លាភាព​។ «​ខ្ញុំ​នឹង​ដឹកនាំ​ក្រុម​ចុះ​ស្រង់​ស្ថិតិ​ជាមួយ​ប្រជាពលរដ្ឋ​ដោយផ្ទាល់ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ »​។ នេះ​បើតាម​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ជា សុផារ៉ា​។​
 
​ចំពោះ​ការចុះ​ស្រង់​ស្ថិតិ​នេះ​គឺ​ផ្ដល់ជូន​តែ​ពលរដ្ឋ​ដែល​រស់នៅ​ពិតប្រាកដ នៅក្នុង​អាគារ​ប៊ូ​ឌី​ង​នេះ​ប៉ុណ្ណោះ សម្រាប់​អ្នក​ជួល​បន្ទប់​ស្នាក់នៅ​វិញ មិន​តម្រូវ​ឲ្យ​ស្រង់​ព័ត៌មាន​ឡើយ​។ ហើយ​ម្ចាស់​ឯកជន​ចំណែក​សហកម្មសិទ្ធិ​នៃ​អាគារ​ប៊ូ​ឌី​ញ ត្រូវ​ផ្ដល់ព័ត៌មាន​ជាក់លាក់​ដល់​ក្រុមការងារ​ក្រសួង ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ថតចម្លង​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ​, សៀវភៅ​គ្រួសារ និង​ឯកសារ​ពាក់ព័ន្ធ​ជាដើម​។ 
 
​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា បានបញ្ជាក់​ប្រាប់​ពលរ​ដ្ឋ​ក្នុង​ពិធី​ជួប​ជជែក​ស្ដីពី​ការអភិវឌ្ឍ​អគារ​ប៊ូ​ឌី​ង​កាលពី​ថ្ងៃទី​០៨ វិច្ឆិកា​ថា ក្រសួង​និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​អភិវឌ្ឍ​ទីតាំង​អគារ​ប៊ូ​ឌី​ង​នៅនឹងកន្លែង ក្នុង​ទឹកប្រាក់​ពី ៧០​លាន​ដុល្លារ ទៅ ៨០​លាន​ដុល្លារ​។ ការអភិវឌ្ឍ​អាគារ​នេះ ដោយ​សាងសង់​អគារ​កម្ពស់ ២១​ជាន់ ដែល​ត្រូវការ​រយៈពេល​សាងសង់​ជាង ៣​ឆ្នាំ​។ ហើយ​បើ​គ្មាន​ការប្រែប្រួល​នោះទេ ការសាងសង់​អគារ​ថ្មី​លើដី​អគារ​ប៊ូ​ឌី​ង​នេះ នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ ។​
 
​បើតាម​លោក ជា សុផារ៉ា នៅពេល​សាងសង់​នោះ ក្រសួង​នឹង​រៀបចំ​កន្លែង​ផ្សេងទៀត​សម្រាប់​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​បណ្ដោះអាសន្ន​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ក្រុងភ្នំពេញ ទស​ម្រាំ​គម្រោង​សាងសង់​អគារ​ប៊ូ​ឌី​ង​ថ្មី​បញ្ចប់​។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​មិន​យល់ស្រប​នឹង​គម្រោង​វិនិយោគ​នេះ ពួកគេ​អាចមាន​ជម្រើស​យក​ទឹកប្រាក់​ប្រមាណ ៦​ម៉ឺន​ដុល្លារ សម្រាប់​មួយ​គ្រួសារ​៕
 
 

Tag:
 ជា សុផារ៉ា​
  អាគារ​ប៊ូ​ឌី​ង ស​
© រក្សាសិទ្ធិដោយ thmeythmey.com