ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ផ្តល់​អនុសាសន៍​៤​ចំណុច ដើម្បី​ប្រសិទ្ធភាព​ថវិកាជាតិ​ឆ្នាំ​២០១៧
22, Nov 2016 , 10:01 pm        
រូបភាព
ដោយ: ថ្មីៗ

រដ្ឋសភា បានអនុម័ត​ច្បា​ប់ថ​វិកាជាតិ​ឆ្នាំ​២០១៧ នៅ​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ​។ ឯកឧត្តម កឹម សុខា ក៏បានផ្តល់​អនុសាសន៍​ចំនួន​៤​ចំណុច ទៅដល់​រដ្ឋាភិបាល ដើម្បី​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​កា​ប្រើប្រាស់​ថវិកាជាតិ​ឆ្នាំ​២០១៧ ដែល​ទើបតែ​អនុម័ត​នេះ​។​


​ឯកឧត្តម​កឹម សុខា  បានផ្តល់​អនុសាសន៍​ចំនួន​៤​ចំណុច ទៅដល់​រដ្ឋាភិបាល ដើម្បី​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​កា​ប្រើប្រាស់​ថវិកាជាតិ​ឆ្នាំ​២០១៧ ។ អនុសាសន៍​ជិត​៣​ទំព័រ ដែល​មិនបាន​ចុះ​កាលបរិច្ឆេទ​នេះ ត្រូវបាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម កឹម សុខា ក្រោយ​រដ្ឋសភា​បានអនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៧ ដោយ​មានតែ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​លើកដៃ​នោះ​។​

អនុសាសន៍​ចំនួន​៤​ចំណុច​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​៖ ១. តម្លាភាព និង​គណនេយ្យភាព ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់ ២. ការគ្រប់គ្រង​បំណុល ៣. ការបែងចែក​ថវិកាជាតិ និង​ទី​៤  ការគ្រប់គ្រង​ចំណូល​ជាតិ​។

នៅ​ចំណុច​ទី​១ និយាយ​ពី​តម្លាភាព និង​គណនេយ្យភាព ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ថវិកាជាតិ គឺ​សំដៅ​ដល់​ឯករាជ្យភាព​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ពី​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ ការបើក​ចំរ​ព័ត៌មាន និង​តួលេខ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ថវិកាជាតិ និង​ការត្រៀម​សហការ​ក្នុងការ​ផ្តល់ព័ត៌មាន និង​តួលេខ​ក្នុងករណី​ដែលមាន​ការស្នើសុំ​ពី​អ្នក​សា​ព័រ​មាន អ្នកស្រាវជ្រាវ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ពី​ស្ថាប័ន​ជាតិ​នីមួយៗ​។ នៅ​ចំណុច​នេះ អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ សំដៅ​ដល់​ការបង្កើន​តម្លាភាព និង​គណនេយ្យភាព ក្នុងការ​ដេញថ្លៃ​ពី​ក្រុមហ៊ុន​ឯកជន សម្រាប់​គម្រោង​នានា ដែល​ប្រើប្រាស់​ថវិកាជាតិ និង​ការពង្រីក​អំណាច​វិមជ្ឈការ ក្នុងការ​គ្រប់គ្រង​ថវិកា​ដោយ​ពង្រីក​ការទទួលខុសត្រូវ​លើ​ថវិកា​នៅក្នុង​ថ្នាក់មូលដ្ឋាន ហើយក៏​តម្រូវ​ឲ្យ​ថ្នាក់មូលដ្ឋាន អនុវត្ត​ទៅតាម​ស្តង់ដារ តម្លាភាព និង​គណនេយ្យភាព​ដូច​ថ្នាក់ជាតិ​ដែរ​។​

ជុំវិញ​ការគ្រប់គ្រង​បំណុល​វិញ គឺ​សំដៅ​ដល់​ការប្រើប្រាស់​ថវិកា​ចំណូល​ដោយ​ការខ្ចី​បំណុល ត្រូវ​ផ្តោតទៅលើ ការវិនិយោគ​ទៅលើ​ប្រព័ន្ធ​សំខាន់ៗ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​អប់រំ ការស្រាវជ្រាវ និង​ពង្រឹង​វិស័យសេដ្ឋកិច្ច​-​ល​-​។ បន្ថែម​ពីនេះ ថវិកា​ចំណូល​ដោយ​ការខ្ចី​បំណុល​ពុំគួរ​យកមកប្រើ​ប្រាស់​ទៅលើ​ការិយាល័យ​ធិបតេយ្យ និង​ខ្ទង់ចំណាយ​ណា​ដែល​មិនអាច​បង្កើត​ចំណូល​ជូន​ជាតិ និង​ប្រជាពលរដ្ឋ ព្រោះ​ប្រាក់កម្ចី​គួរតែ​ប្រើប្រាស់​ទៅ​ការវិនិយោគ មិនមែន​សម្រាប់​បំប៉ន​ការិយាល័យ​ធិបតេយ្យ​។ អនុសាសន៍​ដដែល​បន្ត​ថា ថវិកា​សម្រាប់​ដំណើរការ​របស់​ស្ថាប័នរដ្ឋ​នានា គួរ​ពឹង​ផ្អែកទៅលើ​ប្រាក់ចំណូល​សារពើពន្ធ ឬ​ជំនួយឥតសំណង ដូច្នេះ​ទំហំ​នៃ​ស្ថាប័ន​ជាតិ គួរតែ​លៃ​តម្រូវ​ទៅតាម​ចំណូល​ជា​រៀងរាល់ឆ្នាំ ដោយ​មិន​ពឹង​ផ្អេ​ក​ទៅ​ចំណូល​ពី​កម្ចី​។​

ទាក់ទង​នឹង​ការបែងចែក​ថវិកាជាតិ ត្រូវផ្តោត​ទៅលើ​ចក្ខុវិស័យ​វែងឆ្ងាយ ដើម្បី​ភាព​ប្រកួតប្រជែង​ជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ដែលមាន​និរន្តរភាព ដែលមាន​ចំណុច​សំខាន់ៗ​ដូចជា ការអភិវឌ្ឍន៍​លើ​ធនធានមនុស្ស និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អភិវឌ្ឍន៍ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​នៃ​ស្ថាប័ន​។ នេះ​គឺជា​អ្វីដែល ឯកឧត្តម កឹម សុខា បានលើកឡើង​នៅក្នុង​អនុសាសន៍​ចំណុច​ទី​៣ របស់ខ្លួន​។ រីឯ អនុសាសន៍​ទី​៤ អំពី​ការគ្រប់គ្រង​ចំណូល​ជាតិ គឺ​រួមមាន​ទប់ស្កាត់​ការ​គេចពន្ធ បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុងការ​ប្រមូល​ពន្ធដារ និង​ការប្រមូល​ថវិកា​ពី​សម្បទាន​ធនធាន​ជាតិ​នានា​។​

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២២​វិច្ឆិកា  រដ្ឋសភា បានសម្រេច​អនុម័ត​ថវិកាជាតិ​ចំនួន​២០,១៨៤,៤៥៧​លាន​រៀល ស្មើ​ជាង ៥​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​វិស័យ​នានា ក្នុង​ឆ្នាំ​២០១៧ ។ បើតាម​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ថវិកា​នេះ ផ្តោតលើ​ការចំណាយ​បុគ្គលិក វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ វិស័យសេដ្ឋកិច្ច និង​វិស័យ​សង្គមកិច្ច​៕


Tag:
 ថវិកាជាតិ​
 ​កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com