កីឡាជាតិ
ជាតិ
គ្រូបង្វឹក​មី​យ៉ាន់​ម៉ា​ប្រាប់​កូនក្រុម​ឲ្យ​ប្រុងប្រយ័ត្ន​ពេល​ប៉ះ​កម្ពុជា ទោះបី​ត្រៀមខ្លួន​រួចរាល់​ក៏ដោយ​
23, Nov 2016 , 2:22 pm        
រូបភាព
Gerd Zeise រូបភាពពី៖ សហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា
Gerd Zeise រូបភាពពី៖ សហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​សរសើរ​ពី​ទម្រង់​លេង​របស់​ក្រុម​ជម្រើស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ឲ្យ​កូនក្រុម​របស់ខ្លួន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពេល​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​ពូ​ល B នៃ​ពានរង្វាន់ AFF Suzuki Cup 2016 នា​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា នេះ​។ ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​អះអាងថា ក្រុម​ខ្លួន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ប៉ះ​ជាមួយ​ក្រុម​កម្ពុ​ជានា​ល្ងាច​នេះ​។



​លោក Gerd Zeise គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ជំរុញ​ឲ្យ​កូនក្រុម​របស់ខ្លួន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងជំនួប​ជាមួយ​ក្រុម​ជម្រើស​កម្ពុជា​នៅ​កីឡដ្ឋាន Thuwanna ប្រទេស​មី​យ៉ាន់​ម៉ា នា​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា នេះ​។ ការជំរុញ​ឲ្យ​ក្រុម​របស់ខ្លួន​បង្កើន​ការប្រុងប្រយ័ត្ន​នេះ បន្ទាប់ពី​លោក​សង្កេតឃើញថា ក្រុម​កម្ពុជា​ជា​ក្រុម​ដែលមាន​សមត្ថភាព និង​មាន​ខ្សែប្រយុទ្ធ​ល្អៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​មី​យ៉ាន់​ម៉ា​។   

​ទោះបីជា​យ៉ាងនេះ​ក្តី បន្ទាប់ពី​ជំរុញ​ឲ្យ​កូន​របស់ខ្លួន​បង្កើន​ការប្រុងប្រយ័ត្ន និង​លើកតម្កើង​ពី​សមត្ថភាព​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា លោកគ្រូ​បង្វឹក​រូបនេះ​បាន​អះអាងថា កូនក្រុម​របស់ខ្លួន​ត្រៀ​ម​ខ្លួន​រួចរាល់​ហើយ ក្នុងការ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​ល្ងាច​នេះ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ម្សិលមិញ លោក Gerd Zeise គ្រូបង្វឹក​ក្រុម​មី​យ៉ាន់​ម៉ា​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគេ​មាន​របៀបរៀបរយ​ល្អ ការលេង​អា​តាក់​ក៏​ល្អ ជាពិសេស​មាន​ខ្សែប្រយុទ្ធ​ល្អៗ​នៅក្នុង​ក្រុម ដូច្នេះ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុម​នេះ​។ ប៉ុន្តែ​ទោះបីយ៉ាងណា យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​នៅថ្ងៃនេះ​»​។ នេះ​បើ​យោងតាម​គេហទំព័រ Keiladaily​។

​ការ​ប៉ះគ្នា​រវាង​ក្រុម​កម្ពុជា និង​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នឹង​ក្លាយ​ជំនួប​មួយ​ដ៏​ស្វិតស្វាញ​បំផុត ពោលគឺ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ជាដាច់ខាត ដើម្បី​រក្សា​ឱកាស​ប្រជែង​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2016 នេះ ព្រោះ​នា​ការប្រកួត​បើកឆាក​ក្រុម​ទាំងពីរ​សុទ្ធតែ​ចាញ់​ដូចគ្នា​។ ក្នុងនោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី ៣-២ ខណៈ​ក្រុម​មី​យ៉ាន់​ម៉ា​ចាញ់​វៀតណាម ២-១​។ 

​គួរ​បញ្ជាក់ថា មុន​ជំ​នួន​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Thuwanna នា​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៣ ខែ​វិ​ច្ឆ​កា នៅវេលា​ម៉ោង​១៥:៣០​នាទី​រសៀល​ក៏មាន​ការប្រកួត​មួយគូ​ផ្សេងទៀត​ផងដែរ​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​មួយ​នេះ គឺ​រវាង​ក្រុម​វៀតណាម​និង​ក្រុម​ម៉ាឡេស៊ី​៕


Tag:
 បាល់់ទាត់​
  Gerd Zeise
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com