ជាតិ
សម្ដេច ហ៊ុន សែន ថា​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង មិន​ប៉ះពាល់​ដល់​កម្ពុជា​ឡើយ តែ​NGO ថា ប៉ះពាល់​…
23, Nov 2016 , 4:38 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ការសាងសង​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង មិនមាន​អ្វី​ដែលជា​បញ្ហា​ចោទ​ដល់​ប្រទេស​កម្ពុជា​ឡើយ​។ សម្ដេច ហ៊ុន សែន ថ្លែង​ក្នុងជំនួប​ទ្វេរ​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថោង​លូន ស៊ី​ស៊ូ​លី​ត នៅ​ខេត្តសៀមរាប​។​តែ​សម្រាប់​នាយក​ប្រតិបត្តិ​វេទិកា​អង្គការក្រៅរដ្ឋាភិបាល (NGOs Forum) ទំ​បន់​វា​រី​អគ្គីសនី​នេះ​មិនមាន​ផលចំណេញ​ដល់​កម្ពុជា​ទេ តែ​វា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​នេះ​រង​ផលប៉ះពាល់​ដល់​ជីវភាព​ទៅវិញ​។​


​បញ្ហាសំខាន់ៗ​ជាច្រើន​ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​នាយ​រដ្ឋមន្ត្រី​ឡាវ ដែល​ក្នុងនោះ​រួមមាន​បញ្ហា​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​ផងដែរ​។ ជុំវិញ​បញ្ហា​ទំ​បន់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ ត្រូវបាន​សម្ដេច ហ៊ុន សែន បកស្រាយ​គាំទ្រ​ឡាវ​ថា គម្រោង​នៃ​ការសាងសង់​ទំនប់​វា​រី​នេះ គឺ​មិនមាន​បញ្ហា​អ្វី​ចោទ​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ឡើយ ក្រោយពី​រដ្ឋាភិបាល​បាន​សិក្សា​លើ​គម្រោង​នេះ​។ជាមួយគ្នានេះ​សម្តេច ហ៊ុន សែន សាទរ​ចំពោះ​ភាគី​ឡាវ ដែល​បាន​សន្យា​លក់​អគ្គិសនី​ក្នុង​តម្លៃថោក សម្រាប់​កម្ពុជា​ផ្គត់​ផ្គង​នៅតាម​បណ្តា​ខេត្ត​ដែល​ជាប់​ព្រំដែន នឹង​ទំ​បន់​វា​រី​អគ្គិសនី​នេះ​ផងដែរ​។​
 
​ក្រោយពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​លោក ថោង​លូន ស៊ី​ស៊ូ​លី​ត លោក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​តំបន់​វា​រី​អគ្គិសនី​ដន​សា​ហុង គឺ​ក្រោយពី​ភាគី​កម្ពុជា​បាន​ពិនិត្យ​ស្ថានភាព​នៅ​ទីនោះ​រួចហើយ គឺ​មិនមាន​បញ្ហា​លើ​គម្រោង​អភិវឌ្ឍ​នេះឡើយ​។ ចំពោះ​ការព្រួយបារម្ភ​របស់​ក​ម្ពុ​ជា​អំពី​កង្វះខាត​ទឹក ឬ​ចលនា​រស់រាន​របស់​ត្រី​ក៏​មិនមាន​ការប៉ះពាល់​ដែរ នៅពេលនេះ ឡាវ​បាន​ចាប់ដំណើរការ​សាងសង់ គម្រោង​វា​រី​អគ្គិសនី​នេះហើយ​»​។ 
 
​នាយក​ប្រតិបត្តិ​វេទិកា​អង្គការក្រៅរដ្ឋាភិបាល NGOs Forum លោក តឹក វណ្ណា​រ៉ា មិន​គាំទ្រ​ចំពោះ​ការឡើង​របស់​សម្ដេច ហ៊ុន សែន ឡើយ​។ លោក តឹក វណ្ណា​រ៉ា ដែល​តែងតែ​ចេញមុខ​បកស្រាយ​ពី​ផលប៉ះពាល់​នៃ​ទំ​បន់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ អះអាងថា ទំ​បន់​វា​រី​អគ្គិសនី​នេះ​មិនមាន​ផលចំណេញ​អ្វី​ដល់​កម្ពុ​ជាច្រើន​ទេ តែ​វា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​នេះ​រង​ផលប៉ះពាល់​ដល់​ជីវភាព​ទៅវិញ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​ប្រតិបត្តិ​វេទិកា​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​សិក្សា​បែប​វិទ្យាសាស្ត្រ​ឲ្យ​បាន​ស៊ីជម្រៅ និង​បកស្រាយ​ឲ្យ​បានច្បាស់លាស់។ ព្រោះ​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ ដែល​ធ្វើ​ឲ្យ​បាត់បង់​ដល់​ធនធាន​ជលផល​មច្ឆា​ជាតិ​រួម និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​ប្រក​បរបរ​នេសាទ​ត្រី ។ ដូច្នេះ​រដ្ឋាភិបាល​ត្រូវធ្វើ​កិច្ចការ​ដោយ​បច្ចេកទេស ចៀសវាង​ដើម្បី​តែ​ការដោះដូរ​សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ​ខ្លួន​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ​…​។ ពួកគេ​អ្នកមាន គេ​មិន​យល់​ពី​បញ្ហា​ពលរដ្ឋ​ក្រីក្រ​ឡើយ​»​។​
 
​ទាក់ទង​នឹង​បញ្ហា​ជីវភាព​ពលរដ្ឋ​នៅតាម​ដង​ទន្លេមេគង្គ​នេះ សារព័ត៌មាន​ថ្មីៗ​ធ្លាប់បាន​ចុះ​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ឡី លីន អ្នកភូមិ​អន្លង់​ស្វាយ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៃ​ខេត្តស្ទឹងត្រែង ដែល​រង​ផលប៉ះពាល់​នៃ​ការសាងសង​ទំនប់​វា​រី​អគ្គិសនី​របស់​រដ្ឋាភិបាល​ឡាវ​នេះ​។ លោក ឡី លីន ដែលជា​អ្នក​ប្រកប​របរ​នេសាទ​ត្រី​ម្នាក់​នោះ បាន​ផ្លាស់ប្ដូរ​របរ​ខ្លួន​នេះ ហើយ​មក​ប្រក​បរបរ​កើប​ខ្សាច់ ដើម្បី​លក់​ឲ្យ​ក្រុម​អ្នកធ្វើ​សំណង់​នៅក្នុង​ភូមិ​វិញ​។ សម្រាប់​លោក ឡី លីន ទំនប់​វា​រី​អគ្គិសនី​របស់​ឡាវ​នេះ បានធ្វើ​ឲ្យ​ផល​នេសាទ​ថយចុះ​ខ្លាំង ទើប​លោក​បង្ខំចិត្ត​ឈប់​ប្រកប​របរ​នេសាទ​។ បើតាម​បុរស​កូន​៥​រូបនេះ របរ​កើប​ខ្សាច់​លក់ មិន​អាចជួយ​ទ្រទ្រង់​ជីវភាព​ខ្លួន​គ្រួសារ ដូច​របរ​នេសាទ​ត្រី​ឡើយ​។ លោក ឡី លីន បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖    «​ពីរ​បី​ឆ្នាំនេះ រកត្រី​លែង​សូវ​បាន ទើប​ខ្ញុំ​កើប​ខ្សាច់​លក់ ព្រោះ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​៥​នាក់ និង​ប្រពន្ធ​។ អត់​ជម្រើស​ទេ ខ្ញុំ​អត់​ដឹងរ​កអី​ផ្សេង​ក្រៅពី​ខ្សាច់​នេះ​ទេ​»​។   
 
​គួរ​បញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង មាន​ចំងាយ​១៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប្រទេស​កម្ពុជា​។ ហើយ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ​មើលឃើញថា ប្រទេស​កម្ពុជា គឺជា​អ្នក​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ជាពិសេស​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ការបាត់បង់​សត្វ​ផ្សោត​ដែល​ជិត​ផុត​ពូជ និង​ជីវចម្រុះ​ក្នុង​ទឹក​ផ្សេងៗ​ទៀត​៕
 
 
 

Tag:
 អគ្គីសនី​ដន​សា​ហុង​
  ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com