កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជា​ហាលអាវ​ហើយ​!
23, Nov 2016 , 8:18 pm        
រូបភាព
Aung Thu របស់មីយ៉ាន់ម៉ា ព្យាយាមគេចពីការរារាំងរបស់ ណុប តុលា។ រូបថត AFF Suzuki Cup
Aung Thu របស់មីយ៉ាន់ម៉ា ព្យាយាមគេចពីការរារាំងរបស់ ណុប តុលា។ រូបថត AFF Suzuki Cup
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ហាលអាវ​ហើយពី​ព្រឹត្តិការណ៍ AFF Suzuki Cup បន្ទាប់ពី​ពួកគេ​ត្រូវបាន​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា បំបាក់​ក្នុង​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន Thuwunna ក្រុង​យាំង​ហ្គោ​ន នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ សុះ ស៊ូ​ហា​ណា រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​កម្ពុជា ហើយ​ខ្សែការពារ Zaw Min Tun បានតែ​តបាល់​បញ្ចូល​ទី​២​គ្រាប់​ជា​បន្តបន្ទាប់​សម្រាប់​ម្ចាស់ផ្ទះ​។ Aung Thu បន្ថែម​មួយគ្រា​ប់​ទៀត​សម្រាប់​ម្ចាស់ផ្ទះ​នៅ​តង់​ទី​ពីរ​។​



​កម្ពុជា​បានដាក់​សម្ពាធ​នៅ​រយៈពេល​៧​នាទី​ដំបូង ដោយ ប្រាក់ មុន្នី​ឧ​ត្ត​ម  មានឱកាស​ទាត់​បាល់​ចេញពី​ជ្រុង​រហូតដល់​ទៅ​២​លើក​។ ខ្សែបម្រើ​មី​យ៉ាន់​ម៉ា Kaung Sat Naing ក៏មាន​ឱកាស​វាយ​សម្រុក​មួយចំនួន​ផងដែរ ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ​កម្ពុជា​។​

​ឈានដល់​នាទី ទី​១៤ សុះ ស៊ូ​ហា​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​កម្ពុជា​។ គ្រាប់​បាល់​បញ្ចូល​ទីនេះ កើតឡើង​បន្ទាប់​ខ្សែបម្រើ​ស្លាប​ឆ្វេង សំអឿន ពិដោរ បាន​បញ្ជូន​បាល់​ពី​ចម្ងាយ​ទៅ​ឲ្យ ចាន់ វឌ្ឍនាកា ហើយ​វឌ្ឍនាកា បាន​អូស​បាល់​ទៅ​ទៅ​កៀក​នឹងរ​បាទី​ដើម្បី​គេច​ពី​ខ្សែការពារ Zaw Min Tun មុននឹង​បញ្ជូនទៅ​ឲ្យ ស៊ូ​ហា​ណា សម្រេច​ផល​។​

២​ពីរ​នាទី​ក្រោយមក ខ្សែប្រយុទ្ធ Aung Thu របស់​មី​យ៉ាន់​ម៉ា បាន​ព្យាយាម​នាំ​បាល់​ទៅកាន់​សំណាញ់​ទី​របស់​កម្ពុជា ប៉ុន្តែ​ក្រោម​សម្ពាធ​របស់ ណុប តុលា និង​សុខ សុវណ្ណ ធ្វើ​ឲ្យ​គេ​ស៊ុត​បាល់​ខុស​គោលដៅ​។​

​នៅ​នាទី​២១ ខ្សែប្រយុទ្ធ Mg Lwin បាន​ស៊ុត​បាល់​ចំ​គោលដៅ​យ៉ាង​ល្អ ប៉ុន្តែ​ត្រូវ​រារាំង​ដោយ​អ្នកចាំទី ស៊ូ យ៉ា​ទី​។ Aung Thu ព្យាយាម​ស៊ុត​បន្ថែម ប៉ុន្តែ រស់ សំអឿន បាន​ទប់ស្កាត់​។​

​នៅ​នាទី​២៥ វឌ្ឍនាកា មានឱកាស​មាស​មួយទៀត បន្ទាប់ពី​គេ​បាន​នាំ​បាល់​ផុតពី​ជើង​របស់ Phyo Ko Ko Thien ប៉ុន្តែ​បន្ទាប់មក​គេ​ត្រូវបាន​អ្នកចាំទី​មី​យ៉ាន់​ម៉ា Kyaw Zin Phyo ធ្វើ​ឲ្យ​ដួល​។ នៅ​នាទី​៣៣ ស៊ូ​ហា​ណា ក៏មាន​ឱកាស​មួយទៀត​ផងដែរ ប៉ុន្តែ​គេ​ធ្វើ​មិនបាន​សម្រេច​នោះឡើយ​។​

​នៅ​នាទី​៣៥ Kyaw Chit Nanda Lin បាន​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ ដែល​នាំ​ឲ្យ​ខ្សែការពារ Zaw Min Tun តែ​តបាល់​បញ្ចូល​ទី​តាម​ស្មើ ១-១ ខណៈ Zaw Min Tun និង Aung Thu ត្រូវបាន​គេ​មើលឃើញថា​ស្ថិតក្នុង​ជំហរ​អក​ហ្សឺ ប៉ុន្តែ​លោក​អាជ្ញាកណ្តាល​កូរ៉េខាងត្បូង Kim Dong-jin មិនបាន​ផ្លុំ​កញ្ចែ​នោះឡើយ​។​
​បន្ទាប់ពី​លោក Lee Tae Hoon ដាក់​ទិ​ត្យ ឌី​ណា ជំនួស​ប្រាក់ មុន្នី​ឧ​ត្ត​ម នៅ​នាទី​៤០​ដដែល Zaw Min Tun បានតែ​តបាល់​បញ្ចូល​ទី​គ្រាប់​ទី​ពីរ ក្រោយ​ការបញ្ជូន​ពី​ជ្រុង​របស់ Kyaw Chit Nanda Lin​។​

​មី​យ៉ាន់​ម៉ា បន្ត​បើក​ការវាយលុក​លើ​កម្ពុជា​នៅ​ដើមតង់​ទី​ពីរ ជាពិសេស​ឱកាស​ដល់​ទៅ​ពីរលើក​របស់ Kaung Sat Naing​។ លោក Lee បានដាក់ សឿ​យ វិសាល ជំនួស នេន សុធា​រ័ត្ន នៅ​នាទី​៥៥ ហើយ​មួយ​នាទី​ក្រោយមក Aung Thu មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ៣-១ សម្រាប់​កម្ពុជា ក្រោយពេល​គេ​ទទួលបាន​បាល់​ដែល​ផ្លាត​ចេញពី​ជើង​របស់ ច្រឹង ពលរដ្ឋ​។​

​ខ្សែការពារ​មី​យ៉ាន់​ម៉ា Kyaw Zin Lwin បាន​បង្កកំហុស​ជា​បន្តបន្ទាប់​លើ កែវ សុខ​ផេង និង​ច្រឹង ពលរដ្ឋ ប៉ុន្តែ​កម្ពុជា​ធ្វើ​មិនបាន​សម្រេច​នោះឡើយ នៅពេល​ទទួលបាន​បាល់​ពិន័យ​។ នៅ​នាទី​៧៩ វឌ្ឍនាកា បាន​អូស​បាល់​ចូលទៅ​តំបន់​គ្រោះថ្នាក់ ប៉ុន្តែ​ស៊ុត​របស់គេ​មិន​ចំ​គោលដៅ​។​

​នៅ​១០​នាទីចុងក្រោយ ច្រឹង ពលរដ្ឋ បាន​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ បន្ទាប់ពី​ខ្សែការពារ​មី​យ៉ាន់​ម៉ា ធ្វើ​ឲ្យ ទិ​ត្យ ឌី​ណា ដួល ហើយ​ការ​ស៊ុត​នោះ ធ្វើ​ឲ្យ​បាល់​ហើរ​យ៉ាង​ឆ្ងាយ​ពីរ​បាទី​។ ឌី​ណា មានឱកាស​មួយគ្រា​ប់​នៅ​នាទី​៨៥ ប៉ុន្តែ​ជាការ​ស៊ុត​យ៉ាង​ស្រាល​មួយ​។​
​មី​យ៉ាន់​ម៉ា រក្សា​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ ដែល​ត្រូវ​ត្រៀមខ្លួន​ប្រជែង​ជាមួយ​ម៉ាឡេស៊ី សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​សម្រាប់​ពូ​ល B វៀតណាម បាន​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី Nguyen Trong Hoang  បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ ១-០ លើ​ម៉ាឡេស៊ី នា​ការប្រកួត​គូ​ទី​១​។ វៀតណាម​មាន​៦​ពិន្ទុ​ពេញ​ពី​ការប្រកួត​ចំនួន​២​លើក ហើយ​ពួកគេ​ត្រូវ​ប៉ះ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា នៅ​កីឡដ្ឋាន Wunna Theikdi Stadium នៅ​ទីក្រុង​ណៃ​ពី​ដរ​។​

​ក្រុម​កម្ពុជា​៖ ស៊ូ យ៉ា​ទី (​អ្នកចាំទី​), នេន សុធា​រ័ត្ន (​សឿ​យ វិសាល ៥៥), ណុប តុលា​, សុខ សុវណ្ណ​, រស់ សំអឿន​, សុះ ស៊ូ​ហា​ណា (​ប៊ិន ធា​រី ៧៣) , ច្រឹង ពលរដ្ឋ​, សំអឿន ពិដោរ​, កែវ សុខ ផេង​, ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម (​ទិ​ត្យ ឌី​ណា ៤០)៕


Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com