ជាតិ
នៅ​ឆ្នាំ​២០២០ តំបន់ឆ្នេរ​កម្ពុជា​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​៦​លាន​នាក់​ ​
25, Dec 2016 , 12:31 pm        
រូបភាព
ព្រះសីហនុ​៖ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ តំបន់ឆ្នេរ​នៃ​ខេត្ត​ទាំង​៤​របស់​កម្ពុជា អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ ៦​លាន​នាក់​។ ជាមួយគ្នានេះ នៅ​ឆ្នាំ​២០១៦​នេះ ខេត្ត​ព្រះសីហនុ​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៤០​ម៉ឺន​នាក់ និង​ទេសចរ​ជាតិប្រមាណ ១,១​លាន​នាក់​ផងដែរ​។ នេះ​បើតាម​ការព្យាករណ៍​រប​ស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​



តាម​ការព្យាករណ៍​រប​ស់លោក ថោ​ន ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ  បាន​លើកឡើងថា​៖ «​នៅ​ឆ្នាំ​២០២០ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ ៤​លាន​នាក់​»​។ ការលើកឡើង​បែបនេះ គឺ​នៅក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​លើក​ទី​៥ ក្រោម​ប្រធានបទ «​ទីក្រុង​បៃតង​-​ឆ្នេរ​ស្អាត​-​សមុទ្រ​ខៀវស្រងាត់​» នា​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ធ្នូ​កន្លងទៅ​។



លោក ថោង ខុន បាន​បន្តថា នៅ​ឆ្នាំ​២០១៦​នេះ ក្នុងចំណោម​ទេស​ចរអ​ន្ត​រ​ជាតិប្រមាណ ៥​លាន​នាក់ មាន​ភ្ញៀវទេសចរ​ប្រមាណ ៧០​ម៉ឺន​នាក់  និង​ទេសចរ​ជាតិប្រមាណ ២.៧​លាន​នាក់ ដែល​ទៅ​ទស្សនា​តំបន់ឆ្នេរ​នៃ​ខេត្ត​ទាំង​៤​របស់​កម្ពុជា រួមមាន​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​កែប​។ លោក បាន​បន្ថែមថា តាម​របាយការណ៍​រប​ស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO)​ឆ្នាំ​២០១៥ ពិភពលោក​ទាំងមូល​ទ​ទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​១.១៨៤​លាន​នាក់ ក្នុង​កំណើន ៤,៤%​។ ដោយ​ក្នុងនោះ​ភ្ញៀវទេសចរ​ប្រមាណ ៤៧% បាន​ទៅ​ទស្សនា​តំបន់​វប្បធម៌ ហើយ​តំបន់ឆ្នេរ​ប្រមាណ ២៨% និង​តំបន់​ផ្សេងៗ​ប្រមាណ ២៥%​។



រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​២០១៦​នេះ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៤០​ម៉ឺន​នាក់ និង​ទេសចរ​ជាតិប្រមាណ ១,១​លាន​នាក់​។ សម្រាប់​ឆ្នាំ​២០២០​ខាងមុខ ខេត្ត​ព្រះសីហនុ អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១​លាន​នាក់ និង​ទេស​ចរជាតិប្រមាណ ២​លាន​នាក់​។​



គួរ​បញ្ជាក់ថា កម្ពុជា​បាន​ចូល​ជា​សមាជិក​ក្លឹប​កាលពី​ឆ្នាំ​២០១១ ហើយ​កម្ពុជា​ត្រូវបាន​មហាសន្និបាត​ក្លឹប​បោះឆ្នោត​ជ្រើសរើស​ជា​អនុប្រធាន​ក្លឹប ដែល​ទទួលបន្ទុក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ២​អាណត្តិ​ជាប់​គ្នា​រហូតដល់​ឆ្នាំ​២០១៩​។ ទន្ទឹមនឹងនេះ ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សាកលលោក មាន​សមាជិក​កើន​ដល់​៤១​ឆ្នេរ ដែល​មកពី​២៤​ប្រទេស​៕







© រក្សាសិទ្ធិដោយ thmeythmey.com