អន្តរជាតិ
លោក អូ​បា​ម៉ា នឹង​ចេញពី​តំណែង​ទាំង​មិន​ស្ងប់ចិត្ត​
27, Dec 2016 , 10:59 pm        
រូបភាព
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា ត្រៀមខ្លួន​ហើយ​ក្នុងការ​ចាក​ចេញពី​តំណែង​និង​ផ្ទេរអំណាច  ថ្វីបើ​លោក​មិន​ស្ងប់ចិត្ត​ក៏ដោយ​។  ក្នុង​បទសម្ភាសន៍​មួយ​ចុងក្រោយ ពាក់ព័ន្ធ​ជីវិត​នយោបាយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជាក់ថា ក្រោយ​ចេញពី​តំណែង លោក​ត្រូវការ​ភាព​ស្ងៀមស្ងាត់​ផ្លូវ​អារម្មណ៍​មួយរយៈ មុន​ផ្តើម​ការងារ​។ បន្ទាប់មក លោក​នឹង​ផ្តោតអារម្មណ៍​សរសេរ​សៀវភៅ​, ដើរ​លំហែកាយ​ជាមួយ​ភរិយា​និង​កូន និង​បន្តសកម្មភាព​នានា​ដែល​ជំរុញ​ក្មេងជំនាន់ក្រោយ​កសាង​ភាពជា​អ្នកដឹកនាំ​និង​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ឲ្យ​កាន់តែ​ជ្រៅ​និង​សកម្ម​។​



 សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

**audio2**


​នៅសល់​មិន​ដល់​មួយខែ​ឡើយ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាក​ចេញពី​តំណែង​។ លោក​និង​ភរិយា​ប្រហែលជា​ត្រៀមខ្លួន​រួចរាល់​ហើយ​ ដើម្បី​ចាកចេញ​ពី​សេត​វិមាន​ដែល​ខ្លួន​ធ្លាប់​រស់នៅ​អស់​ពេល ២​អាណត្តិ​ដែល​ស្មើ ៨​ឆ្នាំ​មក​នោះ​។ លោក​មិន​ស្រួល​អារម្មណ៍​ និង​ស្ងប់ចិត្ត​ឡើយ ព្រោះ​លោក​នឹង​ផ្ទេរអំណាច​ឲ្យ​អ្នក​ស្នង​តំណែង​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ដែល​លោក​ធ្លាប់​ហៅថា​ជា​មនុស្ស​ដែល​មិន​ស័ក្តិ​សមជា​ប្រធានាធិបតី​អាមេរិក​នោះ​។

​យ៉ាងណាក៏ដោយ លោក​បានរៀបចំ​ផែនការ​រួចទៅហើយ ​សម្រាប់​អនុវត្តន៍​ពេល​លោក​ចេញពី​សេត​វិមាន ហើយ​លោក​នឹងមាន​ពេលវេលា​កាន់តែច្រើន ​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ដែល​លោក​មាន​ក្នុងនាម​ជា​ប្រធានាធិបតី​ ទៅដល់​យុវជន​ជំនាន់​ក្រោយ​ជាដើម​។ លោក​មិន​ចង់​ធ្វើជា​អ្នកនយោបាយ​ដែល​ធ្លាប់​ធ្វើជា​ប្រធានាធិបតី តែ​មិន​ធ្វើ​អ្វី​សោះ​ឲ្យ​ចម្រើន​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​។​

១. មិន​ស្តាយស្រណោះ​កៅអី​ប្រធានាធិបតី តែ​ដើរចេញ​ទាំង​ខកចិត្ត
​ក្នុង​បទសម្ភាសន៍​មួយ​ជា​លើកចុងក្រោយ​ជាមួយ​លោក David Axelrod ដែល​ចុះផ្សាយ​នៅ​សារព័ត៌មាន CNN លោក បា​រ៉ា​ក់ អូ​បា​ម៉ា អធិប្បាយថា អ្នកនយោបាយ​បក្ស​ប្រជាធិបតេយ្យ​មិនបាន​ប្រាស្រ័យ​ទាក់​ទង​ ជាមួយ​ប្រជាជន​អាមេរិក​ជា​អ្នកបោះឆ្នោត​បានល្អ​ឡើយ​។ ​ដូច្នេះហើយ​វា​ធ្វើ​ឲ្យ​គណបក្ស​បរាជ័យ​ធំធេង​។  ពាក់ព័ន្ធ​ការបោះឆ្នោត​ប្រធានាធិបតី លោក​អះអាងថា លោក​ប្រហែលជា​យកជ័យ​ជម្នះ​លើ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​កាលពី​ខែវិច្ឆិកា បើសិនជា​លោក​អាច​ឈរឈ្មោះ​បាន​សម្រាប់​អាណត្តិ​ទី​៣ នោះ​។  លោក​មាន​ទំនុកចិត្ត​ថា​ លោក​អាច​ផ្ទេរ​សារ​នយោបាយ​ដែល​សំខាន់​ដល់​ប្រជាជន​អាមេរិក​ និង​ទាញ​ឲ្យ​ប្រជាជន​អាមេរិក​ភាគច្រើន​គាំទ្រ​លោក​បាន​។

​ប៉ុន្តែ​ភ្លាមៗ​នោះ​លោក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​ឆ្លើយតប​លោក អូ​បា​ម៉ា វិញ​ថា «​គ្មាន​ផ្លូវ​»​ឡើយ​។  ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ​បាន​ឆ្លៀត​ទិតៀន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​លោក​ទាញយក​មរតក​ន​យោ​បាយ​ចម្រូងចម្រាស​ជាច្រើន​របស់លោក អូ​បា​ម៉ា មាន​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម (Daesh),​បញ្ហា​សេដ្ឋកិច្ច​, បញ្ហា​ប្រព័ន្ធ​សុខាភិបាល​ដែរ​។

​ជារួម មិនមែន​លោក អូ​បា​ម៉ា អាឡោះអាល័យ​តំណែង​ ឬ​កៅអី​ដែល​លោក​ធ្លាប់​កាន់​អស់ ៨​ឆ្នាំ​មកនេះ​ទេ ប៉ុន្តែ​លោក​មិន​ស្រួល​ចិត្ត​ ដែល​អ្នកនឹង​មក​ជំនួស​តំណែង​លោក​ជា​មនុស្ស​ដែល​លោក​ធ្លាប់​ចោទថា​ជា មនុស្ស​មិន​ស័ក្តិសម​នឹង​តំណែង​ប្រធានាធិបតី​នោះ​។ ​លោក អូ​បា​ម៉ា ខកចិត្ត​នៅពេលដែល​អាណត្តិ​របស់​លោក​ចប់ ​ស្រប​ពេលដែល​គណបក្សរ​បស់​លោក​នៅតែ​ចាញ់​នោះ​។ រឿង​ទាំងអស់​នេះហើយ​ ដែល​ធ្វើ​ឲ្យ​លោកចាកចេញ​ទាំង​មិន​អស់ចិត្ត​នោះ​។ 

២.​ក្រោយ​ចេញពី​តំណែង លោក អូ​បា​ម៉ា «​មិន​ធ្វើ​ជាតា​ចាស់​អង្គុយ​ផឹក​នៅ​បា​»
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាក​ចេញពី​តំ​ណែ​ង​នៅ​វ័យ ៥៥​ឆ្នាំ ហើយ​លោក​នឹង​ក្លាយជា​ប្រធានាធិបតី​ ដែលមាន​វ័យក្មេង​បំផុត​ដែល​ចាក​ចេញពី​សេត​វិមាន​។ វា​ជា​រឿង​ល្អ​សម្រាប់​លោក​ព្រោះ​លោក​ចង់​មាន​ពេលវេលា​ច្រើន​សម្រាប់ធ្វើ​ការងារ​សង្គម និង​ប្រើប្រាស់​ពេលវេលា​ដែល​លោក​សល់​ក្រោយ​ចេញពី​សេត​វិមាន​នេះ ​​ជួយ​យុវជន​ជំនាន់​ក្រោយ​ផង​។ លោក​បានរៀបចំ​ផែនការ​រួចរាល់​ហើយ ហើយ​ផែនការ​ទាំងនោះ​នឹងត្រូវ​អនុវត្ត​ក្រោយ​ថ្ងៃ ២០ មករា​។​

​ក្នុង​បទសម្ភាសន៍​ដដែល លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយ​កំប្លែង​លេង​ថា លោក​មិន​ចង់​ក្លាយ​ជាតា​ចាស់​ដែល​អង្គុយ​ផឹក​នៅ​បា​ឡើយ​។ មានន័យថា លោក​មិន​ធ្វើជា​មនុស្ស​ចាស់​ដែល​ចំណាយ​ពេលវេលា​គ្មាន​ប្រយោជន៍​ឡើយ​។ លោក​មានរឿង​ច្រើន​ ដែល​ត្រូវធ្វើ​ក្រោយ​ថ្ងៃ ២០ មករា ក្នុងនោះ​មាន​ទាំង​ការ​សំងំ​សរសេរ​សៀវភៅ និង​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​សេចក្តី​ស្ងប់​ផ្លូវចិត្ត​ផងដែរ​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ថ្ងៃ ២១​មករា ខ្ញុំ​នឹង​ដេក និង​នាំ​ភរិយា​ខ្ញុំ​ទៅ​កម្សាន្ត​វិស្សមកាល​ ហើយ​ខ្ញុំ​នឹង​ចាប់ផ្តើម​ផ្តោតអារម្មណ៍​សរសេរ​សៀវភៅ​ ដែល​ខ្ញុំ​ចង់​សរសេរ និងរក្សា​ភាព​ស្ងៀមស្ងាត់​មួយរយៈ​»​។​

​ពាក់ព័ន្ធ​នឹង​ការរក្សា​ភាព​ស្ងៀមស្ងាត់​នេះ លោក អូ​បា​ម៉ា ប្រញាប់​ពន្យល់ថា វា​ជាការ​ស្ងៀមស្ងាត់​ក្នុង​ចិត្ត​ប៉ុណ្ណោះ មិនមែន​ស្ងៀមស្ងាត់​រឿង​នយោបាយ​ឡើយ​។ អាច​ថា លោក​និយាយ​ការពារ​ទុក​មុន​ ព្រោះ​លោក​អាច​នឹង​ចេញមុខ ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​រឿង​មិន​សមរម្យ​ ឬ​អាច​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក​នោះ​។

​ក្រៅពីនេះ​លោក​បាន​រៀបរាប់​ពី​ការងារ​បន្ត​ ដែល​លោក​បន្តធ្វើ​បន្ទាប់ពី​ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់ ស្ងាត់​មួយរយៈ​ហើយ​នោះ​។ លោក​បន្តថា​៖ «​ទាក់ទង​រឿង​អាទិភាព​ផ្សេងទៀត ​ដែល​ខ្ញុំ​ធ្វើ​ក្រោយ​ចេញពី​តំណែង គឺ​ខ្ញុំ​នឹង​ជួយ​កសាង​សមត្ថភាព​ដឹកនាំ​របស់​យុវជន​ជំនាន់​ក្រោយ ដូចជា អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​, អ្នកកាសែត និង​អ្នកនយោបាយ​ជាដើម​។​ខ្ញុំ​ព្យាយាម​រិះ​គិតថា​គួរ​ធ្វើយ៉ាងណា​ ដើម្បី​ជួយ​ឲ្យ​ទ្រទ្រង់ ​និង​បំពាក់បំប៉ន​សមត្ថភាព​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ សង្គម​បាន​»៕


© រក្សាសិទ្ធិដោយ thmeythmey.com