អន្តរជាតិ
សមិទ្ធផល​ក្រោយ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ ក្នុង​សសរស្តម្ភ​ទាំងបី
17, Jan 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​រយៈពេល​មួយឆ្នាំ​ហើយ ដែល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​អាស៊ាន បាន​អនុវត្ត​ផែនការមេ​របស់ខ្លួន​ដែលមាន​ឈ្មោះថា «​សមាហរណកម្ម​អាស៊ាន​»​។ ស្រប​ជាមួយនឹង​ឱកាស​ពិសេស​នៃ​ខួប​មួយឆ្នាំ​នៃ​សមា​រណកម្ម​អាស៊ាន ក៏ដូចជា​ខួប​រម្លឹក​៥០​ឆ្នាំ​នៃ​ការបង្កើត​និម្មាបនកម្ម​ក្នុង​តំបន់​មួយ​នេះ អាស៊ាន បានចេញ​របាយការណ៍​សង្ខេប​ពិសេស​មួយ ដោយបាន​និយាយ​ពី​សមិទ្ធផល​របស់ខ្លួន​ដែល​បានសម្រេច​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅលើ​វិស័យ​ទាំងបី​ដែលជា​សសរស្តម្ភ​របស់​អាស៊ាន​។



​លេខាធិការដ្ឋាន​អាស៊ាន នៅ​ថ្ងៃទី​១៣ មករា កន្លងទៅ បានចេញ​ផ្សាយ​របាយការណ៍​មួយ​នៅលើ​គេហទំព័រ​របស់ខ្លួន ដោយបាន​លើកឡើង​ពី​សមិទ្ធផល​ចម្បងៗ​ដែល​អាស៊ាន បានសម្រេច​ក្នុង​រយៈពេល​មួយឆ្នាំ​នៅក្នុង​សសរស្តម្ភ​ទាំងបី​របស់​អាស៊ាន​។ តាមរយៈ​របាយការណ៍​ពិសេស​ដែលមាន​ចំណងជើង​ថា​«​អាស៊ាន​ឆ្នាំ​២០១៦» បានលើកឡើង​ទាំង​ទំនាក់ទំនង​ជាមួយនឹង​បណ្តា​មហាអំណាច​ដែល​រួមទាំង​អាមេរិក រុស្ស៊ី និង​ចិន​ជាដើម​។ ទំហំ​វិនិយោគ និង​ការ​ព្យា​ការណ៍​សេដ្ឋកិច្ច​នាពេល​អនាគត ក៏មាន​បញ្ចូល​នៅក្នុង​របាយការណ៍​នោះដែរ​។

​ខាងក្រោម​នេះ គឺជា​អត្ថបទ​សង្ខេប​ចេញពី​របាយការណ៍​ពិសេស​របស់​អាស៊ាន​ក្នុង​សហគមន៍​ទាំងបី​៖

១. សមិទ្ធផល​នៃ​សហគមន៍​សន្តិសុខ​-​នយោបាយ​
​តាមរយៈ​សហគម​ន៍ស​ន្តិ​សុខ​-​នយោបាយ អាស៊ាន បាន​បន្ត​កិច្ចការ​ដ៏​សំខាន់​ក្នុង​រក្សា​សន្តិភាព និង​ស្ថិរភាព ដែលជា​កត្តា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការបើកចំហ​ភាព​វិបុលភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​-​វប្បធម៌​នៅក្នុង​តំបន់​។ តាមរយៈ​យន្តការ​សន្ទនា ពិគ្រោះ​យោបល់ និង​ការផ្សារភ្ជាប់ អាស៊ាន បានធ្វើ​ឲ្យ​តំបន់​មាន​ស្ថាន​ភាពល្អ​។ ជាពិសេស​នោះ លិ​ខិ​តូ​ករ​ណ៍​ក្នុង​តំបន់ ដែល​រួមមាន​ទាំង​សន្ធិសញ្ញា​ស្តីពី​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ (TAC) និង​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DoC) ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ដែល​ប្រៀប​ដូចនឹង​ក្រម​ប្រតិបត្តិ​នៅក្នុង​ទំនាក់ទំនង​ពី​រដ្ឋ​ទៅ​រដ្ឋ​។

​បន្ថែម​ពីនេះ ក្នុង​រយៈពេល​មួយឆ្នាំ​នេះដែរ អាស៊ាន បានសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ដែល​មិនមែនជា​បញ្ហា​សន្តិសុខ​ប្រពៃណី ដែល​រួមមាន បម្រែបម្រួល​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និង​បទល្មើស​ឆ្លង​ប្រទេស​ជាដើម​នោះ​។ សមិទ្ធផល ចម្បង​ដែល​កើតចេញ​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​នោះ​គឺ កិច្ចប្រជុំ​ជាមួយនឹង​ចិន រុស្ស៊ី និង​អាមេរិក នៅ​ឆ្នាំ​២០១៦​។ តាមរយៈ​កិច្ចប្រជុំ​ដាច់ដោយឡែក​ធំ​ទាំងនោះ បាន​បើកផ្លូវ​សម្រាប់​អាស៊ាន និង​រដ្ឋ​សមាជិក​អាស៊ាន ទទួលបាន​ឱកាស​កាន់តែច្រើន​ក្នុងការ​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ជាមួយនឹង​ប្រទេស​មហាអំណាច ក៏ដូចជា​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការពារជាតិ​ផងដែរ​។

២. សមិទ្ធផល​នៃ​សហគមន៍​សេដ្ឋកិច្ច​
​តាម​របាយការណ៍​ពិសេស​ដដែល​នោះ នៅ​ឆ្នាំ​២០១៥ អាស៊ាន សម្រេចបាន​បាន​ផលិតផល​ក្នុងស្រុក​រួម​រហូតដល់​២.៤ ទ្រី​លាន​ដុល្លារ ដែល​ចំនួន​នេះ បានធ្វើ​ឲ្យ​អាស៊ាន  ឈរ​នៅ​លំដាប់​«​ទី​ប្រាំមួយ​នៅ​ឆាក​អន្តរជាតិ និង​លំដាប់​ទី​បី​នៅ​អាស៊ី​»​។ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា នឹង​នៅ​កម្រិត ៤.៦ ភាគរយ​ផងដែរ​។ អ្វី​គួរកត់សម្គាល់​នោះ នៅ​ឆ្នាំ​២០១៥ អាស៊ាន ក៏បាន​ទាក់ទាញ​វិនិយោគ​ដោយផ្ទាល់ ក្នុង​ទំហំ ១២១ ពាន់​លាន​ដុល្លារ ដែល​ចំនួន​វិនិយោគ​នេះ ក៏បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ឱកាស​ការងារ ក៏ដូចជា​ចំណូល និង​កំណើនសេដ្ឋកិច្ច​ផងដែរ​។

៣. សមិទ្ធផល​នៃ​សហគមន៍​សង្គម​-​វប្បធម៌
​នៅក្នុង​សសរស្តម្ភ​ចុងក្រោយ​នេះ អាស៊ាន បាន​ប្រឹងប្រែង​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ដើម្បី​កសាង​សហគមន៍ រវាង​ប្រជាជន​-​ប្រជាជន និង​កិច្ច​ការផ្តោត​សំខាន់​លើ​ប្រជាជន​តែម្តង ក៏ដូចជា​គំនិត​ផ្តួចផ្តើម​មួយចំនួន​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​សុខាភិបាល​។ ហើយ​នៅ​ឆ្នាំ​២០១៦​កន្លងទៅ អាស៊ាន ក៏បាន​លើកកម្ពស់ និង​ពង្រឹង​ការបំពេញបន្ថែម​ចំណុច​មួយចំនួន​រវាង​របៀបវារៈ​ឆ្នាំ​២០៣០​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាមួយនឹង​ទស្សនវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧​។ បច្ចុប្បន្ន​អង្គការ​អន្តររដ្ឋាភិបាល​មួយ​នេះ មាន​សមាជិក​សរុប​១០​ប្រទេស រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។ កាលពី​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៥​កន្លងទៅ អាស៊ាន បានប្រកាស​ដំណើរការ​ជា​ផ្លូវការ​នូវ​ដោយ​ប្រែក្លាយ​អាស៊ាន​ឲ្យ​ទៅជា​សហគមន៍​តែមួយ ពោលគឺ ដំណើរ​សមាហរណកម្ម ដោយ​ឈរលើ​សសរស្តម្ភ​ទាំងបី រួមមាន សហគមន៍​សន្តិសុខ​-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម​-​វប្បធម៌​។ ដំណើរការ​សមាហរណកម្ម​នេះ ក្នុង​គោលដៅ​ដើម្បី​ប្រែក្លាយ​តំបន់​អាស៊ាន ដែល​ចម្រុះ​ដោយ​ជាតិ​សាសន៍ និង​ប្រព័ន្ធ​នយោបាយ​ផ្សេងៗ​គ្នា​នោះ ឲ្យ​ទៅជា​តំបន់​ដែលមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច សុខដុម​រម​នីយកម្ម និង​សន្តិសុខ និង​សន្តិភាព​៕ 


Tag:
 អាស៊ាន​
  សមាហរណកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com