អន្តរជាតិ
រៀងរាល់​៤​ថ្ងៃ​ម្តង​ក្នុង​ឆ្នាំ​២០១៦ មាន​អ្នកកាសែត​ម្នាក់​ត្រូវបាន​សម្លាប់​
22, Jan 2017 , 7:39 am        
រូបភាព
ដោយ: ធីតា
​អង្គការ​យូនេស្កូ បាន​រកឃើញថា អ្នកកាសែត​ចំនួន​១០១​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ឆ្នាំ​២០១៦ ដោយ​ចំនួន​នេះ មានន័យថា អ្នកកាសែត​ម្នាក់​ត្រូវបាន​សម្លាប់​នៅ​រៀងរាល់​៤​ថ្ងៃ​ម្តង​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​អង្គការសហប្រជាជាតិ (UN) កាលពី​ថ្ងៃទី​១៧ ខែមករា​។​



«​អាជីព​ជា​អ្នកកាសែត​មិនមាន​សុវត្ថិភាព​នោះឡើយ ហើយ​បណ្ណសារ​ព័ត៌មាន និង​សម្ភារ​នានា​ដែល​បម្រើ​ផ្នែក​សារព័ត៌មាន ជា​ញឹកញាប់ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ហេតុផល​មួយចំនួន​ប៉ុណ្ណោះ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Frank La Rue ជំនួយការ​អគ្គនាយក​យូនេស្កូ ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង និង​ព័ត៌មាន​។​

​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ បានរៀបចំ​ផែនការមេ​ក្នុង​ការធានា​សុវត្ថិភាព និង​និ​ទណ្ឌ​ភាព​សម្រាប់​អ្នកកាសែត​នាពេល​បំពេញបេសកកម្ម​ទាំង​ក្នុងស្ថានភាព​មាន​ជម្លោះ និង​គ្មាន​ជម្លោះ​។​

​តួលេខ​បាន​បង្ហាញថា អ្នកកាសែត​ដែល​បាន​បាត់​ជីវិត​ភាគច្រើន គឺ​នា​អំឡុងពេល​បំពេញបេសកកម្ម​ក្នុង​តំបន់​ជម្លោះ​ប្រដាប់អាវុធ នៅ​ប្រទេស​ស៊ី​រី អ៊ីរ៉ាក់ និង​យ៉េ​មែន រួមទាំង​នៅ​តំបន់​អាមេរិក​ឡាទីន និង​កា​រ៉ា​អ៊ី​ប​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកកាសែត​មួយចំនួន​បាន​រងគ្រោះ​ដោយ​អំពើហិង្សា​លើ​រាងកាយ និង​ការគំរាមកំហែង​តាម​អន​ឡាញ ជាមួយនឹង​សម្តី​ស្អប់ខ្ពើម និង​បៀតបៀន​ផ្លូវភេទ​ជាដើម​។ លោក La Rue បាន​លើកឡើងថា នៅពេលដែល​ឧក្រិដ្ឋកម្ម​រាល់​ទម្រង់​លើ​អ្នក​ក​សែត មិន​ត្រូវបាន​កាត់ទោស​ទេនោះ បណ្តាញ​ផ្សព្វផ្សាយ​នៅតែ​រង​ការ​បៀតបៀន និង​វាយប្រហារ​ដដែល​។​

​យូនេស្កូ បានស្នើ​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត​លើ​អ្នកសារព័ត៌មាន និង​ដាក់ទោស​ដល់​អ្នកប្រព្រឹត្ត​ខុស​ឲ្យ​បាន​ត្រឹមត្រូវ​៕


Tag:
 អ្នកកាសែត​
  យូនេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com