អន្តរជាតិ
ស្ត្រី​បារាំង​ម្នាក់​ខាតបង់​ជិត​២៨០០​ដុល្លារ ដោយសារ​ទុក​កូដ​ហ្គេម Clash Royale ឲ្យ​ចៅប្រុស​
23, Jan 2017 , 5:41 pm        
រូបភាព
ដោយ: ធីតា
​អ្នកស្រី Danielle ដែល​រស់នៅ​តំបន់ Le Puy ប្រទេស​បារាំង មាន​ហួសចិត្ត​យ៉ាងខ្លាំង ដោយ​ឃើញ​គណនី​ធនាគារ​របស់ខ្លួន បាត់​លុយ​រហូតដល់​ទៅ​២៦០០​អឺរ៉ូ (​ជិត​២៨០០​ដុល្លារ​អាមេរិក​)​។ មូលហេតុ​នេះ គឺ​ដោយសារតែ​ចៅប្រុស​របស់គាត់​បាន​ចំណាយ​ទៅលើ​ហ្គេម​អន​ឡាញ «Clash Royale»​។



​ស្ត្រី​ជនជាតិ​បារាំង Danielle ទទួលបាន​មេរៀន​ដ៏​ខកចិត្ត​មួយ ដោយ​គាត់​បាន​បាត់បង់​ប្រាក់​ជិត​២៨០០​ដុល្លារ​អាមេរិក ដោយសារតែ​គាត់​បាន​បណ្តោយ​ឲ្យ​ចៅប្រុស​លេង​ហ្គេម​អន​ឡាញ Clash Royale​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន France Bleu​។​

​អ្នកស្រី Danielle ដែល​រស់នៅ​តំបន់ Le Puy បាន​ចំណាយលុយ ៤,៩៩​អឺរ៉ូ​ដើម្បី​ទិញ​កាក់​លេង​ហ្គេម Clash Royale សម្រាប់​ចៅប្រុស​របស់ខ្លួន​ពី Google Play  ដោយ​នៅពេលនោះ គាត់​បាន​ប្រាប់​លេខ​កូត​សម្ងាត់​ទៅ​ចៅប្រុស​។ ប៉ុន្តែ​នៅពេល​ចៅប្រុស​គាត់​ត្រឡប់ទៅផ្ទះ​វិញ គេ​នៅតែ​បន្ត​ចំណាយលុយ​ទិញ​ហ្គេម​នោះ​ដដែល​។​

​ពីរ​ខែ​ក្រោយមក អ្នកស្រី Danielle បាន​ពិនិត្យ​ទឹកប្រាក់​របស់ខ្លួន​នៅ​ធនាគារ ហើយ​ឃើញថា គាត់​បាន​បាត់​លុយ​ជិត​២៨០០​ដុល្លារ​អាមេរិក​។ របាយការណ៍​ធនាគារ​បាន​បង្ហាញថា កាត​ធនាគារ​របស់គាត់ បាន​ទិញ​ហ្គេម Clash Royale រហូតដល់​៦០​ដង​ក្នុង​១​ថ្ងៃៗ ។ បន្ថែម​ពីលើ​នេះ ចៅប្រុស​គាត់​ក៏បាន​ចំណាយ​ប្រាក់​មួយចំនួន​លើ​ហ្គេម Pokemon GO ផងដែរ​។​

​អ្នកស្រី Danielle បានត្រឹមតែ​ខកចិត្ត​ប៉ុណ្ណោះ​ពីព្រោះ មិនមាន​ការសង​សំណង​ខូចខាត​នោះឡើយ​។ ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់ ក្រុមហ៊ុន​ហ្គេម  Supercell ក៏បាន​ណែនាំ​អាណាព្យាបាល​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការចំណាយ​នានា​ផងដែរ ជាពិសេស​ពី​សំណាក់​កុមារ​ដែល​មិនទាន់​គ្រប់​អាយុ​៕


Tag:
 ​ហ្គេម​
  ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com