អន្តរជាតិ
ភាគី​ជម្លោះ​ស៊ី​រី​ជួបប្រជុំគ្នា​នៅ​កា​ហ្សា​ក់​ស្ថាន​ស្វែងរក​សន្តិភាព​នៅ​ស៊ី​រី​
24, Jan 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគី​ជម្លោះ​ស៊ី​រី ទៅដល់​រដ្ឋធានី Astana នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ដើម្បី​ចរចា​គ្នា​ស្វែងរក​សន្តិភាព​និង​បញ្ចប់សង្គ្រាម​ស៊ីវិល​ស៊ី​រី​ដែល​អូសបន្លាយ​ពេល ៦ ឆ្នាំ​មកហើយ​នោះ​។  យ៉ាងណាក៏ដោយ រុស្ស៊ី និង​តួ​ក​គី​ហាក់​មិនទាន់​ឯកភាពគ្នា​នៅឡើយ​ជុំវិញ​តួនាទី​របស់លោក បា​សា អាល់​អាសាដ នាពេល​អនាគត​។



​កិច្ចពិភាក្សា​សន្តិភាព​ស៊ី​រី​ដែល​ជ្រោមជ្រែង​ដោយ​រុស្ស៊ី​, អ៊ីរ៉ង់ និង តួ​គី ចាប់ផ្តើម​ឡើង​នៅក្នុង​ទីក្រុង Astana​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នៅ​សប្តាហ៍​នេះ​។ បណ្តា​ភាគី​ជម្លោះ​បាន​ទៅដល់​ទីក្រុង Astana នេះ​ចាប់​ពីថ្ងៃ អាទិត្យ ទី ២២ មករា ដើម្បី​ត្រៀមខ្លួន​ជជែក​រក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ស៊ីវិល​ដែល​អូសបន្លាយ​ពេលវេលា​អស់ ៦​ឆ្នាំ​មកហើយ​នោះ​។

​យោងតាម​ទីភ្នាក់ងារ  AFP បណ្តា​តំណាង​ក្រុម​ឧទ្ទាម​និង តំណាង​រដ្ឋាភិបាល​បាន​ទៅដល់​ទីកន្លែង​កិច្ចប្រជុំ​រៀបចំឡើង​។ ប៉ុន្តែ​មិនមាន​មន្ត្រី​ជន​ខ្ពស់​ពី​ខាង​រដ្ឋាភិបាល​ចូលរួម​ក្នង​ប្រតិភូ​ដែល​មក​ចរចា​នៅ​ក្រុង Astana ឡើយ​។ ប៉ុន្តែ​ក្រុម​អ្នករៀបចំ​កិច្ចប្រជុំ​នេះ បាន​អះអាងថា កិច្ចប្រជុំ​នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​អង្គារ​ទី ២៤​មករា​។​

​យ៉ាងណា​ក៏​ដោ លោក Alexander Lavrentyev តំណាង​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ចូល​សម្របសម្រួល​កិច្ចចរចា​បាន​អះអាងថា វា​នៅតែ​មិនទាន់មាន​ការកំណត់​ចុងក្រោយ​នៅឡើយ​ថា តើ​ប្រតិភូ​រដ្ឋាភិបាល ជជែក​ជាមួយ​ក្រុមប្រឆាំង​ផ្ទាល់​ឬ​តាមរយៈ​ភាគី​ទី ២ ជួយ​នាំសារ​។

​តំណាង​ប្រតិភូ​រដ្ឋាភិបាល​ស៊ី​រី គឺ ឯកអគ្គរដ្ឋទូត​ស៊ី​រី​ប្រចាំ​អង្គការសហប្រជាជាតិ Bashar al-Jaafari ។ លោក​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា កិច្ចពិភាក្សា​សំខាន់​ក្នុងជំនួប​នេះ​គឺ ការពង្រឹង​ការអនុវត្ត​បទ​ឈប់​បាញ់​ដែល​ត្រូវបាន​ដាក់ចេញ​តាំងពី​ខែ​មុន​មក​នោះ​។ ហើយ​សហរដ្ឋអាមេរិក​ដែល​តែង​ជ្រោមជ្រែង​ក្រុម​ឧទ្ទាម​កន្លងមក​នោះ​មិនបាន​បញ្ជូន​មន្ត្រី​ខ្លួន​មក​ចូលរួម​ឡើយ​។​

​ជារួម​កិច្ចពិភាក្សា​នេះ ជាការ​ចរចា​លើកដំបូង​បំផុត​ចាប់តាំងពី​ពេលដែល​កិច្ចពិភាក្សា​ក្រុង​ហ្សឺ​ណែវ​ជាប់គាំង និង​ក្រោយ ក្រុមប្រឹក្សាសន្តិសុខ​សម្រេច​អនុម័ត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​ចុងឆ្នាំ​មុន ក្រោយ​ការដួលរលំ​នៃ​ការគ្រប់គ្រង​ទីក្រុង Aleppo ភាគ​ខាងកើត​របស់​ពួក​ឧទ្ទាម​។ ហើយ​វា​ត្រូវបាន​ជួយឧបត្ថម្ភ​គាំទ្រ​ខ្លាំង​ដោយ​ប្រទេស​បី មាន​រុស្ស៊ី​,​តួ​ក​គី និង​អ៊ីរ៉ង់​ផង​។

​ថ្វីបើ​មានការ​ពិភាក្សា​រវាង​ភាគី​ជម្លោះ​ក៏ដោយ  តួ​ក​គី និង​រុស្ស៊ី ហាក់បីដូចជា​មិនទាន់​ឯកភាពគ្នា​ឡើយ​ទេ​ជុំវិញ​ការកំណត់​តួនាទី​របស់​លោក បា​សា អាល់​អាសាដ ក្នុង​បរិបទ​នយោបាយ​ស៊ី​រី​នៅពេល​ខាងមុខ បើ​សង្គ្រាម​ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ​។ យ៉ាងណាក៏ដោយ ការកំណត់​ឲ្យ​អាសាដ ដកខ្លួន​ចេញពី​នយោបាយ​ជា​រឿង​មិនអាច​ទៅរួច​ឡើយ ព្រោះ​ក្រុម​ឧទ្ទាម​ហាក់​អស់​ផ្លូវ​ដើរ​និង​កាន់តែ​ខ្សត់ខ្សោយ​កម្លាំង​ណាស់​ទៅហើយ​ក្រោយ​ការដួលរលំ​នៃ​ក្រុង Aleppo​នោះ​។

​ក្រុម​អ្នក​អង្កេត​ការណ៍​ខ្លះ​មើលឃើញថា កិច្ចប្រជុំ​នៅ Astana អាច​នឹង​ជួយ​ជំរុញ​ឲ្យ​ការចរចា​ក្រុង​ហ្សឺ​ណែវ​ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បាន​នៅពេល​ខាងមុខ​៕


Tag:
 ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com