អន្តរជាតិ
ទោះ​មានការ​បញ្ចុះបញ្ចូល លោក ត្រាំ នៅតែ​យក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង TPP
24, Jan 2017 , 10:49 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP (រូបថតហ្វេសប៊ុក Donald J. Trump)
ប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP (រូបថតហ្វេសប៊ុក Donald J. Trump)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៣ ខែមករា បានសម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ហើយ បើទោះជា​មានការ​បញ្ចុះបញ្ចូល​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែលជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ​។ តាំងពី​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មកនេះ លោក ត្រាំ តែងតែ​អះអាងថា កិច្ចព្រមព្រៀង​ដែលជា​កេរ​មរតក​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា មួយ​នេះ បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក ដែល​ត្រូវ​ចាកចេញ​ឲ្យ​បាន​ឆាប់​។​



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចាប់ផ្ដើម​បំពេញ​ពាក្យសន្យា​របស់លោក​ដែល​សន្យា ពេល​លោក​ធ្វើ​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​។ នៅ​ថ្ងៃទី​២៣ ខែមករា លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដែល​សំដៅ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ យ៉ាងណាក្ដី បទបញ្ជា​នេះ មិនមាន​អំណាច​អ្វី​ឡើយ ដ្បិត​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ ក៏​មិនទាន់​ត្រូវបាន​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក ផ្ដល់​សច្ចាប័ន​អ្វី​ដែរ​។​

​សារព័ត៌មាន BBC ផ្សាយ​ថា ពី​សេត​វិមាន លោក​ប្រធានាធិបតី ត្រាំ បានចាត់ទុក​ការដក​សមាជិកភាពរ​បស់​អាមេរិក​ពី​កិច្ចព្រមព្រៀង TPP ជា​រឿង​អស្ចារ្យ​សម្រាប់​ប្រជាជន​អាមេរិក នេះ​ក៏​ព្រោះតែ​កន្លងមក លោក មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​ទាល់តែសោះ​។ លោក ត្រាំ ក៏​ធ្លាប់​លើកឡើងថា កិច្ចព្រមព្រៀង​នេះ ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​បាត់​ការងារ ដ្បិត​ក្រុមហ៊ុន​អាមេរិក នឹង​ងាក​ទៅ​បើក​រោងចក្រ​នៅតាម​ប្រទេស​ដទៃ ដែលមាន​តម្លៃ​ពលកម្ម​ទាប​ជាង​តម្លៃ​នៅ​អាមេរិក​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​ពង្រឹង​វត្តមាន​អាមេរិក​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។ កិច្ច​ព្រម​ពៀង​នេះ ក៏មាន​គោលដៅ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​ទាំង​១២ ក៏ដូចជា​ឈានទៅ​បង្កើតជា​ទីផ្សារ​រួម​ដូច​នៅ​អឺរ៉ុប​ដែរ ជាពិសេស​តាមរយៈ​ការកាត់បន្ថយ​ពន្ធ​តែម្ដង​។

​សម្ព័ន្ធមិត្ត​អាម​រិ​ក​ដូចជា​សិង្ហ​បុរី និង​ជប៉ុន សុទ្ធតែ​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការ​ជំហរ​ដកខ្លួន​របស់​អា​មេ​រិ​ក​។ ក្រុង​តូ​ក្យូ ហាក់ដូចជា​ចេញមុខ​មាត់​ខ្លាំងជាងគេ ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ​លោក ត្រាំ បន្ត​ឲ្យ​អាមេរិក​នៅក្នុង​កិច្ចព្រមព្រៀង TPP ទាំង​ដឹងថា ខ្លួន​មិនអាច​បញ្ចុះបញ្ចូល​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​បន្ទន់​ជំហរ​ក៏ដោយ​។ នេះ​ក៏​ព្រោះ​លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ប្រឹងប្រែង​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ  ដោយ​លោក​មើលឃើញ​ពាណិជ្ជកម្ម​សេរី​ជាការ​គំរាមកំហែង​ប្រយោជន៍​អាមេរិក​ដដែល​។ 

​លើសពីនោះ សមាជិក​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នេះ ថែមទាំង​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ទៅមុខ​ដោយ​គ្មាន​វត្តមាន​អាមេរិក​ផង ព្រោះ​សមាជិក​ទាំង​១១​ផ្សេងទៀត​សុទ្ធ​តែមាន​គោលដៅ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ដដែល​។ ច្បាស់​ណាស់​ថា លោក ត្រាំ នៅតែ​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អាមេរិក​ក្នុង​បរិបទ​អន្តរជាតិ​ឲ្យ​បាន ហើយ​នេះ​គឺជា​គោលនយោបាយ​ចម្បង​របស់លោក ក្នុងការ​គៀងគរ​សំឡេងគាំទ្រ​ពី​ប្រជាជន​អាមេរិក​៕  


Tag:
 ដូ​ណា​ល់ ត្រាំ​
  TPP
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com