ជាតិ
ក្រសួង​ព័ត៌មាន គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្ដល់​ការងារ​ដល់​មន្ដ្រីរាជកា​រ​ចូល​និ​វត្ដ​ន៍​
26, Jan 2017 , 9:48 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ សម្រាប់​បង្កើត​ការងារ​ដល់​មន្ត្រី​ចូលនិវត្តន៍ ដើម្បី​ជួយ​បង្កើន​ប្រាក់ចំណូល និង​សម្រួល​ដល់​ជីវភាព​ពួកគេ​។



​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​និយាយថា ក្រសួង​កំពុង​សិក្សា​លើ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​ឲ្យ​បានច្បាស់លាស់​សិន មុននឹង​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​។ បើតាម​លោក ខៀវ កា​ញា​រី​ទ្ធិ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ នឹង​អាច​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង ២​ពាន់​នាក់ ។ ជាពិសេស​មន្ដ្រីរាជការ​ចូល​និ​វត្ដ​ន៍ ក៏​អាច​បន្ដការងារ​នៅ​ទីនោះ​បានដែរ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និ​វត្ដ​ជន​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​២៥ មករា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​ព័ត៌មាន​កំពុងតែ​គិតគូរ​ទាំង​មន្ដ្រីរាជការ និង​មន្ដ្រីរាជការ​ចូល​និ​វត្ដ​ន៍ ដើម្បី​បង្កើត​ការងារ​ធ្វើ និង​ជួយ​បង្កើន​ប្រាក់ចំណូល​បន្ថែម​ក្រៅពី​ប្រាក់ខែ​មន្ដ្រីរាជការ បើទោះបី ជាម​ន្ដ្រី​មួយចំនួន​ចូល​និ​វត្ដ​ន៍​ក្ដី ប៉ុន្ដែ​អាច​បន្ដធ្វើ​ការងារ និង​អាច​ជួបជុំគ្នា​បាន​ទៀត​។ ប្រសិនបើ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ យើង​នឹង​ចាប់ផ្ដើម​សាងសង់​ពី​ឆ្នាំ​២០១៧​នេះ​ទៅ ដែល​គ្រោង​នឹង​បញ្ចប់​នៅ ឆ្នាំ​២០២០​ខាងមុខ​»​។​

​លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​គ្រោង​បង្កើតឡើង​នេះ នឹងមាន​រៀបចំ​ជា​កន្លែង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​,​មជ្ឈមណ្ឌល​ព័ត៌មាន ,​សារមន្ទីរ និង​កន្លែង​ពិព័រណ៍​ជាដើម ដែល​ត្រូវ​ចំណាយ​ថវិកា​ជាង​៣០០​លាន​ដុល្លារ​៕

​ប្រភពពី AKP


Tag:
 ក្រសួង​ព័ត៌មាន​
 ​ មន្ត្រី​ចូលនិវត្តន៍​
 ​ ខៀវ កាញារីទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com