ជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង​២​សែន​ដុល្លារ​ឲ្យ​កម្ពុជា​កែលម្អ​ការថែទាំ​សុខភាព និង​ប្រព័ន្ធធារាសាស្ត្រ​
13, Feb 2017 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​យល់ព្រម​ផ្តល់​ថវិកា​ចំនួន ២៤៧,៧៣៤​ដុល្លារ​អាមេរិក​ឲ្យ​កម្ពុជា​សម្រាប់​គម្រោង​កែលម្អ​ការថែទាំ​សុខភាព និង​ប្រព័ន្ធធារាសាស្ត្រ​ចំនួន ៣ ក្នុង​ខេត្តកំពង់ចាម កំពង់ធំ និង​ខេត្តពោធិ៍សាត់​។​



​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​នេះ គឺជា​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ជប៉ុន​សម្រាប់​កម្ពុជា​។ គម្រោង​ទាំង​៣ រួមមាន ទី​១, គម្រោង​បំពាក់​ឧបករណ៍​បរិក្ខា​ពេទ្យ នៅ​មន្ទីរពេទ្យបង្អែក​ចំការលើ ខេត្តកំពង់ចាម ចំណាយ​ថវិកា​ចំនួន ៨២,១៨០​ដុល្លារ​អាមេរិក ទី​២, គម្រោង​សាងសង់​អគារ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្ទោង ខេត្តកំពង់ធំ​ចំណាយ​ថវិកា​ចំនួន ៨៣,១៧៥​ដុល្លារ​អាមេរិក និង​ទី​៣, គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​បឹង​កន្សែង ខេត្តពោធិ៍សាត់​ដែល​ចំណាយ​ថវិកា​ចំនួន ៨២,៣៧៩​ដុល្លារ​អាមេរិក​។​

​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​ថ្លែង ក្នុង​ពិធី​ចុះកិច្ចសន្យា​ផ្តល់ជំនួយ​នៅ​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ​នេះ​ថា គម្រោង​ទី​១ មាន​ឧបករណ៍​បរិក្ខារ​ពេទ្យ​មួយឈុត រួមមាន ឧបករណ៍​សម្រាប់​វះកាត់ និង​ម៉ាស៊ីន​ធ្វើតេស្ត​ឈាម​មួយចំនួន​ដល់​មន្ទីរពេទ្យ បង្អែក​ចំការលើ ខេត្តកំពង់ចាម​។ លោក​បាន​បញ្ជាក់ថា អ្នកជំងឺ​ប្រមាណ ៦៦០​នាក់ ក្នុង​មួយឆ្នាំ​នឹង​ទទួល​សេវា​វះកាត់​នៅ​មន្ទីរពេទ្យបង្អែក​ក្នុង​គម្រោង​ទីមួយ​នេះ​។​



​ដោយឡែក​គម្រោង​ជំនួស​ទី​ពីរ​គឺ សាងសង់​អគារ​ផ្នែក​សង្គ្រោះបន្ទាន់​មួយ​ខ្នង នៅ​មន្ទីរពេទ្យបង្អែក​ស្ទោង ខេត្តកំពង់ធំ​។ លោក​បាន​បន្ត​ឲ្យ​ដឹងថា អ្នក​ជម្ងឺ​ប្រមាណ ៦៦០​នាក់ និង​អ្នកពិគ្រោះ​ជម្ងឺ​ក្រៅ​ជាង ៣​ពាន់​នាក់ នឹង​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ពួកគេ​ក្នុង​មួយឆ្នាំៗ ។​

​រីឯ គម្រោង​ទី​បី គឺ​ការស្តារ​ប្រឡាយ​រង​មួយ​ខ្សែ​ប្រវែង ២,៣១០​ម៉ែត្រ រួមទាំង​សង់​សំណង់​ក្បាល​ប្រឡាយ​រង ១​កន្លែង និង​សំណង់​លូ​៣​កន្លែង ក្នុង​ប្រព័ន្ធធារាសាស្ត្រ​បឹង​កន្សែង នៅ​ខេត្តពោធិ៍សាត់​។ លោក​ឯក អគ្គរាជទូត​ជប៉ុន បាន​ថ្លែង​រំពឹងថា ប្រជាកសិករ​ប្រមាណ ៣៣០០​នាក់ នឹង​ទទួល​ទឹក​គ្រប់គ្រាន់ សម្រាប់ ស្រោចស្រព​ដីស្រែ និង​ពង្រីក​ការដាំដុះ​របស់​ពួកគេ​តាមរយៈ​គម្រោង​នេះ​។​



​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំង​៣ នឹង​អនុវត្ត និង​ថែទាំ​គម្រោង​ទាំងបី​ខាងលើ​ប្រកបដោយ​ប្រសិទ្ធភាព​យូរអង្វែង ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​កាន់តែច្រើន​។ «​ខ្ញុំ​សង្ឃឹមថា គម្រោង​ទាំងអស់នេះ នឹង​ជួយ​ពង្រឹង​ជា​បន្តទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ដែលមាន ស្រាប់​រួចមកហើយ​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​»​។ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ថ្លែង​បញ្ជាក់​ជា​ភាសា​ខ្មែរ​ចំពោះមុខ​អាជ្ញាធរខេត្ត​ទាំងបី​ជាង ៥០​នាក់ ដែលមាន​វត្តមាន​ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​នៅ​រសៀល​ថ្ងៃទី​១៣​កុម្ភៈ​នេះ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល និង​ប្រធាន​មន្ទីរ​ធនធានទឹក​មក​ពី​ខេត្ត​ទាំងបី បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល ជប៉ុន​ដែល​តែង​ផ្តល់ជំនួយ​សហប្រតិបត្តិ​ការ​ជប៉ុន​ដល់​កម្ពុជា​។ ពួកគេ​សុទ្ធតែ​បញ្ជាក់ថា ពួកគេ​នឹង​អនុវត្ត និង​ថែទាំ​គម្រោង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​យូរអង្វែង សម្រាប់​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​៕








Tag:
 ហូ​រី ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា​
  គូ​សាណូ​ណិ​
  ជប៉ុន​
  សុខភាព​
  ធារាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com