ជាតិ
សាលា​រចនា​ថ្មី នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​២ ខែមេសា​
27, Mar 2017 , 10:13 am        
រូបភាព
​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​សាលា​រចនា​ថ្មី នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២ ខែម​សា ឆ្នាំ​២០១៧​ខាងមុខ​។ រដ្ឋាភិបាល គ្រោងចំណាយ​ទឹកប្រាក់ប្រមាណ​១២​លាន​ដុល្លារ សង់សាលា​រចនា​ថ្មី​នេះ  នៅ​តំបន់​ជ្រោយចង្វារ ខណៈទីតាំង​សាលា​រចនា​ចាស់​ដែលមាន​ចំណាស់​១០០​ឆ្នាំ ត្រូវ​ពង្រីក​ជា​សារមន្ទីរ​ជាតិ​។



​ពិធី​ក្រុង​ពាលី បញ្ចុះសីមា​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សាងសង់ សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​សាលា​រចនា​ថ្មី នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២ ខែម​សា ឆ្នាំ​២០១៧​ខាងមុខ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាស​ពី​ការប្តូរ​ទីតាំង​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ថ្មី​នេះ នៅក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៩ កាលពីដើម​ខែមីនា​កន្ល​ង​ទៅ​។ កាលណោះ​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ការសាងសង់​សាលា​រចនា​ថ្មី គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២​លាន​ដុល្លារ  សង់​នៅលើ​ផ្ទៃដី​ប្រមាណ ៤​ហិកតា នៅ​តំបន់​ជ្រោយចង្វារ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​ដដែល គម្រោង​នេះ​ត្រូវ​អនុវត្ត​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​៣​ឆ្នាំ  ដើម្បី​ពង្រឹង និង​ពង្រីក គុណភាព​អប់រំ​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​ជុំវិញ​ការសាងសង់​នេះ កន្លងមក​លោកស្រី ភឿង ស​កុ​ណា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  សាលា​រចនា​ថ្មី នៅតែ​រក្សា​នូវ​រចនាប័ទ្ម​ខ្មែរ  រក្សា​អត្តសញ្ញាណ​វប្បធម៌ និង​ទម្រង់​បែប​បត់​ជា​របស់​ខ្មែរ ខណៈ​សាលា​រចនា​ចាស់​ដែលមាន​ចំណាស់​១០០​ឆ្នាំ ត្រូវ​ពង្រីក​ជា​សារមន្ទីរ​ជាតិ​។ បើតាម​លោកស្រី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សាស្ត្រាចារ្យ នៃ​សកល​វិទ្យាល័យ​យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្ទាល់ ជា​អ្នក​គូរ​ប្លង់​សាលា​ថ្មី​នេះ​។

​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ចាប់ផ្តើម​សង់​នៅក្នុង​ឆ្នាំ​១៩១៧ ពោល​គឺមាន​ចំណាស់​១០០​ឆ្នាំ​ហើយ​។ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក៏បាន​រៀបចំ​ពិធី​រំឭក​ខួប​១០០​ឆ្នាំ​នៃ​វត្តមាន​របស់​សាលា​រចនា​នេះ យ៉ាង​អធិកអធម រយៈពេល​៣​ថ្ងៃ ដែល​ទើបតែ​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែមីនា​។

​សាកលវិទ្យាល័យ​នេះ មាន​៥​មហាវិទ្យាល័យ គឺ​មហាវិទ្យាល័យ​បុរាណវិទ្យា មហាវិទ្យាល័យ​វិចិត្រសិល្បៈ​សូន​រូប មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា មហាវិទ្យាល័យ​តូរ្យតន្ត្រី និង​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ​៕


Tag:
 សាលា​រចនា​
© រក្សាសិទ្ធិដោយ thmeythmey.com