ជាតិ
តុលាការ​កំពូល នៅតែ​មិន​ឲ្យ​លោក នី ចរិយា រស់នៅ​ក្រៅ​ពន្ធនាគារ
31, Mar 2017 , 10:44 am        
រូបភាព
លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយស្តាប់ការប្រកាសសាលដីការបស់តុលាការកំពូល នៅព្រឹកថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០១៧។
លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយស្តាប់ការប្រកាសសាលដីការបស់តុលាការកំពូល នៅព្រឹកថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០១៧។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តុលាការ​កំពូល មិន​ធ្វើតាម​សំណើ​របស់លោក នី ចរិយា ដែល​សុំ​រស់នៅ​ក្រៅ​ពន្ធនាគារ ជា​បណ្តោះអាសន្ន​។ មេធាវី យល់ថា ការសម្រេច​របស់​តុលាការ​កំពូល មិនមាន​យុត្តិធម៌ សម្រាប់​លោក នី ចរិយា​។



​តុលាការ​កំពូល បានប្រកាស​ដីកា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​នេះ ដោយ​កំណត់​ឲ្យ​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រស់នៅក្នុង​ពន្ធនាគារ​ដដែល​។ តុលាការ​កំពូល នៅតែ​លើក​ហេតុផល​ថា សំណុំរឿង​របស់លោក នី ចរិយា គឺពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ដូច្នេះ មិនអាច​ឲ្យ​រស់នៅ​ក្រៅ​ពន្ធនាគារ​បានឡើយ​។

​លោក នី ចរិយា រួមទាំង​លោក មេធាវី សំ សុ​គង់ បាន​ចូលរួម​សវនាការ ដើម្បី​ស្តាប់​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

​ក្រោយ​ចាក​ចេញពី​បន្ទប់​សវនាការ លោក​មេធាវី សំ សុ​គង់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក សោកស្តាយ ដែល​តុលាការ​កំពូល មិន​ព្រម​ផ្តល់​សេរី​ដល់​លោក នី ចរិយា​។ លោក សំ សុ​គង់ អះអាងថា លោក មិនអាច​ទទួលយកបាន​ទេ ចំពោះ​ហេតុផល​របស់​តុលាការ​កំពូល ដែល​មិន​ឲ្យ​លោក នី ចរិយា នៅក្រៅ​ឃុំ​។

​លោក និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ឃើញថា ការសម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃនេះ គឺជា​ការសម្រេច​មួយ​ដែល​មេធាវី មិនអាច​ទទួលយកបាន​។ ការសម្រេច​នេះ មិនបាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់ខ្ញុំ​ឡើយ​»​។ 

​នេះ មិនមែនជា​លើកទីមួយ​ទេ ដែល​តុលាការ​កំពូល បដិសេធ​សំណើ​សុំ​នៅក្រៅ​ឃុំ​របស់លោក នី ចរិយា ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ​។ កន្លងមក​តុលាការ​កំពូល ក៏​ធ្លាប់​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក នី ចរិយា ដែរ​។

​ដោយឡែក មន្ត្រី​អាដហុក​បួនរូប​ទៀត ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ ដែរនោះ ក៏​បរាជ័យ​ក្នុង​ការសុំ​នៅក្រៅ​ឃុំ​ជាច្រើនលើក​ដែរ​។ តុលាការ​កំពូល ទើបតែ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់​មន្ត្រី​អាដហុក កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

​សូមបញ្ជាក់ថា លោក នី ចរិយា បាន​រង​ពីបទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ ចំណែកឯ មន្ត្រី​អាដហុក​បួនរូប​ទៀត ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី បាន​រង​ពីបទ​ចោទ «​សូកប៉ាន់​សាក្សី​»​។ អ្នក​ទាំង​៥​នេះ ត្រូវបាន​ឃុំខ្លួន កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦៕  


Tag:
 នី ចរិយា​
© រក្សាសិទ្ធិដោយ thmeythmey.com