ជាតិ
ក្រសួងបរិស្ថាន នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​យុវជន​ឆ្នើម​ថ្នាក់ជាតិ ជជែក​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន​ឆ្នាំ​២០១៧
28, Jun 2017 , 8:19 am        
រូបភាព
រូបភាពពី​ក្រសួង​បរិស្ថាន ស្ដីពី​ការប្រកួត​យុវជន​ឆ្នើម ឆ្នាំ​២០១៦
រូបភាពពី​ក្រសួង​បរិស្ថាន ស្ដីពី​ការប្រកួត​យុវជន​ឆ្នើម ឆ្នាំ​២០១៦
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន  នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​យុវជន​ឆ្នើម​ថ្នាក់ជាតិ ជជែក​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន​ឆ្នាំ​២០១៧​។ ការប្រកួត​ជជែក​ពិភាក្សា​នេះ នឹង​ចាប់ផ្ដើម​ពី​ខែកក្កដា ដល់​ខែតុលា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួងបរិស្ថាន​។​



​ក្រសួងបរិស្ថាន តាមរយៈ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​យុវជន​ឆ្នើម​ថ្នាក់ជាតិ ជជែក​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន ឆ្នាំ​២០១៧​។ ការប្រកួត​នេះ ក្រសួងបរិស្ថាន បានផ្ដល់​ឱកាស​ដល់​ប​ណ្ដា​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន ទាំងអស់ ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​ជជែក​ពិភាក្សា​នេះ​។

​ការប្រកួត​ពិភាក្សា​នេះ រៀបចំឡើង​ដើម្បី​ពង្រឹងសមត្ថភាព​របស់​យុវជន​ក្នុង​ការសិក្សា​ស្រាវជ្រាវ​អំ​ណេះ​អំ​ណា​ង តាមបែប​វិទ្យាសាស្ត្រ​សំដៅ​រួមចំណែក​ដល់​កិច្ច​គាំពារ​បរិស្ថាន អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ ជាពិសេស ចែករំលែក​ព័ត៌មាន និង​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​និស្សិត ទៅជា​សកម្មភាព និង​ប្រែក្លាយ​បញ្ហា​នានា អំពី​បរិស្ថាន ឲ្យ​ទៅជា​ការ​លា​នុ​វត្ត​ភាព​សម្រាប់​អនុវត្ត​នយោបាយ ប្រកបដោយ​ប្រសិទ្ធភាព​។​

​សម្រាប់​សាកលវិទ្យាល័យ​ណា ដែល​ចាប់អារម្មណ៍ អាច​ចាត់​បញ្ជូន​តំណាង​និស្សិត​ដែល​កំពុង​សិក្សា​កម្រិត​បរិញ្ញាបត្ររ​ង និង​បរិញ្ញាបត្រ ចំនួន ៤​រូប រួមទាំង​សាស្ត្រាចារ្យ ១​រូប ដើម្បី​ចូលរួម​ប្រកួត​ពិភាក្សា​ថ្នាក់ជាតិ​នេះ​។ បេក្ខជន​ចូលរួម​ការប្រកួត​នេះ ត្រូវ​ភ្ជាប់​ជាមួយ​លិខិត​ឧទ្ទេសនាម និង​អត្ថបទ​ស្រាវជ្រាវ​ពី​បញ្ហា​បរិស្ថាន​ក្នុង​សហគមន៍​របស់​អ្នក ជា​ភាសា​ខ្មែរ ចំនួន ១ ឬ​២​ទំព័រ​។ ដោយឡែក កាលបរិច្ឆេទ​ដាក់ពាក្យ នឹង​ផុតកំណត់​នៅ​ថ្ងៃទី ១៤ ខែកក្កដា​។​

​គួរ​បញ្ជាក់ថា ការប្រកួត​នេះ នឹង​ចាប់ផ្ដើម​ពី​ខែកក្កដា រហូតដល់​ខែតុលា ឆ្នាំ​២០១៧ ដោយ​បែង​ចែកជា ០៤ ដំណាក់​ល​កាល គឺ​វគ្គ​ចម្រាញ់ វគ្គ​ប្រកួត​ដំបូង វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ជាមួយគ្នានេះ គណៈកម្មាការ​បច្ចេកទេស នឹង​វាយតម្លៃ​អត្ថបទ​ស្រាវជ្រាវ​ដែល​បានដាក់​ពាក្យ ដើម្បី​ចម្រាញ់​យក​សាកលវិទ្យាល័យ​ចំនួន ១៦ ចូលរួម​ប្រកួត​៕


Tag:
 ​ក្រសួងបរិស្ថាន​
  ជជែក​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com