ជាតិ
មន្ត្រី​រដ្ឋាភិបាល​៖ កិច្ចប្រឹងប្រែង​ប្រឆាំង​ការជួញដូរ​មនុស្ស​នឹង​បន្ត ទោះជា​កម្ពុជា​ទទួល​លំដាប់ថ្នាក់​មិនល្អ
29, Jun 2017 , 7:59 pm        
រូបភាព
ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​កាលពី​ព្រឹក​ថ្ងៃអង្គារ​កន្លង​ទៅ​​ បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧​ដែល​មិន​មាន​អ្វី​ប្រែប្រួល ​ប្រសើរ​ជាង​ឆ្នាំ​មុន​នោះ​ទេ។
ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​កាលពី​ព្រឹក​ថ្ងៃអង្គារ​កន្លង​ទៅ​​ បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧​ដែល​មិន​មាន​អ្វី​ប្រែប្រួល ​ប្រសើរ​ជាង​ឆ្នាំ​មុន​នោះ​ទេ។
ដោយ:
​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ប្រឆាំង​សកម្មភាព​ជួញដូរ កាល​ថ្ងៃ​ពុធ​នេះ បានទទួល​ស្គាល់​ការរកឃើញ​របស់​សហ​រដ្ឋ​អាមេរិក​អំពី​ស្ថានភាព​ប្រឆាំង​ការជួញដូរ​មនុស្ស​រប​ស់​កម្ពុជា​ដែល​នៅ​ខ្វះខាត តែ​ទោះជា​យ៉ាងណា​ក្រុមមន្ត្រី​បាន​ថ្លែង​ការពារ​ថា រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ប្រឹងប្រែង​ទប់ស្កាត់​សកម្មភាព​ជួញដូរ​មនុស្ស ដែលជា​មុខ​ជំនួញ​រកចំណូលបាន​ច្រើន​សម្រាប់​ក្រុម​ជន​ទុច្ចរិត ហើយ​ពិបាក​នឹង​ទប់ស្កាត់​នោះ​។​



​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក កាលពី​ព្រឹក​ថ្ងៃ​អង្គារ​កន្លងទៅ បានចេញ​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស ដោយបាន​បង្ហាញថា ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​ទី​ពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧​ដែល​មិនមាន​អ្វី​ប្រែប្រួល ប្រសើរ​ជាង​ឆ្នាំមុន​នោះទេ​។​

​របាយការណ៍​នោះបាន​ឲ្យ​ដឹងថា កម្ពុជា​បាន​បន្ត​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​ទី​ពីរ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បំពេញ​តាម​និយាម​អប្បបរមា​ក្នុងការ​លុបបំបាត់​ការជួញដូរ​មនុស្ស​ទេ ដូចជា​ការមិន​ស៊ើបអង្កេត ឬ​យកមក​កាត់ទោស​ក្រុមមន្ត្រី ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាដើម​។​

​អ្នកស្រី​ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការជួញដូរ​មនុស្ស និង​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ មានប្រសាសន៍ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ការវាយតម្លៃ​របស់​ស​ហ​រដ្ឋ​អាមេរិក ជា​កិច្ចការ​ត្រឹមត្រូវ​មួយ តែ​អ្នកស្រី​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ប្រឆាំង​សកម្មភាព​ជួញដូរ​មនុស្ស​នេះ​។​

«​អ្វី​ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង យើង​ពិតជា​ទទួល​ដឹងថា យើង​ប្រឹងប្រែង​ខ្លាំងណាស់​។ ប៉ុន្តែ​ទន្ទឹមនឹង​ហ្នឹង យើង​ក៏​ទទួលស្គាល់​ដែលថា មិនទាន់​សុ​ក្រិ​ត្យ​គ្រប់​រឿង​ទេ ដែល​យើង​នៅ​ខំប្រឹងប្រែង​បន្តទៀត ពីព្រោះ​ករណី​ថ្មី ចេះតែ​កើតមាន ហើយ​ក្នុងនោះ យើង​ក៏​នឹង​រិះរក​នីតិវិធី​ថ្មី​សម្រាប់​ការឆ្លើយតប ដោយសារ​ថា វា​មិន​អាចធ្វើ​ឲ្យ​ការងារ​ហ្នឹង វា​បាត់​ស្ងាត់​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណឹង​បានទេ ចា៎​»​។​



​របាយការណ៍​ដដែលរ​បស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ទៀតថា ការជួញដូរ​កម្លាំង​ពលកម្ម​ជនជាតិខ្មែរ​នៅ​បរទេស​នៅ​បន្ត​មាន​ដោយសារតែ​មន្ត្រី​ការងារ​មិនបាន​ត្រួតពិនិត្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឱ្យបាន​ដិតដល់​ហើយ​ដោយសារតែ​ទីភ្នាក់ងារ​ទាំងនោះ​លក់​សិទ្ធិ​បន្តទៅ​ឱ្យ​មេខ្យល់​ជាដើម​។​

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប​ង្កើ​ន​សេវា​ជួយ​ជនរងគ្រោះ​បុរស ជាពិសេស​ក្រុម​ដែល​ត្រូវគេ​កេងប្រវ័ញ្ច​នៅលើ​ទូក​នេសាទ ហើយ​កម្ពុជា​គួរតែ​ផ្តល់​ធនធាន​បន្ថែមទៀត​ជួយ​ដល់​ជនរងគ្រោះ​កម្ពុជា​នៅក្រៅ​ប្រទេស​តាមរយៈ​បេសកកម្ម​ការទូត​នៅក្រៅ​ប្រទេស និង​ប្រទេស​ដែល​កម្ពុជា​មិនមាន​ស្ថាន​បេសកកម្ម​ការទូត​។​

​អ្នកស្រី​ជូ ប៊ុន​អេង​បាន​បញ្ជាក់ថា សកម្មភាព​ជួញដូរ​មនុស្ស នាពេល​បច្ចុប្បន្ននេះ មាន​ច្រើន​រូបភាព រួមមាន​ការណ៍​ដែល​ពលករ​ត្រូវបាន​គេ​កេងប្រវ័ញ្ច ដោយ​ការបញ្ជូន​ឲ្យ​ទៅធ្វើជា​កម្មករ​លើ​ទូក​នេសាទ ការធ្វើការ​នៅតាម​ផ្ទះ កសិដ្ឋាន ឬក៏​រោងចក្រ​ឧស្សាហកម្ម​ជាដើម​។ អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា រដ្ឋាភិបាល​បាន​បង្កើន​ការគាំទ្រ​ខាងច្បាប់​ដល់​ជនរងគ្រោះ ដើម្បី​ទទួលបាន​យុត្តិធម៌​ពី​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​នានា​។​

«​យើង​ក៏បាន​ផ្តោតទៅលើ​ក្រុម​ដែល​រងគ្រោះ​ចា៎ ដែល​ពេលដែល​គាត់​ត្រឡប់មក​ស្រុក​វិញ ឬមួយ​ក៏​គាត់​ប្រឈម​នឹង គេ​ហៅថា រំលោភបំពាន​ផ្សេងៗ គឺ​យើង​បានផ្តល់​នូវ​ជំនួយ​ផ្នែក​ច្បាប់ ក៏ដូចជា​ផ្តល់នូវ​កិច្ចការពារ ការសង្គ្រោះ ឬមួយ​ក៏​សហការ​ជាមួយនឹង​ប្រទេស​គោលដៅ ដើម្បី​ស្វែងរក​ភាពយុត្តិធម៌​ជូន​គាត់ ដោយមាន​ពេលខ្លះ គាត់​ក៏បាន​ទទួល​សំណង គាត់​ក៏បាន គេ​ហៅថា ដាក់ពាក្យ​ដើម្បី​ប្តឹង ដែល​ធ្វើ​ឲ្យ​យើង​បន្ត​កិច្ច​ស្រាវជ្រាវ ហើយក៏​មានការ​បង្ក្រាប​ជា​បន្តបន្ទាប់​ដែរ​»​។​

​អ្នកស្រី​ជូ ប៊ុន​អេង​បាន​បន្ថែមថា មន្ត្រី​ស្ថានទូត​កម្ពុជា​មិនអាច​ស៊ើបអង្កេត​ដោយ​ខ្លួនឯង​ដើម្បី​រក​ប្រភព​នៃ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ការជួញដូរ​ពលរដ្ឋ​កម្ពុជា ក្នុងប្រទេស​ដែលមាន​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​នោះទេ​។ អ្នកស្រី​ថា ការប្រឆាំង​សកម្មភាព​ជួញដូរ​មនុស្ស​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​ប្រទេស​គោលដៅ ព្រោះ​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​ក្នុងប្រទេស​គោលដៅ​ទាំងនោះ អាចមាន​ព័ត៌មាន​ច្រើន​ទាក់ទិន​បណ្តាញ​ក្រុម​រកស៊ី​ជួញដូរ​មនុស្ស​។​

​យ៉ាងណាក្តី ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានទទួល​ស្គា​ល់ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​តាមរយៈ​ការកាត់ទោស​ជនល្មើស​ធ​ម្ម​តា​មាន​ចំនួន​យ៉ាងច្រើន ហើយ​បានផ្តល់​ថវិកា​បន្ថែមទៀត​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស និង​បង្កើត​នូវ​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ទប់ស្កាត់​រាល់​ទម្រ​ង់​នៃ​ការជួញដូរ​មនុស្ស​។​

​ក្នុង​ឆ្នាំ​២០១៦​កន្លងមកនេះ រដ្ឋាភិបាល​កម្ពុជា​បាន​នាំយក​ជនល្មើស​មក​កាត់ទោស​បាន​ចំនួន​៥៣​នាក់​ដែលមាន​ចំនួន​ធ្លាក់ចុះ​បន្តិច បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ដែលមាន​ចំនួន​៦៩​នាក់​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់ VOA ថា រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​ការរកឃើញ​របស់​សហ​រដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការជួញដូរ តែ​បានស្នើ​ឲ្យ​ភាគី​សហរដ្ឋអាមេរិក​ជួយ​កម្ពុជា​ដើម្បី​លុបបំបាត់​សកម្មភាព​ជួញដូរ​មនុស្ស​ក្នុងប្រទេស​។​

«​ជួញដូរ​មនុស្ស​ហ្នឹង ឲ្យ​អាមេរិក​ជួយ​ចាប់​ផង​។ អាហ្នឹង​យើង​មាន​ឃុបឃិត មាន​បន្លំ​ឯណា​ជាមួយ​? យើង​កំពុងតែ​ចាត់វិធានការ​រាល់ថ្ងៃ ចាត់វិធានការ​ហ្នឹង​គឺថា  មានបាន​លទ្ធផល​គ​គោក​គរ​ដី​ហើយ អីចឹង​ទេ បើ​អាមេរិក​មានលទ្ធភាព​ជួយ​ផង អាហ្នឹង​សុំ​ជួយ​មក ដើម្បី​កុំ​ឲ្យ​វា​មាន​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ទៀត​»​។​



​របាយការណ៍​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ជនរងគ្រោះ ក៏ដូចជា​បង្កើន​សេវា​ដែលមាន​ស្រាប់​សម្រាប់​ជួយ​ជនរងគ្រោះ​ដែលជា​បុរស​។ អនុសាសន៍​សំខាន់ៗ​នោះ​រួមមាន អាជ្ញាធរ​កម្ពុជា​ត្រូវតែ​កាត់ទោស​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងឡាយ​ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស ហើយ​ផ្តល់​អំណាច​ដល់​ការប្រើប្រាស់​បច្ចេកទេស​ស៊ើបអង្កេត​ដោយ​សម្ងាត់​ក្នុងការ​អនុវត្ត​ច្បាប់​ប្រឆាំង​ការជួញដូរ និង​ការបង្កើត​នីតិវិធី​ជា​ប្រព័ន្ធ ហើយ​បែងចែក​ធនធាន ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ តាម​បេសកកម្ម​ការទូត​នៅ​បរទេស និង​ក្នុងប្រទេស​ទាំងឡាយណា ដែល​មិនមាន​តំណាង​ការទូត​កម្ពុជា​នៅ​ទីនោះ​។​

​ស​.​រ​.​អា​.​បាន​ព្រមាន​ផ្អាក​ជំនួយ ឬ​ដាក់ទណ្ឌកម្ម​ប្រទេស​មួយចំនួន ដែលមាន​កម្រិត​ទាប​ជាង​លំដាប់​ទី​២ និង​ធ្លាក់​ដល់​កម្រិត​ទី​៣ ដែល​មានន័យថា ជា​ប្រទេស​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ គ្មាន​ការប្រឹងប្រែង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស គ្មាន​ការដាក់ទោសទណ្ឌ​ជនល្មើស និង​គ្មាន​ការស៊ើបអង្កេត​ស្រាវជ្រាវ​រក​ជនល្មើស​ជាដើម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com