ជាតិ
សេដ្ឋកិច្ច
AMRO​ ថា កម្ពុជា​រក្សា​កំណើនសេដ្ឋកិច្ច​រឹងមាំ​ក្នុង​ឆ្នាំ​២០១៧ ទោះ​អត្រា​អតិផរណា​កើនឡើង​
04, Jul 2017 , 4:03 pm        
រូបភាព
លោកស្រី Junhong Chang នាយិកាស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច (AMRO) ជួបសវនាការជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (រូបភាព AMRO)
លោកស្រី Junhong Chang នាយិកាស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច (AMRO) ជួបសវនាការជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (រូបភាព AMRO)
«​កំណើនសេដ្ឋកិច្ច​កម្ពុជា​» នឹង​រក្សា​លំនឹង​របស់ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ នៅ​កម្រិត​៦,៩​ភាគរយ ទោះជា​អត្រា​អតិផរណា​នឹង​កើនឡើង​ដោយសារតែ​ការកើនឡើង​តម្លៃ​ចំណីអាហារ និង​ប្រេងសាំង​។



​ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​បី (AMRO) ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី បានចេញ​ផ្សាយ​របាយការណ៍​វាយតម្លៃ​បឋម​ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា បន្ទាប់​ប្រតិភូ AMRO បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ដំណាច់​ខែមិថុនា​។ ប្រតិភូ AMRO បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ចកម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ ដើម្បីពិភាក្សាអំពី​កំណើនសេដ្ឋកិច្ច​រយៈពេល​ខ្លី ស្ថិរភាព​ហិរញ្ញវត្ថុ គោលនយោបាយ​អភិវឌ្ឍ ក៏ដូចជា​ការប្រឹងប្រែង​ក្នុងការ​ជំរុញ​ពិពិធ​កម្មវិស័យ​ឧស្សាហកម្ម​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ AMRO ដែល​ចេញផ្សាយ​ថ្ងៃទី​៣ ខែកក្កដា លោក Seung Hyun Hong អ្នកឯកទេសជាន់ខ្ពស់​របស់​AMRO ដែល​ស្ថិតនៅក្នុង​ប្រតិភូ​មក​ទស្សនកិច្ច​កម្ពុ​ជា​ដែរនោះ បាន​និយាយថា កម្ពុជា​នឹង​រក្សា​កំណើន​រឹងមាំ​របស់ខ្លួន​ជាមួយ​អត្រា ៦,៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៧ ខណៈ​អត្រា​អតិផរណា​នឹង​កើន​ដល់ ៤​ភាគរយ​។ អ្នកជំនាញ​ដដែល ​ត្រូវបាន​ស្រង់​សំដី​ដែល​បញ្ជាក់​បន្តថា​៖ «​ក្រៅពី​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ ដែល​បាន​រក្សា​កំណើន​របស់ខ្លួន កត្តា​ផ្សេងទៀត​ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា គឺ​ការកើនឡើង​ប្រាក់​ឈ្នួល​កម្មករ និង​ស្ថិរភាព​អចលនទ្រព្យ​»​។​

​ទោះជា​កំណើនសេដ្ឋកិច្ច​នឹង​បន្ត​ភាពរឹងមាំ​ក្ដី កម្ពុជា​នៅ​ប្រឈមមុខ​បញ្ហា​ច្រើន​ដែល​អាច​ទាញ​កំណើន​នេះ​ឲ្យ​ធ្លាក់ចុះ​វិញ​បាន​។ សេចក្តីប្រកាស​ព័ត៌មាន​របស់ AMRO សរសេរថា ការកើនឡើង​ប្រាក់ខែ​គោល​កម្មករ​ជា​រឿង​ល្អ តែ​អាច​ប៉ះពាល់​ដល់​ការ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បន្ទាន់​តាមរយៈ​ការបង្កើន​គុណភាព​ការងារ ការបង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម កាត់បន្ថយ​តម្លៃ​អគ្គីសនី និង​ថ្លៃ​ដឹកជញ្ជូន​។​

​ជាមួយគ្នា​នោះ AMRO ក៏​ស្នើ​ឲ្យ​មានការ​រៀបចំ​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​មួយ​ដើម្បី​គ្រប់គ្រង​គ្រោះថ្នាក់​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ក៏ដូចជា​ជំរុញ​ស្ថិរភាព​ហិរញ្ញវត្ថុ ព្រោះ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រឈម​ការលំបាក​ដោយសារ​ដុល្លា​រូបនីយកម្ម​ក្នុងស្រុក​។ ទន្ទឹមគ្នា​នោះដែរ បើតាម​អនុសាសន៍​របស់​ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​នេះ​ដដែល ការជំរុញ​សមត្ថភាព​វិស័យ​សាធារណៈ និង​ការបែងចែក​ថវិកាជាតិ​ឲ្យ​មាន​តុល្យភាព ក៏​ជា​កត្តា​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​ផងដែរ ហើយ រដ្ឋាភិបាល​ត្រូវ​បន្ត​គាំទ្រ​ការវិនិយោគ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ការកែទម្រង់​សំដៅ​ជំរុញ​ផលិតភាព និង​កំណើន​។​

​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ AMRO យល់ថា រដ្ឋាភិបាល​ក៏ត្រូវ​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ផ្សេងទៀត ដើម្បី​ទប់ទល់​ការចំណាយ​លើ​ការវិនិយោគ ខណៈ​រដ្ឋាភិបាល​បានផ្ដល់​អាទិភាព​លើ​វិស័យ​ផ្សេងទៀត​ដែរនោះ​។ រដ្ឋាភិបាល​អាច​ស្វែងរក​ប្រភព​ទុន​បាន តាមរយៈ​ការពង្រីក​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​បន្ត​ចាប់​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ផងដែរ​។ នេះ​ជាការ​ផ្តល់យោបល់​របស់​ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​បី (AMRO)៕


Tag:
 កម្ពុជា​
  សិង្ហ​បុរី​
  AMRO
© រក្សាសិទ្ធិដោយ thmeythmey.com