ជាតិ
រដ្ឋមន្ត្រី​យុត្តិធម៌ ប្រាប់​ប្រធាន​តុលាការ ឲ្យ​គោរព​តួនាទី ដើម្បី​ឲ្យ​ពលរដ្ឋ ជឿទុកចិត្ត​
07, Jul 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភារកិច្ច​របស់​ប្រធាន​សាលាដំបូង គឺជា​កត្តា​ដ៏​សំខាន់ ដែល​អាច​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន​តុលាការ​។ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានលើកឡើង​ដូច្នេះ ក្នុង​សិក្ខាសាលា​ស្តីពី «​តួនាទី ភារកិច្ច​របស់​ប្រធាន​សាលាដំបូង​» ដែល​រៀបចំឡើង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​មានការ​សហការ​ពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២0១៧​នេះ​។



​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចាត់ទុក​តួនាទី ភារកិច្ច​របស់​ប្រធាន​សាលាដំបូង ថា​ជា​កត្តា​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​សាលាដំបូង ទទួលបាន​ការជឿទុកចិត្ត និង​ការគោរព​ពី​សាធារណជន​។ លើសពីនេះ លោក ថែមទាំង​យល់ថា ការបំពេញ​តួនាទី ឲ្យ​បាន​ពេញលេញ ក្នុងនាម​ជា​ប្រធាន​សាលាដំបូង ក៏​អាច​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន​តុលាការ​ផងដែរ​។  

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​តួនាទី ភារកិច្ច​របស់​ប្រធាន​សាលាដំបូង គឺជា​យន្តការ​សំខាន់បំផុត ក្នុងការ​អភិវឌ្ឍ​សាលាដំបូង ឲ្យ​រីកចម្រើន​ទាំង​ខាង​ធនធានមនុស្ស សម្ភារ និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ប្រធាន​សាលាដំបូង​ម្នាក់ៗ ត្រូវខិតខំ​បំពេញ​តួនាទី ភារកិច្ច​នេះ ឲ្យ​បាន​សកម្ម និង​ឲ្យ​បាន​ពេញលេញ​ទៅតាម​បទដ្ឋាន​មួយ​ច្បាស់លាស់ ទើប​អាច​បាន​នូវ​ការអភិវឌ្ឍ ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​»​។​

​យ៉ាងណា លោក អង្គ វង្ស វ​ឌ្ឍា​នា ក៏បាន​សរសើរ​ប្រធាន​សាលាដំបូង​ទាំងអស់​ផងដែរ ថា​បាន​បំពេញ​តួនាទី នាពេល​កន្លងមក ក្នុងការ​ដឹកនាំ​អង្គភាព​របស់ខ្លួន ដោយ​ឆ្លងកាត់​ការលំបាក​និង​ឧបសគ្គ​នានា​។ លោក បន្តថា ទោះ​ស្ថិតក្នុង​ស្ថានភាព ដែល​ស្ថាប័ន​តុលាការ មានការ​ខ្វះខាត ទាំង​ថវិកា មធ្យោបាយ សម្ភារ រួមទាំង​ធនធានមនុស្ស​ក៏ដោយ ប៉ុន្តែ ប្រធាន​សាលាដំបូង នៅតែ​តស៊ូ​ជម្នះ​រាល់​ការលំបាក​ទាំងនោះ ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ មាន​ស្ថិរភាព និង​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ផ្តល់នូវ​សេវា​លើ​វិស័យ​យុត្តិធម៌ ដល់​សាធារណជន​៕ 

Tag:
 តុលាការ​
  អង្គ វង្ស វ​ឌ្ឍា​នា
© រក្សាសិទ្ធិដោយ thmeythmey.com