អន្តរជាតិ
សមាជិកសភា​តៃវ៉ាន់​វាយ​គ្នា​ពេញអង្គ​ប្រជុំ ដោយ​យក​កៅអី​និង​ប៉េងប៉ោង​ដាក់​ទឹកជា​អាវុធ​
15, Jul 2017 , 10:19 pm        
រូបភាព
​សមាជិកសភា​តៃវ៉ាន់ នៅ​ថ្ងៃទី​១៤ ខែកក្កដា បាន​ប្រតាយប្រតប់​គ្នា​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​។ សមាជិកសភា​មកពី​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) បាន​ប៉ះទង្គិច​ជាមួយ​បក្សប្រឆាំង​គួ​មីង​តាំង (KMT) និង​បក្ស​ប្រជាជន​ទីមួយ (PFP)  ម្ដង​រួចហើយ​នៅ​ថ្ងៃទី​១៣ ខែកក្កដា​។ យ៉ាងណា នេះ​ក៏​មិនមែនជា​លើកទីមួយ​ឡើយ ដែល​សភា​តៃវ៉ាន់​ក្លាយជា​កន្លែង​សង្វៀន​វាយ​គ្នា​នោះ​។​



​កៅអី និង​ប៉េងប៉ោង​ដាក់​ទឹក បាន​ក្លាយជា​អាវុធ​របស់​សមាជិកសភា​តៃវ៉ាន់ ដែល​ខ្វែងគំនិត​គ្នា​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក ដែល​លើកឡើង​ដោយ​រដ្ឋាភិបាល​ប្រធានាធិបតី Tsai Ing-wen ។ ការពិភាក្សា​លើ​គម្រោង​នេះ ធ្វើឡើង​ដោយ​តានតឹង​បំផុត ហើយក៏​ឈានដល់​ការប្រើប្រាស់​អំពើហិង្សា​ចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា រវាង​សមាជិកសភា​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​ជឿនលឿន និង​បក្សប្រឆាំង​ចំនួន​ពីរ​ទៀត​។​

​ដើមហេតុ​ដំបូង គឺ​សមាជិកសភា​បក្ស DPP លោកស្រី Chiu Yi-ing បាន​ប៉ះទង្គិច​ជាមួយ​សមាជិកសភា​បក្ស KMT Hsu Shu-hua ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ខណៈ​នាយករដ្ឋមន្ត្រី Lin Chuan កំពុង​ការពារ​គម្រោង​រដ្ឋាភិបាល​។ ការប្រតាយប្រតប់រ​វា​ង​សមាជិកសភា​ទាំងពីរ ក៏បាន​បង្អាក់​កិច្ចប្រជុំសភា​។ មកដល់​ថ្ងៃទី​១៤ ខែកក្កដា នាយករដ្ឋមន្ត្រី Lin Chuan ក៏បាន​ថ្លែង​ការពារ​គម្រោង​រដ្ឋាភិបាល​ម្ដងទៀត តែ​អ្វី​កើតឡើង​លើក​នេះ គឺ​ការប្រតាយប្រតប់​រវាង​សមាជិកសភា​ទាំងអស់​តែម្ដង​។

​សមាជិកសភា​បក្ស KMT ដែល​ប្រឆាំង​គម្រោង​រដ្ឋាភិបាល បាន​លើក​កៅអី​ដាក់​លើ​ក្បាល​របស់​ពួកគេ ខណៈ​ខ្លះទៀត​ឈរ​ព័ទ្ធជុំវិញ​វេទិកា​នាយករដ្ឋមន្ត្រី ដើម្បី​រារាំង​នាយករដ្ឋមន្ត្រី Lin Chuan ពី​ការ​ថ្លែង​ទៅកាន់​សភា​។ ជាមួយគ្នា​នោះ ប៉េងប៉ោង​ដាក់​ទឹក ត្រូវបាន​គប់​សំដៅ​លោក Lin និង​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​សភា ហើយ​កិច្ចប្រជុំសភា​ក៏ត្រូវ​ផ្អាក​ម្ដងទៀត​។ ចំណែកឯ​សមាជិកសភា​របស់​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ក៏បាន​បន្ត​ការ​ប្រទូស្ត​រាយ​ទៀត​។​

​បើតាម​សារព័ត៌មាន CNN បក្សប្រឆាំង KMT ជំទាស់​ផែនការ​របស់លោក​ស្រី Tsai Ing-wen ព្រោះ​គម្រោង​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នេះ​ផ្ដោតលើ​តំបន់​ដែល​គាំទ្រ​បក្ស​កាន់អំណាច​។ បក្សប្រឆាំង​ចោទ​បក្ស​កាន់អំណាច​ថា​ប្រើប្រាស់​គម្រោង​នេះ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​ថ្នាក់​តំបន់​នៅ​ឆ្នាំក្រោយ​។ ក្រុម​អ្នក​រិះគន់ ក៏បាន​ចោទ​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ការចំណាយ​ដល់​ទៅ​១០​ពាន់លាន​អឺរ៉ូ​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ធុន​ស្រាល និង​រោងចក្រ​ថាមពលបៃតង​ជាដើម​។​

​ការប្រតាយប្រតប់​ក្នុង​កិច្ចប្រជុំសភា សឹង​ក្លាយជា​រឿង​សាមញ្ញ​ទៅហើយ​នៅ​តៃវ៉ាន់ ជា​ញឹកញយ​គេ​ឃើញ​សមាជិកសភា​បង្ក​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក ពេល​មានការ​ខ្វែងគំនិត​គ្នា​លើ​គម្រោង​អ្វីមួយ​នោះ​។ ជាជាង​ការជជែក​ដេញដោល​រកហេតុ​ផល ការ​ប្រទូស្ត​រាយ​ក៏​ផ្ទុះឡើង ហើយក៏​បាន​បង្ក​ជា​របួសស្នាម និង​បង្អាក់​ដំណើរការ​សភា​ទៀតផង​៕ 




Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com