ជាតិ
សហភាព​អឺរ៉ុប​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ប្រមាណ​៥០​នាក់​ក្នុង​១​ឆ្នាំ​
19, Jul 2017 , 8:39 am        
រូបភាព
ដោយ:
​សិស្ស និស្សិត និង​មន្ត្រី​រាជ​កម្ពុជា​នឹង​ទទួលបាន​អាហារូបករណ៍​ពី​សហភាព​អឺរ៉ុប ទៅ​សិក្សា​នៅក្រៅ​ប្រទេស សិក្សា​យក​ជំនាញ​វិជ្ជាជីវៈ​នៅ ប្រទេស​ណាមួយ​នៃ​សហភាព​អឺរ៉ុប​ដោយ​មិនបាច់​បង់ថ្លៃ ក្រោម​ជំនួយ ឧបត្ថម្ភ​ពី សហភាព​អឺរ៉ុប​។



​ភារៈធារី​ស្តីទី​គណៈប្រតិភូ​សហភាព​អឺ​រុ​ប​ប្រចាំ​ប្រទេស​កម្ពុជា លោក ស្រី ហ្សឺ​ណូ​វ៉េ​វ៉ា ហ៊ឺ​ណាន​ដេ​ស អ៊ុយ​រី​ស​(Genoveva Hernandez Uriz) បានប្រកាសថា សហភាព​អឺរ៉ុប នៅតែ​បន្ត​ផ្តល់​អាហារូបករណ៍​ជួយ​ដល់​សិស្ស និស្សិត និង​មន្ត្រីរាជការ​ពី​ប្រទេស​កម្ពុជា ប្រមាណ​៥០​នាក់​ក្នុង​១​ឆ្នាំ នឹង​នៅតែ​ទទួលបាន​ឱកាស​ទៅ​សិក្សា​យក​ជំនាញ​វិជ្ជាជីវៈ​នៅ ប្រទេស​ណាមួយ​នៃ​សហភាព​អឺរ៉ុប​ដោយ​មិនបាច់​បង់ថ្លៃ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប​។​

​លោកស្រី ហ្ស៊ឺ​ណូ​វ៉េ​វ៉ា បាន​ថ្លែង​បែបនេះ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន  ក្នុង​កម្មវិធី​ប្រារព្ធ​ខួប​ទី​៣០​ឆ្នាំ​នៃ​សហភាព​អឺ​រុ​ប​សម្រាប់​ការលើកកម្ពស់​និស្សិត​សកល វិទ្យាល័យ ហៅ​កាត់​ថា Erasmus របស់ខ្លួន​នៅ​កម្ពុជា និង​ខួប​២០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​។​

​ចាប់ពី​ឆ្នាំ​១៩៩៥​មក​រហូតមក​ដល់ពេលនេះ មាន និស្សិត និង​មន្ត្រីរាជការ​ពី​ប្រទេស​កម្ពុ​ជាជាង​៦០០​នាក់ បានទទួល​សិក្សា​កម្រិត​ជំនាញ​ជាន់ខ្ពស់​នៅ​បណ្ដា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​។ លោកស្រី​បានបញ្ជាក់​ដូច្នេះ​៖<<​សហភាព​អឺរ៉ុប​តែងតែ​ផ្តល់​ការគាំទ្រ និង​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​ក្នុងចំណោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​នៃ​កម្មវិធីសិក្សា​សកល ប្រមាណ ១.៧០០​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​>>​។ 

​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ការ​ទៅ​សិក្សា​នៅ​សហភាព​អឺរ៉ុប​មិន​ត្រឹមតែ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ជំរុញ​ឱ្យ​យុវជន​កម្ពុជា អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន​បន្ថែម​ទៀត​ពិសេស​លើ​មុខវិជ្ជា​ដែលជា​តម្រូវការ​នៃ​ទីផ្សារ​នៅក្នុង ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​៕


Tag:
 និស្សិត​កម្ពុជា​
 ​ សហភាព​អឺរ៉ុប​
 ​ អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com