អន្តរជាតិ
ហ្វីលីពីន​ប្តេជ្ញា​ពិគ្រោះ​ជាមួយ​អាស៊ាន​រឿង​គម្រោង​បូម​ប្រេង​ជាមួយ​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
27, Jul 2017 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​មានការ​លើកឡើង​ពី​គម្រោង​បូម​យក​ប្រេង​និង​ឧស្ម័ន​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ហ្វីលីពីន​និង​ចិន រដ្ឋាភិបាល​ហ្វីលីពីន​បានបញ្ជាក់​ប្រាប់​សមាជិក​អាស៊ាន​ផ្សេង​ទៀតថា ខ្លួន​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​អាស៊ាន​នៅពេល​ខាងមុខ​។ ហ្វីលីពីន​បាន​ធានា​ចំពោះ​សមាជិក​អាស៊ាន​ថា ការពិគ្រោះ​យោបល់​ពាក់ព័ន្ធ​គម្រោង​នេះ​គឺធ្វើឡើង​ក្នុង​គោលដៅ​មួយ​ដើម្បី​ធានា​ស្ថិរភាព​និង​សន្តិភាព​នៅក្នុង​តំបន់​ជម្លោះ​ផងដែរ​។  ការ​រួមដៃគ្នា​ទាញ​ប្រយោជន៍​ពី​តំបន់​ជម្លោះ​នេះ​ធ្វើ​ឲ្យ​សមាជិក​អាស៊ាន​មួយចំនួន​បារម្ភ ហើយ​គេ​មិនដឹង​ច្បាស់​ថា ទីតាំង​ណាខ្លះ​ក្នុង​តំបន់​ជម្លោះ​នឹង​ក្លាយជា​កន្លែង​ដែល​ភាគី​នឹង​រួមគ្នា​អភិវឌ្ឍ​នោះ​។



​ដើម​សប្តាហ៍​នេះ ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាសថា ហ្វីលីពីន​រកឃើញ​ដៃគូ​អភិវឌ្ឍ រុករក និង​បូម​យក​ប្រេង​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​។ ប៉ុន្តែ​ប្រធានាធិបតី​រូបនេះ​មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា អ្នកណា​ជា​ដៃគូ​ហ្វីលីពីន​ឲ្យ​ពិតប្រាកដ​នោះទេ​។ ប៉ុន្តែ​ក្រោយមក​គេ​ដឹងថា ដៃគូ​នោះ​គឺ​មហា​យក្ស​ចិន​។ ប៉ុន្តែ​គេ​មិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ទីតាំង​ណាខ្លះ​នៅក្នុង​តំបន់​ជម្លោះ​នឹង​ក្លាយជា​គោលដៅ​នៃ​ការអភិវឌ្ឍ​រួមគ្នា​នេះ​។

​ស្ថិតនៅ​ក្នុងប្រទេស​ហ្វីលីពីន​ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ នា​ថ្ងៃ​អង្គារ​ទី ២៥ កក្កដា ប្រមុខ​ការទូត​ចិន លោក វ៉ាង យី (Wang Yi) បានប្រកាស​គាំទ្រ​គំនិត​ក្នុងការ​អភិវឌ្ឍ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រួមគ្នា​ជាមួយ​ហ្វីលីពីន​នេះ  ប៉ុន្តែ​លោក​បាន​ឆ្លៀត​ក្រើនរម្លឹក​ហ្វីលីពីន​ផងដែរ​ថា រាល់​សកម្មភាព​ឯកតោភាគី​របស់​ភាគី​ណាមួយ​ក្នុង​ជម្លោះ​នឹង​នាំមក​តែ​គ្រោះមហន្តរាយ​និង​ការខាតបង់​ប៉ុណ្ណោះ​។ 

​យ៉ាងណាក៏ដោយ ការចាប់ផ្តើម​ពិចារណា​ចាប់ដៃគ្នា​អភិវឌ្ឍ​តំបន់ ជម្លោះ​រួមគ្នា​រវាង​ហ្វីលីពីន​និង​ចិន​កំពុង​ធ្វើ​ប្រទេស​មួយចំនួន​ដែល​សមាជិក​អាស៊ាន​ព្រួយបារម្ភ ជាពិសេស​ប្រទេស​ដែលមាន​ចំណែក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរនោះ​។​

១. ហ្វីលីពីន​ប្តេជ្ញា​ពិគ្រោះ​យោបល់​ជាមួយ​អាស៊ាន​រឿង​គម្រោង​អភិវឌ្ឍន៍​រួមជាមួយ​ចិន​

​ឃើញ​ស្ថានការណ៍​មិន​ស្រួល ហ្វីលីពីន​បាន​ឆ្លៀត​ធានា​ប្រាប់​សមាជិក​អាស៊ាន​ផ្សេង​ទៀតថា ខ្លួន​នឹង​បន្ត​ពិគ្រោះ​ពិភាក្សា​យោបល់​ជាមួយ​សមាជិក​អាស៊ាន​ប្រាំបួន​ផ្សេងទៀត​រាល់​គម្រោង​ពាក់ព័ន្ធ​ការចាប់​ដៃ​ចិន​បូម​យក​ប្រេង​និង​ឧស្ម័ន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបទេស​ហ្វីលីពីន Alan Peter Cayetano បានបញ្ជាក់​ច្បាស់​នៅ​ថ្ងៃ​ពុធ​ទី ២៦ កក្កដា​ថា ហ្វីលីពីន​នឹង​ពាំនាំ​រាល់​ផែនការ​ឬ​គម្រោង​ថ្មីៗ​ពាក់ព័ន្ធ​ការទាញយក​ប្រយោជន៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ប្រឹក្សា​យោបល់​ជាមួយ​បណ្តា​សមាជិក​អាស៊ាន​នៅពេល​ខាងមុខ​។ ការបន្ត​ប្រឹក្សា​យោបល់​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​តំបន់​ក្នុង​ការរក្សា​ស្ថិរភាព​និង​សន្តិភាព​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

​លោក​បានបញ្ជាក់​ដូច្នេះ​៖ «​វា​នឹងមាន​ការប្រឹក្សា​ឬ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​អាស៊ាន​ទាំង​ប្រាំបួន​ទៀត ព្រោះ​យើង​ចង់​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់​ជម្លោះ​»​។​

​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបញ្ជាក់​ម្តង​ជា​ពីរដង​ថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​លោក​ជា​គោលនយោបាយ​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ មិន​យក​អ្នកណា​មួយ​ជាស​ត្រូវ​ឡើយ​។ ប៉ុន្តែ​លោក​ហាក់ដូចជា​ងាក​ទៅ​ស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង និង​មិន​រក្សា​ជំហរ​រឹងត្អឹង​តតាំង​ជាមួយ​ចិន​រឿង​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ដ៏​រ៉ាំរ៉ៃ​នេះឡើយ​។ អាច​ថា គោលនយោបាយ​លោក ឌូ​ទើ​តេ ខុសពី​ស្រឡះ​ពី​ជំនាន់​លោក Benigno Aquino ដែល​ទិតៀន​ចិន​មិន​សំចៃមាត់ ហើយ​លោក​ក៏បាន​ព្យាយាម​ប្រើប្រាស់​វិធានការ​ការទូត​និង​ច្បាប់​ដើម្បី​ប្រឆាំង​និង​ដាក់​សម្ពាធ​ចិន​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ហ្វីលីពីន​បាន​ពឹងផ្អែក​សំខាន់​លើ​អាស៊ាន​ជា​ក្រុម​ដើម្បី​ប្រឆាំង​រាល់​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​កន្លងមក​ដូចគ្នា​។​

​ថ្វីបើ​មានការ​បន្ត​វាតទី និង​ធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​ក៏ដោយ រដ្ឋបាល​លោក ឌូ​ទើ​តេ មិន​ប្រើប្រាស់​អំណាច​សាលក្រម​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន​ឡើយ​។ ផ្ទុយទៅវិញ ហ្វីលីពីន​បន្ទន់​ជំហរ​របស់ខ្លួន និង​ព្យាយាម​មិន​ធ្វើ​ឲ្យ​ចិន​ឃ្នើសចិត្ត​ឡើយ ដើម្បី​ជា​ថ្នូរ​នឹង​ការស្តារ​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ទទួលបាន​ជំនួយ និង​ការវិនិយោគ​ជាដើម​។

​ដូច​ឃើញស្រាប់​កាលពី​ខែមេសា សេចក្តីថ្លែងការណ៍​ប្រធាន​អាស៊ាន​ហ្វីលីពីន​មិនមាន​កំណត់​ថ្កោលទោស​ចិន​រឿង​បន្ត​វាតទី​និង​សាង​សោះ​សិប្បនិម្មិត​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។  ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កា​រព​ន្លឿ​ន​ការបង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ដែល​គេ​បាន​ចំណាយ​ពេលវេលា​ប្រហែល ១៥​ឆ្នាំ​មកហើយ​នោះ​ដើម្បី​ចរចា​គ្នា​នោះ​។ កាលពី​ខែឧសភា​ភាគី​ពាក់ព័ន្ធ​បាន​ឯកភាពគ្នា​ទទួលយក គម្រោង​ជា​មូលដ្ឋាន​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​គោលដៅ​គ្រប់គ្រង​បញ្ហា​ឬ​បញ្ចៀស​ភាព​តានតឹង​និង​ប្រឈមមុខគ្នា​នៅ​តំបន់​ជម្លោះ​។​

២.​ចិន​ស្នើ​ឲ្យ​អាស៊ាន​ទប់​ការ​លូកដៃ​ពី​ខាងក្រៅ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​


​ដោយឡែក ក្រៅពី​បង្ហាញ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​រួមជាមួយ​ហ្វីលីពីន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង លោក វ៉ាង យី ក៏បាន​ឆ្លៀតឱកាស​អំពាវនាវ​ឲ្យ​បណ្តា​សមាជិក​អាស៊ាន​ចូលរួម​ធ្វើយ៉ាងណា​ទប់ស្កាត់​ការ​លូកលាន់​ពី​ភាគី​ខាងក្រៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Asia Nikkei លោក វ៉ាង យី បាន​គូសបញ្ជាក់ថា ស្ថានភាព​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បច្ចុប្បន្ន​គឺ​កំពុង​ឆ្ពោះទៅរក​ស្ថិរភាព ហើយ​អ្វីដែល​សំខាន់​ការប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ដែលជា​ភាគី​ស្នូល​នោះ​។​

​ប៉ុន្តែ​លោក​ជឿជាក់ថា ភាគី​ខ្លះ​នៅក្រៅ​តំបន់​មិន​ចង់​ឲ្យ​ស្ថានភាព​ប្រសើរឡើង​ឡើយ ហើយក៏​ព្យាយាម​បង្កើត​បញ្ហា​បន្ថែម​ដែរ​។ ដូច្នេះ លោក វ៉ាង យី បាន​សំណូមពរ​ឲ្យ​អាស៊ាន​រួមគ្នា​ជាមួយ​ចិន​ដើម្បី​ទប់ស្កាត់​កម្លាំង​ខាងក្រៅ​នេះ​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖«​យើង​ត្រូវ​ឈរ​ជាមួយគ្នា ហើយ​និយាយថា​ទេ​ទៅកាន់​ពួកគេ​»​។​

​យ៉ាងណាក៏ដោយ ប្រមុខ​ការទូត​ចិន​មិនបាន​បញ្ជាក់​ឈ្មោះ​ភាគី​ដែល​ព្យាយាម​បង្កបញ្ហា​នៅក្នុង​តំបន់​ជម្លោះ​ឡើយ​។ ប៉ុន្តែ​គេ​អាច​សន្និដ្ឋានបានថា ចិន​ចង់​សំដៅលើ​សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី ហើយ​រួមទាំង​ឥណ្ឌា​ជាដើម ព្រោះ​ប្រទេស​ទាំងនេះ​បាន​ព្យាយាម​លូកដៃ​ចូល​យ៉ាងជ្រៅ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ប្រទេស​មហាអំណាច​ទាំងនោះ​លូក​ដៅ ដោយ​ប្រើ​លេស​ជួយ​រក្សា​សេរីភាព​នាវាចរណ៍ និង​សេរីភាព​នៃ​ការហោះហើរ​ឆ្លងកាត់​ដែនសមុទ្រ​ជាដើម​ដែរ​។​

​វត្តមាន​របស់លោក វ៉ាង យី នៅក្នុង​ប្រទេស​ហ្វីលីពីន កើតឡើង​ប្រហែល​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ​មុនពេល​ដែល​កិច្ចប្រជុំ​ថ្នាក់​តំបន់​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏ដូចជា​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​ត្រូវ​រៀបចំឡើង​នៅ​ហ្វីលីពីន​៕


Tag:
 អាស៊ាន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  វ៉ាង យី​
  Alan Peter Cayetano
 ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com