ជាតិ
សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​ជនជាតិ​ចិន ថៃ និង​ម៉ាឡេស៊ី​២១៥​នាក់​
03, Aug 2017 , 7:19 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ជនជាតិ​ចិន​២១១​នាក់ ថៃ​២​នាក់ និង​ម៉ាឡេស៊ី​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​បង្ក្រាប និង​ឃាត់ខ្លួន​ពួកគេ ករណី​សង្ស័យ​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​ខុសច្បាប់​នៅលើ​ទឹកដី​កម្ពុជា​។



​នេះ​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​៣ ខែសីហា​។

​ក្រោយ​សមត្ថកិច្ច​ចិន បាន​សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខ្មែរ នៅ​ថ្ងៃទី​២ ខែសីហា ជនបរទេស ២១៥​នាក់ ក្នុងនោះ​ស្រី​៣២​នាក់ ត្រូវបាន​ឃាត់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ក្នុងចំណោម​ជនបរទេស​ទាំង​២១៥​នាក់ មាន​ជនជាតិ​ថៃ​២​នាក់ ម៉ាឡេស៊ី​២​នាក់ និង​២១១​នាក់ គឺជា​ជនជាតិ​ចិន​។  
​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជនបរទេស​ទាំងនេះ គឺ​ដោយ​ពួកគេ​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​ស្នាក់នៅ​ខុសច្បាប់​កម្ពុជា​។ 

​លោក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ត្រូវបាន​គេហទំព័រ​ខាងលើ ស្រង់​ប្រសាសន៍ថា កម្លាំង​សមត្ថកិច្ច​ចិន​បាន​សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍ ដោយ​រួមទាំង​កម្លាំង​នគរបាល​ខេត្ត​/​ក្រុង បាន​បើក​យុទ្ធនាការ​បង្ក្រាប​ជនបរទេស​ទាំងនេះ និង​បាន​រឹបអូស​សម្ភារៈ​ល្បែងស៊ីសង​តាម​អន​ឡាញ​ខុសច្បាប់​ជាច្រើន​ផងដែរ​។ លោក​បន្តថា ជនជាតិ​ថៃ​ចំនួន​២​នាក់ និង​ម៉ាឡេស៊ី​ចំនួន​២​នាក់ ត្រូវបាន​ដោះ​លេង ខណៈ​ជនជាតិ​ចិន​ត្រូវបាន​បញ្ជូនទៅ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​ច្បាប់​។​
 
​លោក អ៊ូ បូរ៉ាត់ អគ្គនាយកដ្ឋាន​ប្រៃសណីយ៍ ត្រូវបាន​គេហទំព័រ​ខាងលើ​ស្រង់​ប្រសា​សស​ន៍​ថា ជនបរទេស​ទាំងនេះ មាន​ប៉ាស្ព័រ តែ​គ្មាន​ទិដ្ឋាការ និង​បាន​ស្នាក់នៅ​ខុសច្បាប់ ព្រមទាំង​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅក្នុង​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន នៅក្បែរ​ព្រំដែន​កម្ពុជា​.​ថៃ ដែល​ស្ថិត​ក្រុង​ប៉ោយប៉ែត​៕        


Tag:
 ចិន​
 ​ថៃ​
 ​ ម៉ាឡេស៊ី​
 ​ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com