អន្តរជាតិ
ឥណ្ឌា​៖ ទារក​ម្នាក់​កើតមក​ដោយ​មាន​ប្អូន​ភ្លោះ​ម្នាក់ទៀត​នៅក្នុង​ខ្លួន​
04, Aug 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
«​កូនភ្លោះ​បរាសិត​» ម្នាក់​ដែលមាន​ប្រវែង​៧​សង់ទីម៉ែត្រ ត្រូវបាន​វះកាត់​យកចេញ​ពី​ក្នុង​ខ្លួន​ទារក​ទើបតែ​ប្រសូត្រ​ម្នាក់​នៅក្នុង​ទីក្រុង Mumbra ប្រទេស​ឥណ្ឌា​។ យោងតាម​ការផ្សាយ​រប​ស់ The Independent នេះ​ជា​ករណី​ដ៏​កម្រ Foetus in foetu (​ទារក​ក្នុង​ទារក​) ។​



​ស្ត្រី​ដែលមាន​អាយុ​១៩​ឆ្នាំ​ម្នាក់ នៅ​ទីក្រុង Mumbra ប្រទេស​ឥណ្ឌា ទើបតែ​ប្រសូត្រ​បានកូន​ប្រុស​មួយ​។ ក្រោយ​ការពិនិត្យ ក្រុមគ្រូពេទ្យ បាន​មើលឃើញ​វត្តមាន​ទារក​ម្នាក់ទៀត​នៅក្នុង​ខ្លួន​ទារក​។ ទារក​ភ្លោះ​បរាសិត​នោះ មាន​ប្រវែង​៧​សង់ទីម៉ែត្រ មាន​ដៃ ជើង ខួរក្បាល ផងដែរ ប៉ុន្តែ​គ្រាន់​តែមាន​លក្ខណៈ​គ្រប់​ជា​រូបរាង​មនុស្ស ដោយ​គ្មាន​ប្រអប់​ខួរក្បាល​។ គេ​មាន​ភេទ​ប្រុស​ផងដែរ​។​



​ករណី Foetus in foetu នេះ អាច​កើតឡើង​តែ​១​ករណី​ប៉ុណ្ណោះ​ក្នុងចំណោម​ការចាប់​កំណើត​ចំនួន​៥​សែន​។ ករណី​ដែល​កើតឡើង​នៅ​ឥណ្ឌា​ចុង​ក្រោយនេះ ស្ថិត​ចំណោម​ករណី​សរុប​ប្រមាណ​២០០​នៅលើ​ពិភពលោក​។​

​ករណី​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ បានកើត​ឡើងលើ​ស្ត្រី​ម្នាក់​ឈ្មោះ Jenny Kavanagh អាយុ​៤៥ ដោយ​កាលពី​ឆ្នាំ​២០១៥ គ្រូពេទ្យ​បាន​រកឃើញ​វត្តមាន​ទារក​បរាសិត​មួយ​នៅក្នុង​ខ្លួន​របស់គាត់​។ ទារក​នោះ មាន​ប្រវែង​១០​សង់ទីម៉ែត្រ មានមុខ ភ្នែក ធ្មេញ និង​សក់វែង​ផងដែរ​៕




Tag:
 ឥណ្ឌា​
  កូនភ្លោះ​
© រក្សាសិទ្ធិដោយ thmeythmey.com