អន្តរជាតិ
នៅ​ដើម​សតវត្សរ៍​ទី​២២ សីតុណ្ហភាព​នៅ​អាស៊ី​ខាងត្បូង​នឹង​ឡើង​ខ្ពស់​រហូត​សម្លាប់​មនុស្ស​បាន​
04, Aug 2017 , 9:39 pm        
រូបភាព
ដោយ:
​សីតុណ្ហភាព​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​នឹង​កើនឡើង​ខ្ពស់​រហូតដល់​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​បា​ន​នៅ​ដើម​សតវត្សរ៍​ទី​២២ ប្រសិនជា​គ្មាន​ចំណាត់ការ​ទប់ស្កាត់​ទេនោះ​។ ម្យ៉ាងវិញទៀត ប្រជាជន​៣០​ភាគរយ នៅក្នុង​តំបន់​នឹង​ទទួលរង​គ្រោះ​ពី​សីតុណ្ហភាព​ដ៏​ក្ដៅ​នេះ បើ​គិត​ចាប់ពី​ពេលបច្ចុប្បន្ន​ទៅ​។​



​នៅ​ថ្ងៃទី​២​ខែសីហា អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា នៅ​ដើម​សតវត្សរ៍​ទី​២២ ភាព​ក្ដៅ​ហើយ​សើម​ដែលមាន​ក្នុង​សីតុណ្ហភាព​តំបន់​អាស៊ី​ខាងត្បូង នឹង​កើន​ឡើងដល់​កម្រិត​មួយ​ដែល​បង្ក​ឲ្យ​ប្រជាជន​បាត់បង់​ជីវិត​បាន ប្រសិនជា​គ្មាន​ចំណាត់ការ​ទប់ស្កាត់​ទាន់ពេល​ទេនោះ​។​

​ការស្រាវជ្រាវ​បាន​បកស្រាយ​ពី​ចំណាត់ការ​ពីរ​ដើម្បី​ទប់ស្កាត់​កំណើន​សីតុណ្ហភាព​ផងដែរ​។​ទី​១ គឺ​ការងារ​ប្រចាំថ្ងៃ ដែល​សំដៅលើ​ការទប់ស្កាត់​បម្រែបម្រួល​សីតុណ្ហភាព​តាម​ទិដ្ឋភាព​ជាក់ស្ដែង​។ ឯ​ទី​២ គឺ​ការកម្រិត​កំណើន​សីតុណ្ហភាព​ពិភពលោក​ទៅតាម​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស ដែល​ប្រទេស​ជា​១៩០ បាន​ប្ដេជ្ញាចិត្ត​រួម​ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់​ការកើនឡើង​កម្ដៅ​ពិភពលោក​។

​ការសិក្សា​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Science Advance បាន​សរសេរ​ដូច្នេះ​ថា​៖ «៣០​ភាគរយ​នៃ​ប្រជាជន​តំបន់​អាស៊ី​ខាងត្បូង​នឹងរង​គ្រោះ​ដោយសារ​កំណើន​សីតុណ្ហភាព​ខ្ពស់​នៅ​ដើម​សតវត្សរ៍​ទី​២២»​។ ទោះជា​យ៉ាង​ណ​ក្ដី តំបន់កសិកម្ម​មួយចំនួន​ក្នុង​អាស៊ី​ខាងត្បូង​អាច​ទ្រាំ​នឹង​សីតុណ្ហភាព​ដ៏​អាក្រក់​នេះ​បាន ព្រោះ​ប្រជាជន​ក្នុង​តំបន់​ទាំងនេះ​ស៊ាំ​នឹង​កម្ដៅ​ក្ដៅ​ទៅហើយ​។​

​ក្នុង​របាយការណ៍​បាន​សរសេរ​បន្ថែមទៀត​ថា រដូវ​កាល​ក្ដៅ​ខ្លាំង នឹង​កើតឡើង​ក្នុងអំឡុងពេល​ពីរ​ទៅ​បី​សតវត្សរ៍​នេះ ហើយ​វា​នឹង​វាយប្រហារ​ឥណ្ឌា បា​គី​ស្ថាន បង់​ក្លា​ដែ​ស ព្រមទាំង​តំបន់​ទន្លេ Indus និង​ទន្លេ Ganges ដែលជា​កន្លែង​ផ្គត់ផ្គង់​អាហារ​ក្នុង​តំបន់​ផងដែរ​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៥ ប្រជាជន​សរុប​ចំនួន ៣៥០០​នាក់​បាន​ស្លាប់​ដោយសារ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​នៅ​ឥណ្ឌា និង​បង់​ក្លា​ដែ​ស​។​

​ទោះជា​យ៉ាងនេះ​ក្ដី ចំណាត់ការ​ទី​១​និង​ទី​២​ខាងលើ គឺជា​ក្ដីសង្ឃឹម​ក្នុង​ការជួយ​កាត់បន្ថយ​កម្រិត​នៃ​ការរង​គ្រោះ​របស់​ប្រជាជន​ក្នុង​តំបន់​។ សាស្ដ្រាចារ្យ​ផ្នែក​វិស្វកម្ម​បរិស្ថាន​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts លោក Elfatih Eltahirhe បាន​និយាយថា ចំណាត់ការ​ទាំងពីរ​ដែ​ល​លើកឡើង​មានតម្លៃ​ខ្លាំងណាស់ ព្រោះ​មិន​ត្រឹមតែ​អាច​កាត់​បន្ថយកម្ដៅ​នោះទេ ថែមទាំង​ជួយ​ដល់​សុខភាព​សាធារណៈ​ផង​។ ដូច្នេះហើយ លោក​សង្ឃឹមថា​តំបន់​ទាំងមូល​នឹង​អាច​ជៀស​ផុតពី​ការរង​គ្រោះ​មិន​ខាន​។​

​យ៉ាងណាមិញ នៅ​ដើម​សតវត្សរ៍​ទី​២២ សីតុណ្ហភាព​នៅតែ​អាច​កើន​ដល់​៣១​អង្សា​សេ​ដែលជា​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​ជាធម្មតា​សីតុណ្ហភាព​អតិបរមា​ដែល​អាច​ឲ្យ​មនុស្ស​រស់រាន​បាន​គឺ​៣៥​អង្សា​សេ​ប៉ុណ្ណោះ​៕


Tag:
 ដើម​សតវត្សរ៍​ទី​២២
  សីតុណ្ហភាព​ក្ដៅ
  បាត់បង់​ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com