កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​អាចជា​ការប្រកួត​ចុងក្រោយ​របស់ ហែម​ថុ​ន វិ​ទិ​នី​
04, Aug 2017 , 10:19 pm        
រូបភាព
កីឡាការិនីហែលទឹកជម្រើសជាតិ ហែម ថុនវិទិនី ពេលជួបសម្តេច ហ៊ុន សែន មុនចេញទៅស៊ីហ្គេមនៅម៉ាឡេស៊ីនាវិមានសន្តិភាព។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន​ សែន
កីឡាការិនីហែលទឹកជម្រើសជាតិ ហែម ថុនវិទិនី ពេលជួបសម្តេច ហ៊ុន សែន មុនចេញទៅស៊ីហ្គេមនៅម៉ាឡេស៊ីនាវិមានសន្តិភាព។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន​ សែន
ដោយ:
​កីឡាការិនី​ហែល​ទឹក​ជម្រើសជាតិ ហែម​ថុ​ន វិ​ទិ​នី ទំនងជា​អាច​បញ្ចប់​អាជីព​ជា​កីឡាការិនី​ហែល​ទឹក​នៅ​ឆ្នាំ​២០១៨ ដូច្នេះ​សម្រាប់​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា លើក​នេះ អាចជា​ការចូលរួម​លើកចុងក្រោយ​របស់​កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូបនេះ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។



​បើ​យោងតាម​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គី​រី កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី អាច​នឹង​បញ្ចប់​អាជីព​ជា​កីឡាការិនី​ហែល​ទឹក​នៅ​ឆ្នាំ​ក្រោយនេះ ក្រោម​ហេតុផល​មាន​បញ្ហា​សុខភាព និង​ដល់ពេល​នាង​ត្រូវ​បញ្ចប់​អាជីព​ដែល​បាន​ប្រឡូក​អស់​ជាច្រើន​ឆ្នាំ​មកនេះ​។ តែ​យ៉ាងណា លោក មិនបាន​បញ្ជាក់​ពេលវេលា​ច្បាស់លាស់ និង​បញ្ជាក់​ពី​អាជីព​ថ្មី​របស់ វិ​ទិ​នី នោះទេ​។

​កីឡាការិនី​ហែល​ទឹក​ជម្រើសជាតិ ហែម​ថុ​ន វិ​ទិ​នី រួម​ជា​មិត្ត​រួម​ក្រុម​ចំនួន​៦​នាក់​ផ្សេងទៀត នឹងចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា ខាងមុខនេះ​។ បើ​ដូចនឹង​ការអះអាង​ខាងលើ ដូច្នេះ​សម្រាប់​ការចូលរួម​លើក​នេះ​របស់ វិ​ទិ​នី នឹង​ក្លាយជា​ការចូលរួម​លើកចុងក្រោយ​សម្រាប់​នាង​ក្នុងនាម​ជា​កីឡាការិនី​ហែល​ទឹក​។​


លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​ហុង​គ្រី​


​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ហែម គី​រី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រំពឹងថា ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ឆ្នាំនេះ វិ​ទិ​នី នឹង​អាច​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​នាង​បាន​តាំងចិត្ត​ថា ចង់​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តងទៀត ព្រោះ​វា​ជាការ​ចូលរួម​ស៊ី​ហ្គេម​លើកចុងក្រោយ​របស់​នាង​។ នាង​បាន​សម្រេចចិត្តថា នៅ​ឆ្នាំក្រោយ​នាង​នឹង​ចូល​និវត្ត​ពី​កីឡាហែលទឹក ដោយសារ​កត្តា​សុខភាព និង​ពេលវេលា​របស់​នាង​»​។​

​លោក​បាន​បន្តថា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​កំពុង​ស្វែងរក​កីឡាការិនី​ហែល​ទឹក​ដែលមាន​សមត្ថភាព​វ័យក្មេង ដើម្បី​មក​ជំនួស​តំណែង​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី ដែល​គ្រោង​ចូល​និវត្ត​នៅ​ឆ្នាំក្រោយ​។ កីឡាការិនី​វ័យក្មេង សុខ វរលក្ខណ៍ ដែលជា​បេក្ខភាព​មួយរូប​ក្នុងចំណោម​បេក្ខភាព​ទាំង​៧​រូប​ដែល​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម អាច​ក្លាយជា​កីឡាការិនី​បន្តវេន​ពី វិ​ទិ​នី ទៅ​ថ្ងៃ​អនាគត​៕    


Tag:
 ហែល​ទឹក​
  ហែម​ថុ​ន វិ​ទិ​នី​
  ហែម គី​រី​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com