ជាតិ
គ្រូបង្រៀន​កម្ពុជា​ម្នាក់ ទទួល​ពានរង្វាន់​ឆ្នើម​ឆ្នាំ​២០១៧ របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍ សិ​រិ​ន​ថន​
05, Aug 2017 , 10:45 am        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតថៃប្រចាំកម្ពុជា
រូបពីហ្វេសប៊ុកស្ថានទូតថៃប្រចាំកម្ពុជា
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ គ្រូបង្រៀន​កម្ពុជា​ម្នាក់ ត្រូវបាន​ជ្រើសរើស​ជាប់​ពានរង្វាន់​ឆ្នើម​ឆ្នាំ​២០១៧ របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍​ថៃ សិរិ​ន​ថន ដែលមាន​ចំនួន​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​។ ពានរង្វាន់​មូលនិធិ​នេះ នឹងត្រូវ​ប្រគល់ជូន​គ្រូបង្រៀន​ឆ្នើម នៅ​ថ្ងៃទី​១១ តុលា​ខាងមុខនេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

 
​លោក Krissanapong Kirtikara ប្រធាន​មូលនិធិ​ពានរង្វាន់​ព្រះអង្គម្ចាស់​ចក្រី សិរិ​ន​ថន នៃ​ប្រទេស​ថៃ បាន​បញ្ជាក់ថា ការជ្រើសរើស​គ្រូបង្រៀន​ឆ្នើម ដែល​សក្តិ​សម​ទទួលបាន​ពានរង្វាន់​នេះ ធ្វើឡើង​ចំពោះ​លោកគ្រូ ឬ​អ្នកគ្រូ​បង្រៀន ដែលមាន​ស្នាដៃ​ជំរុញ​ដល់​ការផ្លាស់ប្ដូរ​របស់​សិស្ស ក្នុងការ​យកចិត្តទុកដាក់​សម្រាប់​ការសិក្សា​ពួកគេ​។ 
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការទទួលបាន​ពានរង្វាន់​មូលនិធិ​ព្រះអង្គម្ចាស់​ចក្រី​សិរិ​ន​ថន កាល​ថ្ងៃទី​០៣ ខែសីហា នៅ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា លោក Krissanapong Kirtikara បាន​បន្ថែម​ដូច្នេះ​ថា​៖«​ការជ្រើសរើស​យក​គ្រូ​ល្អ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ការសម្រិតសម្រាំង តាមរយៈ​ក្រសួង​អប់រំ​ក្នុងប្រទេស​នីមួយៗ ដោយ​ពិនិត្យ​ទៅលើ​ស្នាដៃ ទេពកោសល្យ និង​គំនិត​ច្នៃ ប្រឌិត​ក្នុងការ​បង្រៀន ដើម្បីឱ្យ​សិស្ស​ទទួលបាន​នូវ​ចំណេះ​ជំនាញ និង​ការ​ផ្ដល់នូវ​ទំនុក​ចិ​ត្ដ​ពី​សំណាក់​មាតាបិតា សិស្ស​ផងដែរ​»​។​
 
​ក្រោយពី​ជ្រើសរើស​គ្រូ​ឆ្នើម​ក្នុងការ​បង្រៀន​នៅក្នុង​ប្រទេស​កម្ពុជា​រួចហើយ ក្រុម​មូលនិធិ​ពានរង្វាន់​ព្រះអង្គម្ចាស់​ចក្រី​សិ​រិ​ន​ថន នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​លើ​វិធីសាស្ដ្រ​ក្នុងការ​បង្រៀន ការគ្រប់គ្រង​នៅក្នុង​សាលា រៀន និង​តាមដាន​ការបង្រៀន​សិស្ស​ផងដែរ​។ នេះ​បើតាម​លោក Kirtikara​។​
 
​គ្រូបង្រៀន​ថ្នាក់​ទី​៦ នៃ​សាលាបឋមសិក្សា​គំរូ នៃ​ខេត្ដ​កំពង់ឆ្នាំង អ្នកគ្រូ ឌី សោ​ភ័​ណ្ឌ ដែលជា​អ្នកទទួលបាន​ពានរង្វាន់​ពី​មូលនិធិ​ព្រះអង្គម្ចាស់​ចក្រី​សិរិ​ន​ថន​ឆ្នាំ​២០១៧​នេះ បាន​និយាយថា ការបង្រៀន​សិស្ស​កន្លងមក គឺ​អ្នកគ្រូ បាន​យក​ទឹក​ចិ​ត្ដ និង​បេះដូង​ពិតប្រាកដ ដាក់​ក្នុង​ការបង្រៀន​ធ្វើយ៉ាងណា​ឲ្យ​សិស្ស​មាន ចំណេះដឹង និង​មាន​ឥរិយាបទ​ល្អ ។ អ្នកគ្រូ សោ​ភ័​ណ្ឌ បន្ថែមថា ខ្លួន​មិនដែល​គិតដល់​ការបង្រៀន​សិស្ស ដើម្បី​ទទួលយក​រង្វាន់ ឬ​ការកោតសរសើរ​លើ​ស្នាដៃ​អ្វី​នោះទេ ។​
 
«​ក្នុងនាម​ជា​គ្រូបង្រៀន​ត្រូវធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​សិស្ស​ឆាប់​ទទួលបាន​នូវ​ចំណេះដឹង ការច្នៃប្រឌិត​ខ្ពស់ និង​ការ ស្វែងរក​វិធីសាស្ដ្រ​ថ្មីៗ ដើម្បី​ឲ្យ​សិស្ស​កម្រិត​ខ្សោយ មធ្យម និង​កម្រិត​ខ្ពស់ អាច​ចាប់បាន​ការបង្រៀន​រប​ស់​យើង​ត្រូវខិតខំ​ការសិក្សា​ស្រាវជ្រាវ​ស្វែងរក​វិធីសាស្ដ្រ​ថ្មីៗ​ក្នុងការ​បង្រៀន ដើម្បីឱ្យ​សិស្ស​ងាយ​យល់ និង​ចាំបាន ដែល​អាចធ្វើឲ្យ​សិស្ស​ធ្លាក់​មធ្យមភាគ​ក្នុង​ថ្នាក់​មាន​កម្រិត​តិចតួច​បំផុត​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកគ្រូ ឌី សោ​ភ័​ណ្ឌ​។​
 
​ព្រះអង្គម្ចាស់​ចក្រី សិ​រិ​ន​ថន បាន​បង្កើត​មូលនិធិ​ផ្ដល់​រង្វាន់​សម្រាប់​គ្រូបង្រៀន​ឆ្នើម កាលពី​ឆ្នាំ​២០១៥ ដើម្បី​ផ្ដល់ជូន​ដល់​គ្រូបង្រៀន​ចំនួន​១១​ប្រទេស ក្នុង​តំបន់​អាស៊ាន ។ ជ័យលាភី​គ្រូបង្រៀន​ឆ្នើម​នេះ មាន​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ និង​ពានរង្វាន់​មាស​ ​។ កាលពី​ឆ្នាំ​២០១៥ អ្នកគ្រូ តូច បណ្ដូល ជា​គ្រូបង្រៀន​សាលាបឋមសិក្សា​វត្ដ​បូ ក្នុង​ខេត្ដ​សៀមរាប ត្រូវបាន​មូលនិធិ​ធ្វើការ​ជ្រើស​រើសយក​សម្រាប់​ប្រគល់​ពាន់រង្វាន់ ជា​គ្រូបង្រៀន​ល្អ​ផងដែរ ៕
 
ប្រភពពីAKP
 
 
 

Tag:
 គ្រូបង្រៀន​
 ​ ព្រះមហាក្សត្រ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com