ជាតិ
សិស្ស​និទ្ទេស A ក្នុង​ខេត្តកោះកុង នឹង​ទទួលបាន​ថវិកា ៤​លាន​រៀល ពី​អភិបាលខេត្ត​
05, Aug 2017 , 11:08 am        
រូបភាព
 
​ភ្នំពេញ​៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៧​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខនេះ​។ លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បានប្រកាស​ផ្ដល់​ថវិកា​ដល់​សិស្សានុសិស្ស​ដែល​ទទួលបាន​លទ្ធផល​និទ្ទេស A ប្រចាំខេត្ត​កោះកុង ក្នុង​ម្នាក់ ៤​លាន​រៀល ដើម្បី​លើកទឹកចិត្ត​សិស្សានុសិស្ស​ប្រចាំខេត្ត​នេះ​។​


​សិស្ស​ថ្នាក់​ទី​១២ នៅ​ខេត្តកោះកុង ដែល​ទទួលបាន​លទ្ធផល​និទ្ទេស A ក្នុងសម័យ​ប្រឡង ២១ សីហា​នេះ នឹង​ទទួលបាន​ថវិកា​លើកទឹកចិត្ត ចំនួន ៤​លាន​រៀល ក្នុង​ម្នាក់ ពី​អភិបាល​ខេត្តកោះកុង លោកស្រី មិថុនា ភូ​ថង​។ 
 
​ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកោះកុង នៅ​ថ្ងៃទី ៤ សីហា លោកស្រី មិថុនា ភូ​ថង បាន​លើកឡើងថា​៖  «​សូម​លើកទឹកចិត្ត ដល់​សិស្សានុសិស្ស ឲ្យ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​ប្រឡង ដោយ​យក​ចំណេះដឹង​សមត្ថភាព​ផ្ទាល់ខ្លួន ជា​មូលដ្ឋាន ដោយ​មិនត្រូវ​ពឹង​ផ្អែកលើ ការលួចចម្លង ពី​សំណៅ​ឯកសារ​ផ្សេងៗ​»​។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់សិ​ស្សានុសិស្ស លោកស្រី មិថុនា ភូ​ថង សន្យាថា នឹង ផ្ដល់​ថវិកា​លើកទឹកចិត្ត ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A ក្នុង​ម្នាក់ ចំនួន ៤​លាន​រៀល​។​
 
​អភិបាលខេត្ត​រូបនេះ ក៏​អំពាវនាវ​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់ ឲ្យ​ណែនាំ​កូនចៅ ឲ្យ​គោរព​បទបញ្ជាផ្ទៃក្នុង និង​គោលការណ៍​ណែនាំ​នានា​សម្រាប់​ការប្រឡង​។ លោកស្រី មិថុនា ភូ​ថង បន្ថែមថា មិនត្រូវ​ចាញ់បោក​ជនខិលខូច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រត់ការ​ក្នុង​ការប្រឡង​ជាដាច់ខាត​។ នេះ​បើតាម​សេចក្ដី​ជូន​ដដែល​។​
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២១-២២ ខែសីហា​។ ការប្រឡង​នេះ មាន​បេក្ខជន​ចំនួន ១០៣ ១១២ នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៧៨ មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥ បន្ទប់ នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត​៕

Tag:
 បាក់​ឌុប​
  កោះកុង​
  និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com