កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន ប្រាប់​កីឡាករ​ដែល​ប្រើ​ថ្នាំពេទ្យ រាយការណ៍​មក NOCC ដើម្បី​ចៀសវាង​ការរង​ពិន័យ Doping
05, Aug 2017 , 12:40 pm        
រូបភាព
ដោយ:
 
​នៅសល់តែ​ជាង​មួយ​សប្តាហ៍​ទៀត ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​លើ​២៤​ប្រភេទ​កីឡា​នឹង​ទៅ​ចូល​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ជំរុញ​ឲ្យ​គ្រូបង្វឹក​គ្រប់​ប្រភេទ​កីឡា ត្រូវ​រាយការណ៍​ជាបន្ទាន់​មក NOCC បើ​មាន​កីឡាករ​ប្រើ​ថ្នាំពេទ្យ​ជាប្រចាំ​សម្រាប់​ព្យាបាល​ជំងឺ ដើម្បី​ជៀង​វាង​ការពិន័យ​ពី​គណៈកម្មាការ Doping ម៉ាឡេស៊ី​។​

 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន ជំរុញ​ឲ្យ​សហព័ន្ធ​ទាំង​២៤​ប្រភេទ​កីឡា​ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ល​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ផ្តល់ដំណឹង​ជាបន្ទាន់​មកកាន់ NOCC បើ​មាន​ករណី​កីឡាករ​ប្រើប្រាស់​ថ្នាំពេទ្យ​ជាប្រចាំ​ដើម្បី​ព្យាបាល​ជំងឺ​។ ការជំរុញ​នេះ គឺ​ដើម្បី​រាយការណ៍​ទៅកាន់​គណៈកម្មការ​ត្រួត​ពិនិត្យ​សារធាតុ Doping របស់​ម៉ាឡេស៊ី ដើម្បី​ជៀសវាង​ការពិន័យ ដែល​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ប្រទេសជាតិ​។​
 
 
 
​នា​ពិធីជប់លៀង​អបអរ​មុន​ថ្ងៃ​ចេញដំណើរ​កាលពី​យប់​ថ្ងៃទី​៤ ខែសីហា នៅ​សណ្ឋាគា​សូ​ហ្វី​តែ​ល លោក វ៉ា​ត់ ចំរើន បាន​ជំរុញ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​មាន​កីឡាករ​កីឡាការិនី​ណា​ដែល​ប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ជាប្រចាំ សូម​រាយការណ៍​មក NOCC ជាបន្ទាន់ ព្រោះ​វា​ប៉ះពាល់​ដល់​រឿង Doping​។ គ្រូបង្វឹក ឬ​អត្ត​ព​លិ​ក​ត្រូវយក​ថ្នាំ​ទាំង​នោះមក​ឲ្យ NOCC ដើម្បី​ឲ្យ NOCC រាយការណ៍​ដល់​គណៈកម្មកា​រ Doping របស់​ម៉ាឡេស៊ី​។ បើ​ពុំ​នោះទេ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​នឹង​ពិន័យ​លើ Doping ដល់​យើង​ហើយ​»​។ 
 
​កន្លងមក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្តាំ​ឲ្យ​កីឡាករ​ទាំងអស់ ចៀសវាង​ការប្រើប្រាស់​សារធាតុ​ជំនួយ​កម្លាំង​ក្នុងការ​ប្រកួត និង​ទី​២ កីឡាករ​ត្រូវ​ប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត និង​លក្ខន្តិកៈ​នៃ​ប្រភេទ​កីឡា​នីមួយៗ ជៀសវាង​ការចង់​ឈ្នះ​ដោយ​រំលោភបំពាន​លើ​គូប្រជែង ដែល​នាំ​អន្តរាយ​ដល់​ខ្លួនឯង និង​កិត្តិយស កេ​រិ៍​ឈ្មោះ​ប្រទេសជាតិ​។ 
 
​បន្ថែម​ពីនេះ លោក វ៉ា​ត់ ចំរើន ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ស្មារតី​ជា​អ្នកកីឡា ជាពិសេស​ត្រូវ​ប្រើ​សមត្ថភាព បច្ចេកទេស និង​ចិត្តសាស្ត្រ​ផ្ទាល់ខ្លួន បើ​ឈ្នះ​ត្រូវ​ឈ្នះ​ដោយ​បច្ចេកទេស និង​ចាញ់​ត្រូវ​ចាញ់​ដោយ​បច្ចេកទេស​។ លើសពីនេះ លោក បាន​ផ្តាំផ្ញើ​ឲ្យ​អត្ត​ព​លិ​ក​ទាំងអស់​ត្រូវ​រក្សាសុខ​ភាព និង​កម្លាំងចិត្ត​ឲ្យ​បានល្អ​កុំ​តក់ស្លុត​ទោះបី​ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​មកពី​ប្រទេស​ណាក៏ដោយ​។​
 
​លោក​បាន​បន្តថា ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ និង​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​ម្ចាស់​ជ័យលាភី​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​បាន​កើនឡើង​ទ្វេ​រដង​។ ក្នុងនោះ​មេដាយមាស​២៤,០០០​ដុល្លារ​, ប្រាក់​១៣,៥០០​ដុល្លារ និង​សំរឹទ្ធ​៧​ពាន់​ដុល្លារ​សម្រាប់​វិញ្ញាសា​ឯកត្តជន​។ សម្រាប់​វិញ្ញាសា​ជា​ក្រុម ណាហ្គា​វើ​ល និង​ស្រា​បៀរ​អង្គរ​នឹង​បន្ថែម​២​ពាន់​ដុល្លារ​លើ​មេដាយ​នីមួយៗ​។ ក្នុងករណី​កីឡាបាល់ទាត់​បើ​ឈ្នះ​មួយ​ប្រកួត និង​នឹង​ទទួលបាន​២​ពាន់​ដុល្លារ​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​៕  
 
    
 

Tag:
 SEA Games 2017
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com